ផ្ទេរប្រាក់ក្នុងស្រុកភ្លាមៗតាមរយៈបាគង នៅក្នុងកម្មវិធី Sathapana Mobile

រាជធានីភ្នំពេញ, ថ្ងៃសុក្រ ទី០២ ខែមីនា ឆ្នាំ២០២១ – ធនាគារ ស្ថាបនា បានសហការជាមួយប្រព័ន្ធបាគងក្នុងការដាក់ឱ្យផ្ទេរប្រាក់ទៅកាន់គ្រឹស្ថានហិរញ្ញវត្ថុក្នុងស្រុកភ្លាមៗនៅក្នុងកម្មវិធី Sathapana Mobile។  

អតិថិជនឥឡូវនេះអាចផ្ញើរប្រាក់ទៅកាន់ធនាគារផ្សេងទៀតដោយមិនចាំបាច់អញ្ចើញមកបញ្ជរសាខា និងរង់ចាំដកប្រាក់ បានយ៉ាងងាយស្រួល និងឆាប់រហ័សតាមរយៈប្រព័ន្ធបាគង។ អតិថិជនអាចធ្វើការផ្ទេរប្រាក់បានរហូតដល់ ១០០,០០០ដុល្លារអាមេរិក ឬ ៤០០,០០០,០០០ខ្មែររៀល និងទទួលប្រាក់បានរហូតឥតដែនកំណត់ក្នុងមួយថ្ងៃបានទាំងប្រាក់រៀល និងប្រាក់ដុល្លារ ភ្លាមៗជាមួយធនាគារ ស្ថាបនា និង ធនាគារផ្សេងៗទៀតនៅក្នុងស្រុក។ 

គួរបញ្ជាក់ផងដែរថា ចាប់តាំងពី Sathapana Mobile បានដាក់ឱ្យដំណើរការ ធនាគារ ស្ថាបនា បានឈ្នះពានរង្វាន់ចំនួន៣ ដែលសបញ្ជាក់ពីភាពច្នៃប្រឌិត និងជឿនលឿនលើធនាគារឌីជីថលរបស់ខ្លួន រួមមានដូចជា “ពានរង្វាន់កម្មវិធីធនាគារលើទូរស័ព្ទដៃល្អបំផុតនៅកម្ពុជាប្រចាំឆ្នាំ២០១៩” “ពានរង្វាន់ធនាគារឌីជីថលឈានមុខនៅកម្ពុជាប្រចាំឆ្នាំ២០២០” និង “ពានរង្វាន់កម្មវិធីធនាគារលើទូរស័ព្ទដៃឈានមុខនៅកម្ពុជាប្រចាំឆ្នាំ២០២០”។

ជាមួយនឹងបេសកកម្ម និងចក្ខុវិស័យដើម្បីក្លាយជាធនាគារដ៏គួរឱ្យទុក្ខចិត្តបំផុតក្នុងកម្ពុជា  ធនាគារ ស្ថាបនា ប្តេជ្ញាផ្ដល់ជូនអតិថិជននូវបច្ចេកវិទ្យាធនាគារចុងក្រោយទំនើបបំផុត។ ធនាគារ ស្ថាបនា តែងតែចាត់ទុកឌីជីថលុបនីយកម្ម ដែលជាចំណុចស្នូលក្នុង ការប្រកួតប្រជែងដោយស្មោះត្រង់ក្នុងទីផ្សារធនាគារកម្ពុជា។

អំពីធនាគារ ស្ថាបនា

ធនាគារ ស្ថាបនា ជាធនាគារពាណិជ្ជឈានមុខគេមួយក្នុង ព្រះរាជាណាចក្រកម្ពុជាដែលមាន ទ្រព្យសកម្ម សរុបលើស២ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកច្រើនជាង ៤០០០នាក់។  ធនាគារមានបណ្តាញសាខាច្រើនជាង ១៧៣ទីតាំងនិងអេធីអឹមជាង ២៣០កន្លែងទូទាំងប្រទេស ដែលមានសមត្ថភាពពេញលេញដូចជាដាក់ប្រាក់ ដកប្រាក់ និងធ្វើការទូទាត់ប្រាក់។ ធនាគារ ផ្តល់ជូនអតិថិជននូវសេវាកម្មធនាគារពេញលេញ រួមមាន សេវាឥណទាន សេវាបញ្ញើ iBanking ប្រព័ន្ធធនាគារតាមទូរស័ព្ទដៃ ប័ណ្ណឥណពន្ធនិងឥណទាន សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស Western Union ហិរញ្ញវត្ថុពាណិជ្ជកម្ម និងសេវាផ្សេងៗទៀតជាច្រើន។ លើសពីនេះ ធនាគារមានការផ្តល់សេវាកម្មប្រមូលពន្ធគ្រប់ប្រភេទ ការបង់កម្រៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងការសហការ ជាមួយក្រុមហ៊ុនផ្ទេរ និងទូទាត់ប្រាក់តាមរយៈទូរស័ព្ទរួមមានដូចជា វីង ផាយផេ ទ្រូម៉ាន់នី លីហួរវេរលុយ អ៊ី-ម៉ាន់នី និង បាគង ដើម្បីផ្តល់នូវភាពងាយស្រួល និងឆាប់រហ័សដល់អតិថិជន។