បុគ្គលិក​ ធនាគារ​ ស្ថាបនា ​ភីអិលស៊ី ​ចូល​រួម​ធ្វើ​អំណោយ​ឈាម​លើក​ទី៦

នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ នាសាខាកំពង់ចាម របស់ ធនាគារ ស្ថាបនា ភីអិលស៊ី  មានកម្ម​វិធី​បរិច្ចាក​ឈាម​​ជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម​ ដែលមាន​ចំនួនអ្នក​បរិច្ចាក​ឈាម​ប្រមាណ ៧៥នាក់។

នេះជាឆ្នាំទី៦ហើយដែល ​ធនាគារ ស្ថាបនា ភីអិលស៊ី បានរៀបចំកម្មវិធីបរិច្ចាក​ឈាម​​របស់​​ខ្លួន​​​​ដើម្បី​ជួយជន​រង​គ្រោះ​ដែលកំពុងមានតំរូវការឈាម។

លោក វង្ស សុខាល ប្រធាននាយកប្រតិបតិ្តផែនការ ធនាគារ​ ស្ថាបនា ភីអិលស៊ី តំណាង​ដ៏ខ្ពង់​ខ្ពស់ របស់ លោកឧកញ៉ា បណ្ឌិត ប៊ុន មុនីប្រធាន​នាយកប្រតិបត្តិ​ ធនាគារ​ ស្ថាបនា ភីអិលស៊ី មានប្រសាសន៏ថា “ការផ្តល់ឈាម គឺជាការ​ចាំ​បាច់​បំផុត​សំរាប់​ជួយ​អាយុ​ជីវិត​មនុស្ស​ព្រោះ​ឈាម​មិនអាចធ្វើការ នាំចូលពីបរទេស ឬផលិតដោយឧបករណ៍​ណា​មួយ​​បាន​ឡើយ​។​ ការស្ម័គចិត្តផ្តល់ឈាមជាទង្វើមនុស្សធម៌ដ៏ល្អ និងមិនបានប៉ះពាល់​ដល់សុខភាព​អ្នក​បរិច្ចាក​ឡើយ។ បុគ្គលិក ធនាគារ ស្ថាបនា ភីអិលស៊ី នឹងនៅ​តែគាំទ្រសកម្មភាពមនុស្សធម៌​របស់មជ្ឈ​មណ្ឌល​ជាតិ​​ផ្តល់ឈាម ដើម្បីបង្កើនចំនួន​បរិមាណ​ការបរិច្ចាក​​ឈាម​អោយកាន់តែច្រើនឡើង និងធ្វើ​ជា​គំរូល្អមួយ​​សម្រាប់​ស្ថាប័នផ្សេងៗ​ ”។ ធនាគារ ស្ថាបនា ភីអិលស៊ី មិនមែន​ជាស្ថាប័ន​ដែល​គិតតែ​ពីប្រាក់ចំណេញ​ឡើយ ស្ថាបនា យើងតែងតែ​ឆ្លៀត​ពេល​ដ៏មមាញឹករបស់យើង បន្តធ្វើ​សកម្ម​ភាព​​មនុស្សធ៌មទាំងនេះបន្តទៀត ដើម្បី​សង្គ្រោះជីវិត និងបង្កើនជីវ​ភាពរស់​នៅរបស់​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​អោយកាន់តែប្រសើរឡើងតាមរយៈ​ការទទួល​បាន​សេវាកម្មហិរញ្ញវត្ថុ​ប្រកបដោយភាព​ប្រកួត​ប្រជែង ស្របតាម​បាវ​ចនា​របស់​ធនាគារ​ដែលលើកឡើងថា “ស្ថាបនា ជាប្រជា​ធនាគារ ធ្វើអោយ​ជីវិតប្រសើរ​ឡើង។ ឈាមភ្ជាប់​ទំនាក់​ទំនង​យើងទាំងអស់គ្នា។”

ចំណែក លោក គី រដ្ឋា នាយក នាយកដ្ឋានទីផ្សារ ធនាគារ ស្ថាបនា​ ភីអិលស៊ី និងជា​អ្នករៀប​ចំ​បង្កើត​​កម្មវិធី​បរិច្ចាក​ឈាមជូនដល់​មជ្ឈមណ្ឌល់ជាតិផ្តល់​ឈាម​ជារៀងរាល់ឆ្នាំ បានធ្វើការ​បញ្ជាក់ថា “ធនាគារ ស្ថាបនា ភីអិលស៊ី តែងគិតពីតំរូវការ និងសុខទុក្ខរបស់បងប្អូន ប្រជាពលរដ្ឋ​ និង​អតិថិជន​ទាំងអស់គ្នា ហើយការចូលរួម​ចំណែក​អភិវឌ្ឍន៍សុខមាលភាព​សង្គម ដូចជាការ​បរិច្ចាក​ឈាម​​ ការឧបត្ថម្ភៈជូន​មន្ទីពេទ្យ កាកបាទ​ក្រហម ក្មេងកំព្រា និងជន​រងគ្រោះ​ដោយ​គ្រោះ​ថ្នាក់ផ្សេងៗជាច្រើនទៀត គឺជាផ្នែក​មួយ​នៃទស្សនៈ​វិស័យ​របស់យើងដែល ធនាគារ ស្ថាបនា ភីអិលស៊ី បានធ្វើចាប់តាំងពីការ​កកើតឡើង​ក្នុងឆ្នាំ១៩៩៥ មកម្ល៉េះ។ ក្នុង​ឆ្នាំ២០១៥ ធនាគារ ស្ថាបនា ភីអិលស៊ី បានរៀបចំកម្មវិធីបរិច្ចាកឈាម​របស់ខ្លួន​ចំនួនពីរលើករួចម្តងមកហើយ ដែលមានអ្នកធ្វើ​អំណោយ​ឈាម​សរុប​ចំនួន​២០១នាក់។