បុគ្គលិក​ធនាគារ​ ស្ថាបនា​ គ្រប់​លំដាប់​ថ្នាក់​ចូល​រួម​​បរិច្ចាគ​ឈាម​ជូន​ដល់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់ឈាម

រាជ​ធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា​ ថ្ងៃ​ទី​២០​ ខែ​ធ្នូ​ ឆ្នាំ​២០១៨​ –​ ជា​មួយ​នឹង​ពាក្យ​ស្លោក​ “បរិច្ចាគ​ឈាម​ ជួយ​សង្គ្រោះ​ជីវិត”​ ធនាគារ​ ស្ថាបនា​ រួម​សហការ​ជា​មួយ​មជ្ឈ​មណ្ឌល​ជាតិ​ផ្តល់​ឈាម​ក្នុង​ការ​រៀប​ចំ​កម្មវិធី​បរិច្ចាគ​ឈាម​ដែល​មាន​ការ​ចូល​រួម​ពី​សំណាក់​បុគ្គលិក​របស់​ខ្លួន​មក​ពី​គ្រប់​សាខា​ទាំង​អស់។

កម្មវិធី​បរិច្ចាគ​ឈាម​នេះ​ត្រូវបានប្រារព្ធឡើង​នៅ​ ៤​ ទីតាំង​ផ្សេង​ៗគ្នា​ គឺ​នៅ​ការិយាល័យ​កណ្តាល​ សាខា​ខេត្ត​សៀមរាប​ សាខា​ខេត្ត​កំពង់ចាម​ និង​សាខា​ខេត្ត​បាត់​ដំបង​របស់​ធនាគារ​ ស្ថាបនា។ គោល​បំណង​នៃ​កម្មវិធី​បរិច្ចាគ​ឈាម​នេះ​គឺ​ ដើម្បី​ចូល​រួម​ចំណែក​ទ្រទ្រង់​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​តាម​រយៈ​សកម្មភាព​ស្ម័គ្រ​ចិត្ត​របស់​បុគ្គលិក​ក្នុង​ការបរិច្ចាគ​ឈាមជូន​ដល់​មជ្ឈ​មណ្ឌល​ជាតិ​ផ្តល់​ឈាម។

បើ​យោង​តាម​របាយការណ៏៍​ទទួល​បាន​ពី​មជ្ឈមណ្ឌល​ជាតិ​ផ្តល់ឈាម​បាន​បង្ហាញ​ឱ្យ​ដឹង​ថា​ មជ្ឈ​មណ្ឌល​ត្រូវ​ការ​ឈាម​ជា​មធ្យម​២០០​សាក់​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ឈាម​ជួយ​សង្គ្រោះ​អាយុ​ជីវិត​មនុស្សឱ្យ​បាន​ទាន់​ពេល​វេលា។

គួរ​បញ្ជាក់​ផង​​ដែរ​ថា ធនាគារ​ ស្ថាបនា​ តែង​តែ​រៀប​ចំ​កម្មវិធី​បរិច្ចាគ​ឈាម​ជា​រៀង​រាល់ឆ្នាំ។ ដោយ​ឡែក​ ឆ្នាំ​នេះ​គឺ​ជា​ការ​ចូល​រួម​បរិច្ចាគ​ឈាម​លើក​ទី​ ១១​ របស់​ខ្លួន​ដែល​មាន​អ្នក​ស្ម័គ្រ​ចិត្ត​ចូល​រួម​បរិច្ចាគ​ឈាម​ចំនួន​ ១៩៦​ នាក់​ដើម្បី​ជួយ​សង្គ្រោះ​អាយុ​ជីវិត​មនុស្ស​ដែល​ត្រូវ​ការ​ឈាម​ជា​ចាំបាច់​ និង​ដើម្បី​ជួយ​បង្កើន​បរិមាណ​ឈាម​ក្នុង​ស្តុក​របស់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​សម្រាប់​ទុក ប្រើ​ប្រាស់​ក្នុង​ជួយ​សង្គ្រោះ​អាយុ​ជីវិត​មនុស្ស​ឱ្យ​បាន​ទាន់​ពេល​វេលា។

កម្មវិធី​បរិច្ចាគ​ឈាម​នេះ​ គឺ​ជា​ផ្នែក​មួយ​នៃ​សកម្មភាព​ទំនួល​ខុស​ត្រូវ​ចំពោះ​សង្គម​ (CSR)​ របស់​ធនាគារ​ ស្ថាបនា​ ហើយ​ធនាគារ​នឹង​បន្ត​គាំទ្រ​ដល់​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​ ក៏​ដូច​ជា​ការ​រួម​សហការ​ជា​មួយ​មជ្ឈ​មណ្ឌល​ជាតិ​ផ្តល់​ឈាម​ដើម្បី​រៀប​ចំ​កម្មវិធី​បរិច្ចាគ​ឈាម​ដ៏​មាន​អត្ថន័យ​ និង​អត្ថប្រយោជន៍​នេះ​នា​ឆ្នាំ​ក្រោយ​ៗទៀត៕