រាជធានីភ្នំពេញ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ – ធនាគារ ស្ថាបនា រួមសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមក្នុងការរៀបចំកម្មវិធីបរិច្ចាគឈាមដែលប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ នៅបីទីតាំងផ្សេងៗគ្នា គឺនៅសាខាខេត្តសៀមរាប សាខាខេត្តកំពង់ចាមរបស់ធនាគារ ស្ថាបនា និង នៅភ្នំពេញក្នុងផ្សារទំនើបអ៊ីអនម៉លសែនសុខ។
ជាមួយនឹងពាក្យស្លោក “បរិច្ចាគឈាម ជួយសង្គ្រោះជីវិត” គឺដើម្បីចូលរួមចំណែកទ្រទ្រង់វិស័យសុខាភិបាលនៅកម្ពុជាតាមរយៈសកម្មភាពស្ម័គ្រចិត្ត របស់បុគ្គលិកធនាគារ ស្ថាបនា និងសាធារណៈ។
ឆ្នាំនេះគឺជាការចូលរួមបរិច្ចាគឈាមលើកទី ១២ របស់ខ្លួនដើម្បីជួយសង្គ្រោះ អាយុជីវិតមនុស្សដែលត្រូវការឈាមជាចាំបាច់ និងដើម្បីជួយបង្កើនបរិមាណឈាមក្នុងស្តុក របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាមសម្រាប់ទុកប្រើប្រាស់ក្នុងជួយសង្គ្រោះអាយុជីវិតមនុស្ស ឱ្យបានទាន់ពេលវេលា។
លោក លឹម អូន ប្រធាននាយកប្រតិបត្តិ ធនាគារ ស្ថាបនា បានសម្តែងចំណាប់អារម្មណ៍ថាកម្មវិធីបរិច្ចាគឈាមនេះ គឺជាផ្នែកមួយនៃសកម្មភាពទំនួលខុសត្រូវចំពោះសង្គម (CSR) របស់ធនាគារ ស្ថាបនា ហើយធនាគារនឹងបន្តគាំទ្រដល់វិស័យសុខាភិបាលនៅកម្ពុជា ក៏ដូចជាការរួមសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមដើម្បីរៀបចំកម្មវិធីបរិច្ចាគឈាមដ៏មានអត្ថន័យ និងអត្ថប្រយោជន៍នេះនាឆ្នាំក្រោយៗទៀត។
ក្នុងកម្មវិធីនេះអ្នកបរិច្ចាគឈាមទាំងអស់ គឺត្រូវបានពិនិត្យសុខភាពមុននឹងបរិច្ចាគឈាមដើម្បីឲ្យប្រាកដថាឈាមទាំងនេះគឺបានមកពីអ្នកមានសុខភាពល្អ។
បើយោងតាមរបាយការណ៏៍ទទួលបានពីមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានបង្ហាញឱ្យដឹងថាមជ្ឈមណ្ឌលត្រូវការឈាមជាមធ្យម២០០ប្លោកក្នុងមួយថ្ងៃដើម្បីឆ្លើយតបទៅនឹងតម្រូវការឈាមជួយសង្គ្រោះអាយុជីវិតមនុស្សឱ្យបានទាន់ពេលវេលា។ ឈាមមួយប្លោកអាចជួយជីវិតមនុស្សបានបីនាក់។
ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា។ គិតត្រឹមបំណាច់ឆ្នាំ ២០១៩ នេះ ធនាគារ មានទ្រព្យសកម្មសរុបចំនួន ១.៦០០ លានដុល្លារអាមេរិក។ ធនាគារ ស្ថាបនា មានបណ្តាញសាខាជាង ១៧០សាខា បុគ្គលិកបម្រើការងារជាង ៤.០០០នាក់ និងម៉ាស៊ីនអេធីអឹមចំនួនជាង ២០០អេធីអឹម នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ធនាគារបានសហការជាមួយក្រុមហ៊ុនជាដៃគូដើម្បីផ្តល់សេវាទូទាត់ប្រាក់ ចល័តតាមទូរស័ព្ទដៃ Wing Pipay True Money និងLy Hour Veluyដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនរបស់យើង។