បុគ្គលិកគ្រប់លំដាប់​ថ្នាក់របស់ធនាគារ ស្ថាបនា បរិច្ចាគឈាមជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម

រាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ – ជាមួយនឹងពាក្យស្លោក “បរិច្ចាគ ឈាម គឺចែករំលែកក្តីស្រលាញ់” ធនាគារ ស្ថាបនា រួមសហការជាមួយមជ្ឈមណ្ឌលជាតិ ផ្តល់ឈាមក្នុង ការរៀបចំកម្មវិធីបរិច្ចាគឈាមដែលមានការចូលរួមពីសំណាក់បុគ្គលិករបស់ ខ្លួនមកពីគ្រប់សាខា ទាំងអស់។ ​កម្មវិធីបរិច្ចាគឈាមនេះត្រូវបានប្រារព្ធឡើងនៅបួនទីតាំង ផ្សេងៗគ្នា គឺនៅការិយាល័យ កណ្តាល សាខាខេត្តសៀមរាប សាខាខេត្តកំពង់ចាម និង សាខាខេត្តបាត់ដំបង​នៃធនាគារ ស្ថាបនា។ គោលបំណងនៃកម្មវិធីបរិច្ចាគឈាមនេះ គឺ ដើម្បីចូលរួមចំណែកទ្រទ្រង់ វិស័យ សុខាភិបាល នៅកម្ពុជាតាមរយៈសកម្មភាពស្ម័គ្រចិត្ត របស់បុគ្គលិកក្នុងការបរិច្ចាគឈាមជូនដល់ មជ្ឈមណ្ឌលជាតិផ្តល់ឈាម។

ឆ្នាំនេះ បុគ្គលិកសរុបចំនួនប្រមាណជាង ៣០០នាក់ មកពីសាខាទាំង ១៦៨ របស់ធនាគារ ស្ថាបនា នៅទូទាំងប្រទេសបានស្ម័គ្រចិត្តចុះឈ្មោះចូលរួមបរិច្ចាគឈាម។ បើយោងតាម ការសិក្សាស្រាវ ជ្រាវ ឈាមមូយផ្លោកដែលមនុស្សម្នាក់បានបរិច្ចាគអាចជួយសង្រ្គោះអាយុ ជីវិតមនុស្សបានចំនួនបី នាក់។

គួរបញ្ជាក់ផងដែរថាធនាគារ ស្ថាបនា តែងតែរៀបចំកម្មវិធីបរិច្ចាគឈាមជារៀងរាល់ឆ្នាំ។​ ដោយឡែក ឆ្នាំនេះគឺជាការចូលរួមបរិច្ចាគឈាមលើកទី ១០ របស់ខ្លួន ដើម្បីជួយសង្គ្រោះ អាយុ ជីវិតមនុស្សដែលត្រូវការឈាមជាចាំបាច់ និងដើម្បីជួយបង្កើនបរិមាណឈាមក្នុងស្តុក របស់ មជ្ឈមណ្ឌលជាតិផ្តល់ឈាមសម្រាប់ទុកប្រើប្រាស់ក្នុងជួយសង្គ្រោះអាយុជីវិតមនុស្ស ឱ្យបានទាន់ ពេលវេលា។

កម្មវិធីបរិច្ចាគឈាមនេះ គឺជាផ្នែកមួយនៃសកម្មភាពការទទួលខុសត្រូវលើសង្គម (CSR) របស់ ធនាគារ​ ស្ថាបនា ហើយធនាគារនឹងបន្តគាំទ្រដល់វិស័យសុខាភិបាល នៅកម្ពុជា ក៏ដូចជាការរួម សហការ ជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីរៀបចំកម្មវិធី បរិច្ចាគឈាមដ៏មានអត្ថន័យ និង អត្ថប្រយោជន៍នេះ នាឆ្នាំក្រោយៗ ទៀត។