ធនាគារ​ស្ថាបនា​ ភីអិលស៊ី​ ទទួល​បាន​អាជ្ញា​​ប័ណ្ណ​ពេញ​លេញ​ជា​​ធនាគារពាណិជ្ជ​​

បន្ទាប់​ពីការ​រួមបញ្ចូលគ្នា​ជាផ្លូវ​ការចាប់​តាំង​ពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ ដើម្បី​​ធ្វើ​ការ​កំលាយ​ខ្លួន​​ទៅ​ជា “ធនាគារ​ ស្ថាបនា ភីអិលស៊ី នាថ្ងៃទី​២៨ ខែមីនា ឆ្នាំ២០១៦ធនាគារ​ ស្ថាបនា ភីអិលស៊ី បាន​​ទទួល​​​អាជ្ញា​​ប័ណ្ណ​​ជាផ្លូវការ​ដែល​ផ្តល់​ដោយ ធនាគារជាតិ នៃកម្ពុជា។ ការិយា​ល័យ​​កណ្តាល​ដែល​បាន​​​ចុះបញ្ជី​​​​​មាន​​ទីតាំង​​ស្ថិត​​​នៅ​អគារលេខ​៨៣ មហាវិថី​ព្រះន​រោត្តម សង្កាត់ផ្សារ​ថ្មី​៣, ខណ្ឌដូន​ពេញ​, រាជធានី​ភ្នំពេញ។

គិតមក​ត្រឹម​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ ធនាគារ ស្ថាបនា ភីអិលស៊ី មាន​​ដើម​​ទុន​​​ចុះ​បញ្ជីរ​ហូត​ដល់ ១២០លាន​ដុល្លារ​អាមេរិក និង​​មាន​​ទ្រព្យ​សកម្ម​សរុប​​ចំ​នួន ៧៣១លានដុល្លារ​អាមេរិក ប្រាក់​កម្ចី​​សរុប​​ចំនួន ៥៤៧​លាន​ដុល្លារ​អាមេរិក ប្រាក់​​បញ្ញើ​សរុប​ចំ​នួន ៣៨០លាន​​ដុល្លារ​​​​អាមេរិក។​ លើស​ពី​នេះ​ ធនាគារ ស្ថាបនា ភីអិលស៊ី​មាន​បណ្តាញ​ម៉ាស៊ីន ​អេធីអឹម​ ចំនួន ៧៣​ និង​​មាន​បុគ្គលិក​​បម្រើ​ការ​ងារ​​ចំនួន​ ៣,៤៥៨នាក់។​ ធនាគារ ស្ថាបនា ភីអិលស៊ី មាន​បុគ្គលិក​​​ជំ​នាញ​​លើ​គ្រប់ផ្នែក​ទាំងអស់​​ដែល​​រួមមាន ផ្នែក​​មីក្រូហិរញ្ញវត្ថុ​ និងផ្នែក​​ធនាគារ​​ពាណិជ្ជ។

លោកឧកញ៉ា​បណ្ឌិត​ ប៊ុន មុនី ដែលជា​ប្រធាននាយក​ប្រតិបត្តិ​នៃ ធនាគារ ស្ថាបនា ភីអិលស៊ី ជឿជាក់​ថា​ ​​ ធនធាន​មនុស្ស និង​ហិរញ្ញវត្ថុ នឹងអាចកសាង​​នូវធនាគារ​​មួយដ៏​រឹង​មាំ និង​មាន​ប្រៀប​​ខ្លាំង​ នៅក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ នឹង​ឆ្ពោះ​ទៅ​​កាន់ទិស​ដៅដ៏​​ជោគជ័យ​។ យុទ្ធសាស្ត្រ​ចំបង​របស់​ធនាគារ គឺ​ពង្រឹង​​ដំណោះ​​ស្រាយ​ផ្នែកហិរញ្ញវត្ថុ សំរាប់​តំរូវ​កា​រ​​អាជីវកម្ម​ខ្នាតតូច និងមធ្យម ជាពិសេស​ការ​​ពង្រឹង​​លើការ​បំរើសេវា​កម្ម​ជូន​អតិថិជន​ប្រកប​ដោយ​ភាព​រួសរាយ​រាក់ទាក់ និង​ពោពេញ​ដោយ​បទ​ពិសោធន៍​​នៅ​គ្រប់​​បណ្តាញ​​ប្រតិបត្តិ​ការ​ធនាគារ​​​នៅគ្រប់ ១៦០សាខា​ទូទាំង​ប្រទេស​ ។ តាមរយៈ​​ការ​​ចែក​​រំលែក​​សមត្ថ​ភាព​​ស្នូល ជំនាញ និង​​ធនធាន​របស់​​ខ្លួន​ គណៈ​​គ្រប់​គ្រង​ ធនាគារ​ ស្ថាបនា​ ភីអិល​ស៊ី ជឿជាក់​​យ៉ាង​​មុត​មាំ​ថា ធនាគារ​​ថ្មីនឹង​​បន្ត​​ការ​​ផ្តល់​​​សេវា​កម្ម​ធនាគារ​ដែល​មាន​លក្ខណៈ ស្តង់ដារ​អន្តរ​ជាតិ​មួយ ដែល​ជាកូន​សោ​​ចាក់ទំលាយ​ភាពក្រីក្រ​​នៅ​ទូទាំង​​​ប្រទេស​​កម្ពុជា  ព្រម​ទាំង​​ធ្វើ​ការ​​ភ្ជាប់​ខ្លួន​​ទៅ​នឹង​​ទី​ផ្សារ​​​ពិភព​លោក។​​

លោកបណ្ឌិត ហាន់ ចាងវូ ដែលជា​​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល សាជីវកម្ម ម៉ារ៉ូហាន់​ជប៉ុន និង ធនាគារ ស្ថាបនា ភីអិលស៊ី បានមាន​ប្រ​សាស​ន៍​ថា៖ “ធនាគារ​ ស្ថាបនា​ ភីអិល​ស៊ី ត្រូវ​បាន​បង្កើត​​ទ្បើង​ក្នុង​គោល​​បំ​ណង​​ទ្រទ្រង់​​ដល់​​ការ​រីក​លូត​លាស់​ និង​​ការ​​អភិវឌ្ឍន៍​នៃ​​ប្រទេស​​កម្ពុជា​។ ​យើងទាំង​អស់គ្នា​​បាន​​សង្កេត​​ឃើញ​​ថា​ ធនាគារ និង​ ស្ថាប័ន​មីក្រូ​ហិរញ្ញ​វត្ថុ​​ក្នុង​​ប្រទេស​កម្ពុជា ​បានដើរ​តួ​​យ៉ាង​​សំខាន់​​ក្នុង​​ការ​បន្ត​​ដំណើរ​​​ការ​អភិវឌ្ឍ​ន៍​នៃ​ប្រទេស​​មួយនេះ។​ការវិនិយោគ​របស់​​យើង​​នៅ​ក្នុង​ ធនាគារ ស្ថាប​នា ភីអិល​ស៊ី នឹង​ពង្រឹង​​ទស្សនៈ​វិស័យ និង​​សមត្ថភាព​ដ៏រឹងមាំ ព្រមទាំង​កំណែ​ទម្រង់​កាន់តែ​ប្រសើរ​​​ដើម្បី​​ឈាន​ដល់ ការ​អនុវត្ត​ជា​ធនាគារ​ស្តង់ដារ​​​​ល្អ​​មួយ​លើវិស័យ​​ធនាគារ​ពាណិជ្ជ និង វិស័យ​មីក្រូហិ​រញ្ញវត្ថុ ជាមួយ​ស្មារ​តី​​​ឧស្សាហ៍​ព្យាយាម និងស្រេក​ឃ្លានក្នុង​ការ​ជំនះឆ្ពោះ​ទៅកាន់​ជីវភាព និង​អនាគត​កាន់​តែ​ប្រសើរ​ឡើង​។​ តាម​រយៈ​ការ​រួម​សមត្ថភាព​​ស្នូល​​ទាំង​​នេះ ធនាគារ ស្ថាបនា ភីអិល​ស៊ី អាច​ពង្រឹង​​ជំហរ​របស់​​ខ្លួន និង​ចូលរួម​ចំណែក​​ក្នុងការកាត់​បន្ថយភាព​ក្រីក្រ​ដែល​ជាផ្នែក​មួយ​​ជួយអភិវឌ្ឍន៍​សេដ្ឋកិច្ច​​ប្រទេស​កម្ពុជា​រយៈ​ពេល​​យូអង្វេង។ នៅក្រោម​ការណែ​​នាំនិង​ការគាំទ្រ​​យ៉ាងមុត​​មាំពី ធនាគារ​ជាតិ​ នៃកម្ពុជា លោក​​ជឿជាក់​យ៉ាង​​មុតមាំ​​ថា​ ធនាគារ​​ថ្មី​នេះ​ ​ជាប្រជា​ធនាគា​រ​ដែល​អាច​ប្រែក្លាយ​​ជីវិត​​ប្រជាជន​​​កម្ពុជា​​អោយ​កាន់​​តែ​​ប្រសើរ​​​ឡើង។​”

ថ្លែងក្នុង​កម្មវិធី ឯកឧត្តម​ Kumamaru Yuji បាន​បញ្ជាក់ថា សេដ្ឋកិច្ច​ប្រទេស​កម្ពុជា នាពេល​បច្ចុប្បន្ន​កំពុង​អភិវឌ្ឍ​ទៅ​ប្រកប​ដោយ​ភាពរលូន និងរីក​ចំរើន ឯកឧត្តម​គិតថា កត្តា​សំខាន់​​មួយ​ដែល​​គាំទ្រការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នេះគឺ មាន​ការ​ចូលរួម​ពីវិស័យ​ហិរញ្ញវត្ថុ​​ដែលមាន​ធនាគារ​​ពាណិជ្ជ​​​​បាន​ដើរតួនាទី​យ៉ាង​សំខាន់ ព្រមទាំង​មាន​ការ​គ្រប់​គ្រង​ពី ​ធនាគារ​ជាតិ នៃកម្ពុជា​ ​ប្រកប​ដោយ​​ភាព​​ជាអ្នក​ដឹកនាំ​ល្អ គឺពិត​ជាអាច​រក្សាស្ថេរ​ភាព​​ផ្នែក​ហិរញ្ញវត្ថុ​នៅកម្ពុជា​បន្ត​​ទៅ​​ទៀត​បាន។ ឯកឧត្តម Kumamaru Yuji បាន​បញ្ជាក់​បន្ថែមថា ធនាគារ ស្ថាបនា ភីអិលស៊ី ក្លាយជាធនា​គារ​លំដាប់​​ទី២ នៅ​ប្រទេស​កម្ពុជា​​ដែល​មាន​​​ចំនួន​​​​សាខា​១៦០​កន្លែង ហើយ​​តាម​រយៈការ​ប្រើប្រាស់​​​បទពិសោធន៍​​និង​ជំនាញ​​​ដែល​មាន​ស្រាប់​ក្នុង វិស័យ​ហិរញ្ញវត្ថុកន្លង​មក ​ឯកឧត្តម​​រំពឹង​ទុកថា​​ក្នុងនាម​ជា​ធនាគារ​​​ដែលចាក់​​ឬស​​ចាក់​គល់​​​នៅ​​ក្នុង​តំបន់ សហគមន៍ ធនាគារ​នេះ​នឹងចូល​រួម​ចំណែក​​​យ៉ាងធំធេង​​​ដល់ការ​​អភិវឌ្ឍន៍​​សេដ្ឋកិច្ច​​ប្រទេស​​កម្ពុជា និងរួមចំណែក​ក្នុងការលើក​ស្ទួយកំរិត​ជីវភាព​រស់​នៅ​របស់ប្រជាពល​រដ្ឋ​កម្ពុជា​​ផងដែរ។

ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ នៃកម្ពុជា បានថ្លែងក្នុងពិធី​សម្ភោធ​ជាផ្លូវ​ការ​​ថាភាព ជោគជ័យ​នៃការ​រួម​បញ្ចូល​គ្នា​រវាង ម៉ារ៉ូហាន់ ធនាគារ​ ជប៉ុន និងស្ថាបនា លីមីតធីត ដើម្បីកំលាយ​ខ្លួន ទៅជាធនាគារ​ពាណិជ្ជ​ពេញ​​លេញ បានបញ្ជាក់​​អោយឃើញ​កាន់តែ​ច្បាស់អំពីការ​ចូលរួមចំណែក​កាន់ តែខ្លាំងឡើង និង​ភាពរឹងមាំ​នៃការ​អភិវឌ្ឍ​ន៍​ប្រព័ន្ធ​​ធនាគារ​​នៅក្នុងប្រទេស​កម្ពុជា។ បន្ថែម​លើនេះ ឯកឧត្តម​​ទេសាភិបាល​បាន​លើក​​ទឹកចិត្ត​​ដល់ស្ថាប័ន​ហិរញ្ញវត្ថុ​ទាំងអស់​នៅបន្តដើរ​​តួនាទី​​ជាប្រតិបត្តិករ​​ល្អ តាមរយៈ​កិច្ច​សហការ​​​ជាមួយ​ ធនាគារ​ជាតិ ​នៃកម្ពុជា និងភាគី​ពាក់​​ព័ន្ធនានា និងចូលរួម​ចំណែក​រក្សា​ភាពរឹងមាំ​​នៃប្រព័ន្ធ​​ធនាគារ​​ទាំងមូល ក្នុងនោះ​​រួមមាន​​ការ​គ្រប់គ្រង​ហានិភ័យ​​បានល្អ និងបង្កើន​​ទំនុកចិត្ត​ពី​សាធារណៈ​ជន ក៏ដូច​ជាវិនិ​យោ​គិន​​នានា ដើម្បី​​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​​សេដ្ឋកិច្ច និងការ​កាត់​​បន្ថយ​​ភាពក្រីក្រ​​ក្នុងប្រទេសកម្ពុជា​បន្តទៀត ។ ឯកឧត្តម ក៏សូមជូនពរ​ដល់​ថ្នាក់​ដឹកនាំ និងមន្ត្រី​បុគ្គលិក ទាំងអស់​របស់ធនាគារ ស្ថាបនា ភីអិលស៊ី ទទួល​បាន​ជោគជ័យ​ក្នុងប្រតិបតិ្តការ​អាជីវកម្ម​របស់ ខ្លួន​ប្រកបដោយ​ប្រសិទ្ធភាព និងមាន​និរន្ត​រ​​ភាព​​​ជា​រៀង​រហូត ។