ធនាគា​រ​ ស្ថាបនា​ ភីអិលស៊ី​ ត្រូវ​បាន​ទទួល​ស្គាល់​ថា​បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ការពារ​អតិថិជន

នៅថ្ងៃទី១១ ខែកក្កដា​ ឆ្នាំ២០១៦​ នៅសណ្ឋាគារភ្នំពេញ បានប្រារព្ធកម្មវិធី The Smart Campaign ដែលជា​កម្មវិធីនៃ​​ការផ្តួច​ផ្តើមជាសកលមួយ​​ក្នុងការដាក់​បញ្ចូល​​​ការអនុវត្តន៍​យុន្ធការ​យ៉ាងរឹង​មាំមួយដើម្បី​គាំពារអតិថិជន​ក្នុង​វិស័យមីក្រូហិរញ្ញវត្ថុ។ គោលបំណង​នៃកម្មវិធីនេះគឺដើម្បី​ទទួល​​ស្គាល់​ធនាគារ ស្ថាបនា ភីអិលស៊ី ជាស្ថាប័ន​ដែលមានស្តង់ដារគាំពារ​អតិថិជនយ៉ាងរឹងមាំ​នៅកម្ពុជា​​។

កញ្ញា អ៊ីសាប៊ែល បារ៉េស (Isabelle Barrès) នាយក The Smart Campaign បានបញ្ជាក់ថា “យើងសូមសម្តែងនូវ​ការអបអរសារទ​អស់ពីចិត្តចំពោះ​ធនាគារ ស្ថាបនា ភីអិលស៊ី។ ការប្តេជ្ញា​ចិត្ត​របស់​ធនាគារ ស្ថាបនា ភីអិលស៊ី ក្នុងការបំពេញការងារ និងការរៀបចំក្នុងដំណើរ​ការ​វាយ​តំលៃ​យ៉ាង​ល្អិតល្អន់ បានបង្ហាញពី​ការតាំងចិត្ត​យ៉ាងមុតមាំ​​ក្នុងការការពារ​អតិថិជនរបស់ខ្លួន​។ ថ្នាក់ដឹកនាំ និងបុគ្គលិក ធនាគារស្ថាបនា ភីអិលស៊ី ក៏បានបង្ហាញ​អោយឃើញថា​​របាំង​នៃការ​​គាំពារ​អតិថិជន​​នេះអាចសម្រេច​ទៅបាន។ គំរូ​របស់​ធនាគារ ស្ថាបនា ភីអិលស៊ី នឹងអាច​នាំទៅ​រក​​​ចលនា​​​មួយ​ដែល​ឧស្សាហ៍កម្មផ្សេងៗ​នឹង​ខិតខំ​បង្កើន​សមត្តិភាព​​ដើម្បី​ទទួល​​បាន​វិញ្ញា​បន​បត្រ​​ទទួលស្គាល់នានា។”

កម្មវិធីផ្តល់វិញ្ញាបនបត្រ​បញ្ជាក់​ពីការ​គាំពារអតិថិជន​របស់ The Smart Campaign គឺមាន​គោល​បំណង​ទទួលស្គាល់​ជាសាធារណៈចំពោះ​ស្ថាប័ន​​ហិរញ្ញវត្ថុទាំងឡាយ​​ណាដែលផ្តល់​​សេវាកម្ម​របស់ខ្លួន​​ជូនដល់​គ្រួសារ​ដែលមាន​ប្រាក់ចំណូល​ទាប និងមានស្តង់ដារ​នៃការគាំ​ពារ​​អតិថិជន​​ស្របតាម​គោលការណ៍​ទាំងប្រាំពីរ​ចំណុច​របស់ The ​Smart Campaign។​ គោល​ការណ៍​សំខាន់​ៗ​ទាំងនោះ​រួមមាន​ តំលៃ តម្លាភាព យុត្តិធម៌ ការផ្តល់​សេវាកម្ម​​ដោយការ​​គោរព និងការបញ្ជាស​បំណុលវ័ណ្ឌក ។ បច្ចុប្បន្ន មានតែស្ថាប័ន​ចំនួន៦២ ប៉ុណ្ណោះ​នៅ​ទូទាំង​ពិភពលោក​ ដែលទទួលបាន​វិញ្ញាបនបត្រនេះ។

លោក ឧកញ៉ា បណ្ឌិត ប៊ុន មុនី ប្រធាននាយកប្រតិបត្តិ​របស់ធនាគារ ស្ថាបនា ភីអិលស៊ី បានបញ្ជាក់​ថា​ “ការតាំង​ចិត្ត​ផ្តល់សេវា​កម្ម​ហិរញ្ញវត្ថុអោយ​បានល្អបំផុត​ជាមួយតម្លៃប្រកប​ដោយ​តម្លាភាព និងមាន​គោល​ការណ៍​គាំពារ​អតិថិជន ​គឺតែងតែ​ដក់ជាប់ក្នុងចិត្ត​​របស់​ថ្នាក់ដឹកនាំ និង​បុគ្គលិក។ យើង​បាន​ខិតខំ​បំពេញ​​ដំណើរការ​​ស្នើរសុំ​វិញ្ញា​បនបត្រ​នេះ អស់រយៈ​ពេលជាង​មួយឆ្នាំកន្លង​មក​ហើយ​​ ដើម្បី​ធានា​បានថា តម្រូវការ​ទាំងអស់​របស់ The Smart Campaign គឺត្រូវបាន​អនុវត្តន៍​ពេញលេញ។ ការគោរព​ទៅតាម​គោលការណ៍​គាំពារ​អតិថិជន ជួយ​ធ្វើ​អោយ​សេវាកម្ម​របស់​យើង​កាន់​តែ​​មាន​លក្ខណៈ​​ល្អប្រសើរ​ឡើង​សំរាប់​ផ្តល់​ជូន​អតិថិជន ហើយពួក​គាត់នឹង​កាន់តែ​សប្បាយ​ចិត្​តក្នុង​ការ​​នៅជា​មួយ​​​យើងកាន់​តែ​យូរ។ និរន្តរភាព​នៃស្ថាប័ន​ហិរញ្ញវត្ថុមួយ អាស្រ័យ​លើកំរិត​នៃ​ការការពារ​​អតិថិជន​​របស់ខ្លួន ហើយ​ពួកគាត់​អាចទទួល​អត្ថប្រយោជន៍​ពីសេវាកម្ម និងផលិតផល​ដែលបាន​ផ្តល់ជូន។ នៃវិញ្ញាបនបត្រថ្មី​នេះ​ជំរុញភាព​ជឿជាក់​​បន្ថែម​ដល់​ស្ថាប័ន ​និងបង្ហាញ​ដល់​​​សហគមន៍​របស់​​យើង​ថា​ ធនាគារ ស្ថាបនា ភីអិលស៊ី បានបន្ត​ធ្វើការ​ងារ​​ជារៀងរាល់ថ្ងៃ​​ដើម្បី​កែលម្អសេវា​កម្ម​ និងបាន​ប្តេជ្ញា​ចិត្តក្នុង​ការ​អនុវត្តន៍​​អោ​យ​បាន​ល្អបំផុត​នៅក្នុងវិស័យ​ហិរញ្ញវត្ថុរបស់យើង។

គួរ​បញ្ជាក់​ថា ក្នុងពេលកន្លងមក ធនាគារ ស្ថាបនា ភីអិលស៊ី​ មានគោលការ​របស់​ខ្លួន​យ៉ាងរឹង​មាំ​​ចំពោះ​​ការ​ស្នើរ​សុំឥណទាន ដើម្បី​ធានា​​បាន​ថា​អតិថិជន​ទាំង​អស់​​មិនជំពាក់​បំណុល​​ច្រើនជាង​ពួកគាត់​​អាច​សង​​ត្រឡប់​មកវិញ។ ម្យ៉ាងវិញទៀត ធនាគារ តែងតែ​បង្ហាញ​នូវតម្លៃច្បាស់លាស់​លើ​ខិតប័ណ្ណ​ផ្សព្វផ្សាយ​ គេហទំព័រ និងសម្ភារៈ​ទីផ្សារ​ផ្សេងៗ​ទៀតដើម្បី​ធានា​បានថា​អតិថិជនទាំង​អស់​ទទួល​​បាន​ព័ត៌មាន​ច្បាស់លាស់​អំពីតម្លៃ​មុនពេល​ធ្វើការ​ទទួល​យក​​ផលិតផល និងសេវាកម្មរបស់​ធនាគារ។ ផ្នត់គំនិត “អតិថិជនជាអាទិភាព​ដំបូង” បានធ្វើអោយស្ថាបនា បំរើ​អតិថិជន​​របស់ខ្លួន​ដោយក្តីគោរព។ មិនត្រឹមតែប៉ុណ្ណោះ អតិថិជន​អាច​អោយ​ជា​យោបល់​ ឬការត្អូញត្អែ​​ផ្សេងៗ​នៅពេល​ដែល​ជួបប្រទះ​​នូវ​​បញ្ហារ​អ្វីមួយ។ ធនាគារ ស្ថាបនា ភីអិលស៊ី ក៏មាន​គោលការណ៍​​របស់ខ្លួនយ៉ាងល្អ ដោយ​ការត្អូញត្អែ​​ទាំងអស់​របស់អតិថិជន​​ត្រូវបាន​ដោះស្រាយ​ ហើយ​ដំណោះ​ស្រាយ​ទាំងនោះ​គឺត្រូវ​ជំរាបជូន​អតិថិ​ជន​​នៅពេលបន្ទាប់ ដើម្បីធានាថា​អតិថិជនទាំង​អស់​​ពេញចិត្ត​ចំពោះ​ដំណោះស្រាយ​នៅទីបញ្ចប់។