ធនាគារ​ ស្ថាបនា​ ភីអិលស៊ី​ តែង​តាំង​ប្រធាន​នាយក​ប្រតិបត្តិ​ថ្មី

ធនាគារ ស្ថាបនា ភីអិលស៊ី មានសេចក្តីសោមនស​​ក្នុងការប្រកាស​តែងតាំង​​លោក Norihiko Kato ជាប្រធាននាយក​ប្រតិបត្តិថ្មីរបស់ធនាគារ​ស្ថាបនា ភីអិលស៊ី ចាប់ពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦នេះតទៅ។

លោក Kato មានបទពិសោធន៍​យ៉ាង​ទូលំទូលាយ​ក្នុងវិស័យ​​ធនាគារ​​​ជាង៣០ឆ្នាំ។ លោកបានចាប់ផ្តើម​អាជីពក្នុងវិស័យ​នេះ​​​ជាមួយធនាគារ​ Bank of Tokyo-Mitsubishi UFJ, Ltd. (BTMU) និង​បានបម្រើការងារ​​​នៅ​ទីក្រុងតូក្យូ ទីក្រុងញូយ៉ក ទីក្រុង​អាមស្ទើដាម និង បារ៉ែន ដែល​ទទួល​បន្ទុក​​លើផ្នែក​ធនាគារ​​សាជីវកម្ម ផ្នែក​ធនធាន​មនុស្ស ផ្នែកផែនការ និងផ្នែក​គ្រប់គ្រង។ លោកបាន​​លាឈប់​ពី​ ធនាគារ BTMU ក្នុងឆ្នាំ២០០៩ និងបាន​ចូល​បម្រើការងារ​ធនាគារ Khan Bank LLC ដែលជាធនាគារឈានមុខគេ​ក្នុង​ប្រទេស​ម៉ុងហ្គោលី ក្នុងតួនាទីជា​ទីជាប្រធាននាយក​ប្រតិបត្តិស្តីទី​ក្នុងឆ្នាំ២០១១ និងជាប្រធាននាយក​ប្រតិបត្តិចាប់ពី​ឆ្នាំ២០១២ រហូតដល់​ខែមិនា ឆ្នាំ២០១៦។ មុនពេលលោកត្រូវ​បាន​តែងតំាងជាប្រធាន​នាយកប្រតិបត្តិ របស់ ធនាគារ ស្ថាបនា ភីអិលស៊ី លោកបាន​បម្រើការងារ​ជា​នាយក​អាជីវកម្មហិរញ្ញវត្ថុ​​​ក្រៅប្រទេស​របស់ សាជីវកម្ម ម៉ារ៉ូហាន់។

ប្រធានក្រុមប្រឹក្សាភិបាល លោកបណ្ឌិត ហាន់ ចាងវ៉ូ បានបញ្ជាក់ថា “ធនាគារ ស្ថាប​នា បាន​ប្តេជ្ញា​​បន្តបំរើ​ប្រជាជនកម្ពុជា តាមរយៈការខិតជិតទីតាំងប្រជាពលរដ្ឋ និងផ្តល់ជូននូវសេវា​ហិរញ្ញ​​វត្ថុនៅទូទាំង​ប្រទេស។ យើងខ្ញុំជឿជាក់ថាបទពិសោធន៍​ដ៏ច្រើនរបស់ លោក Kato នឹងក្លាយជាអត្ថប្រយោជន៍យ៉ាង​សំខាន់ក្នុងការ​នាំយក ធនាគារ ស្ថាបនា ភីអិលស៊ី ឈានទៅកាន់កម្រិតកាន់តែ​ប្រសើរឡើងក្នុង​នាម​ជាធនាគារពាណិជ្ជ​ដែលផ្តល់ជូន​នូវគ្រប់​តំរូវការសេវា​ធនាគារពេញ​លេញ របស់អតិថិជន។”