ធនាគារ ស្ថាបនា​ បរិច្ចាគ​​សម្ភារៈ​​សិក្សា​​ដល់​​សាលា​​បឋម​សិក្សា​​ ស្រែពើក

ភ្នំពេញ​​ ថ្ងៃ​​ទី​​​១៤ ខែ​​ធ្នូ ឆ្នាំ​​២០១៩​ - ធនាគារ​​ ស្ថាបនា​​​ ជា​​ធនាគារ​​ពាណិជ្ជ​ឈាន​​មុខ​​គេ​​មួយ​​នៅ​​ក្នុង​​ប្រទេស​​កម្ពុជា​​​បាន​​​បរិច្ចាគ​​សម្ភារៈ​​សិក្សា​​ និង​​ការិយាល័យ​​ដល់​​​សាលា​​បឋម​​សិក្សា​​ ស្រែពើក ​​​ស្ថិត​នៅ​ឃុំស្ថិតក្នុង ឃុំរលួសមានជ័យ ស្រុកសំបូរ ខេត្តក្រចេះថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៩​ ដើម្បី​​ជួយ​​​សម្រាល​​ដល់​​ការ​​លំបាក​​របស់​​សាលា​​​ ។ បរិច្ចាគ​​របស់​ធនាគារ ស្ថាបនា​ ​​គឺ​ជា​ការ​ប្តេជ្ញា​ចិត្ត​ដើម្បី​ជួយ​លើក​កម្ពស់​វិស័យ​អប់រំ និងសហគមន៍​ (ខ្មែរព្នង)​នៅ​​ក្នុង​ប្រទេស​កម្ពុជា។
ក្រៅ​ពី​ការ​ផ្តល់​សំភារៈ​ការ​សិក្សា​ធនាគារស្ថាបនា ក៏​បាន​សាង​សង់​បង្គន់​អនាម័យ​ថ្មី​សម្រាប់​សាលា​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ប្តេជ្ញា​ចិត្ត​លើក​កម្ពស់​អនាម័យ​និង​ការ​ពារ​បរិស្ថាន​ដែល​បាន​ផ្តល់​កូន​ឈើ​ចំនួន ១០០ ដើម​សំរាប់​ដាំ​នៅ​ជុំវិញ​បរិវេណ​សាលា​រៀន។

សំភារៈ​សិក្សា​ដែល​បាន​ប្រគល់​ជូន​សាលា​រួម​មាន​ឯក​សណ្ឋាន​សិស្ស​ចំនួន ៥៧ នាក់, ទូរ​ដាក់​ឯកសារចំនួន ០១, បង់​កៅ​អី​អង្គុយ​លេង​ចំនួន ០៥, សៀវភៅ​អាន​ចំនួន ៣០ ក្បាល, សៀវភៅ​សរសេរ​ចំនួន ៣០០ ក្បាល, ប៊ិច​ចំនួន ២០០ ដើម, ខ្មៅ​ដៃចំនួន ២០០ ដើម, សៀវភៅ​វចនានុ​ក្រម​អង់គ្លេស​ចំនួន ០៣ ក្បាល, ធុង​ទឹក​ស្រោច​ចំនូន ០៣, សំភារៈ​លេង​កីឡា ០៥ ឈុត, ពាក្យ​ស្លោក​អប់រំ​ចំនួន ០៥, ថង់​យួរ​ ស្ថាបនា​ ចំនួន ១០០, កាបូប​កីឡា​ចំនួន ៧៤, របង​លួស​ស្ពាន់ ១.០០០ ម៉ែត្រ​ការ៉េ​ព័ទ្ទជុំ​វិញ​សាលា ផ្តល់​នំ​ចំនី​សម្រាប់​កុមារ និង​សំភារៈ​ផ្សេងៗ សំរាប់​ប្រើ​ក្នុង​សាលា​បឋម​សិក្សា​ស្រែ​ពើក។
 
លោក​នាយក​សាលា ព្រឿន វ៉ូន បាន​បន្ថែម​ថា៖ “សាលា​បឋម​សិក្សា​ស្រែ​ពើក​មាន​សិស្សចំនួន ៧៤នាក់ មាន​គ្រូ​ចំនួន ០៤នាក់ និង​មាន​ពីរ​កម្រិត​គឺ​ថ្នាក់ទី ១ ដល់ថ្នាក់ទី ៣ ដែល​រៀន​ភាសា​កំណើត​ផង (ភាសាព្នង ) និង ភាសាខ្មែរ​ផង ដោយ​ឡែក​កម្រិត​ខ្ពស់ (ថ្នាក់ទី៤-ថ្នាក់ទី៦) គឺ​រៀន​ចំណេះ​ដឹង​ទូ​ទៅ​ ដោយ​មិន​បញ្ជូល​ភាសា​កំណើត។
 
 
យុវ​សិស្ស​ម្នាក់​នៅ​សាលា​បឋម​សិក្សា​ស្រែ​ពើក​បាន​មាន​ប្រសាសន៍​ថា៖ “ ជីវិត​សាលា​រៀន​ពិត​ជា​លំបាក​ណាស់​ សាលា​រៀនខ្វះ​បន្ទប់​ទឹក​អនាម័យ និង​សំភារៈការ​សិក្សាផ្សេងៗ។ ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ដល់​ធនាគារ ស្ថាបនា ដែល​បាន​ជួយ​ដល់​សាលា​របស់​យើង”។
ក្នុង​ពិធី​ប្រគល់​អំណោយ​នេះ​លោក ហឿន ស៊ីណា ប្រធាន​សាខា​ធនាគារ ស្ថាបនា ក្នុង​ខេត្ត​ក្រចេះ​មាន​ប្រសាសន៍ថា៖ “នៅ​ធនាគារ ស្ថាបនា  ឃើញ​ថា​ការ​អប់រំ​គឺ​ជា​គ្រឹះ​សំខាន់​ណាស់​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​របស់​យើង​ និង​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ទោះ​បី​មាន​ឧបសគ្គ​ក៏​ដោយ។ ខ្ញុំ​ចង់​លើក​ទឹក​ចិត្ត​ទាំង​ឪពុក​ម្តាយ​និង​អាណា​ព្យាបាល​ឲ្យ​បញ្ជូន​កូនៗ​របស់​ពួក​គេ​ទៅ​សាលា​រៀន​អោយ​បាន​គ្រប់​គ្នា។
 
ការ​បរិច្ចាគ​នេះ​មិន​គ្រប់​គ្រាន់​ដើម្បី​បំពេញ​សេចក្តី​ត្រូវ​ការ​ទេ​ប៉ុន្តែ​ជំនួយ​ទាំង​នេះ​នឹង​ជួយ​កាត់​បន្ថយ​ការ​លំបាក​របស់​សិស្សា​នុ​សិស្ស នា​ពេល​បច្ចុប្បន្ន និង​ជួយ​លើ​ការ​សិក្សា​បន្ថែម”។
 
លោក ហឿន ស៊ីណា បាន​បន្ថែម​ថា៖ “យើង​ក៏​ត្រូវ​ការ​ការ​ពារ​បរិស្ថាន​ផង​ដែរ​ហើយ​យើង​លើក​ទឹក​ចិត្ត​ឱ្យ​អ្នក​រាល់​គ្នា​ថែ​រក្សា​ដើម​ឈើ ១០០ដើម ដែល​យើង​កំពុង​ដាំ​នៅ​ជុំ​វិញ​បរិវេណ​សាលា” ។
 
ពិធី​ប្រគល់​អំណោយ​នេះ​មាន​ការ​ចូល​រួម​ពី​លោក​មេ​ឃុំ​រលួស​ នាយក​សាលា​ លោក​គ្រូ​អ្នក​គ្រូ​ និង​សិស្សានុសិស្ស​នៅ​សាលា​បឋម​សិក្សា​ស្រែ​ពើក ប្រជាជន​ក្នុងតំបន់ និង​បុគ្គលិក​ធនាគារស្ថាបនា ។