ធនាគារ​ ស្ថាបនា​ បរិច្ចាគ​ថវិកា​ដល់​ មន្ទីរ​ពេទ្យកុមារ​អង្គរ​

ភ្នំពេញ​ ថ្ងៃ​ទី​១៦​ ខែ​សីហា​ ឆ្នាំ​២០១៩​ -​ ធនាគារ​ ស្ថាបនា​ ដែល​ជា​ធនាគារ​ពាណិជ្ជ​ឈាន​មុខ​គេ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​បរិច្ចាគ​ថវិកា​ចំនួន​ ២០០០​ ដុល្លារ​អាមេរិក​ ជូន​មន្ទីរ​ពេទ្យកុមារ​អង្គរ​ ក្នុង​ខេត្ត​សៀមរាប​ ដើម្បី​ជួយ​ទ្រទ្រង់​ការ​ខិតខំ​ប្រឹងប្រែង​របស់​មន្ទីរ​ពេទ្យ​ក្នុង​ការ​ផ្តល់​សេវា​ព្យាបាល​ដោយ​ឥត​គិត​ថ្លៃ​ និង​ប្រកប​ដោយ​គុណភាព​ដល់​កុមារ​មក​ពី​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម្ពុជា។

លោក ទេព ណាវី នាយក​ប្រតិបត្តិ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​មាន​ប្រសាសន៍​ថា​ «មន្ទីរ​ពេទ្យ​យើង​ខ្ញុំ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ព្យាបាល​ ការ​អប់រំ​ បណ្តុះ​បណ្តាល​បុគ្គលិក​សុខាភិបាល​ និង​ការ​ការពារ​ដល់​សហគមន៍។ ចាប់​ពី​ខែ​មករា​ ឆ្នាំ​២០១៩​ មន្ទីរ​ពេទ្យ​ទទួល​បាន​អ្នក​ជំងឺ​ជាង​ ៨០ ០០០​ នាក់​ បណ្តុះ​បណ្តាល​វេជ្ជបណ្ឌិត​ និង​គិលានុបដ្ឋាក​ ព្រម​ទាំង​រៀប​ចំ​កម្មវិធី​ការ​ការពារ​សុខភាព​ដល់​ប្រជា​ពល​រដ្ឋ​នៅ​សហគមន៍​ និង​មណ្ឌល​សុខភាព​ ជិត​ ៦០ ០០០ នាក់។ រដូវ​កាល​នេះ​ កុមារ​ភាគ​ច្រើន​បំផុត​​កើត​មាន​ជំងឺ​គ្រុន​ឈាម​ បន្ទាប់​មក​ជំងឺ​រលាក់​សួត​ ព្រម​ទាំង​ជំងឺ​ផ្សេង​ៗ​ជា​ច្រើន​ទៀត។

ដឹង​ស្រាប់​ហើយ​ មន្ទីរ​ពេទ្យ​ព្យាបាល​ដោយ​ឥត​គិត​ថ្លៃ​ដល់​គ្រប់​អ្នក​ជំងឺ​ដែល​នេះ​ជា​បញ្ហា​លំបាក​របស់​យើង​ត្រូវ​ការ​ថវិកា​ដើម្បី​ទ្រទ្រង់។ យើង​ពឹង​លើ​សប្បុរស​ធម៌​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស។ រហូត​ដល់​ពេល​នេះ​ មន្ទីរ​ពេទ្យ​កុមារ​អង្គរ​នៅ​ខ្វះ​ថវិកា​ជាង​១​លាន​ដុល្លារ​ទៀត​សម្រាប់​ប្រតិបត្តិការ​ឆ្នាំ​នេះ។

យើង​​ខ្ញុំសូម​អរគុណ​ដល់​ធនាគារ​ ស្ថាបនា​ ដែល​បាន​រួម​ចំណែក​ជួយ​បរិច្ចាគ​ថវិកា​ដល់​មន្ទីរ​ពេទ្យ​ដើម្បី​ទ្រទ្រង់​ដំណើរ​ការ​យូរ​អង្វែង»។

ជា​មួយ​គ្នា​នេះ​ លោក​ ឡែម​ សុវណ្ណ​ ប្រធាន​តំបន់​ធនាគារ​ ស្ថាបនា​ បាន​លើក​ឡើង​ថា​ «ក្នុង​នាម​តំណាង​ថ្នាក់​ដឹក​ និង​បុគ្គលិក​ធនាគារ​ ស្ថាបនា​ ទាំង​អស់​ ពិត​ជា​រីករាយ​ដែល​រួម​ចំណែក​ជួយ​ដល់​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​តាម​រយៈ​ការ​បរិច្ចាគ​ថវិកា។ យើង​ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ដល់​មន្ទីរ​ពេទ្យ​ និង​បុគ្គលិក​ទាំង​អស់​ដែល​បាន​លះ​បង់​ពេល​វេលា​ និង​កម្លាំង​កាយ​ចិត្ត​ដើម្បី​ព្យាបាល​កុមារ​កម្ពុជា​ឲ្យ​រួច​ផុត​ពី​ជំងឺ​ផ្សេងៗ»។

ជា​ផ្នែក​មួយ​នៃ​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​សង្គម​ ធនាគារ​ ស្ថាបនា​ បន្ត​យ៉ាង​សកម្ម​ក្នុង​ការ​គាំទ្រ​ដល់​វិស័យ​សុខាភិបាល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​បន្ត​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​ស្ថាប័ន​នា​នា​ដែល​ផ្តល់​សេវា​ព្យាបាល​ដល់​ពលរដ្ឋ​កម្ពុ​ជា​តាម​តម្រូវ​ការ​ចាំ​បាច់។

ពាក់​ព័ន្ធ​នឹង​ការ​ផ្តល់​សេវា​ព្យាបាល​ដោយ​ឥត​គិត​ថ្លៃ​ មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ផ្តល់​ជូន​សេវា​ព្យាបាល​ឯកទេស​ជា​ច្រើន​ដូច​ជា​មហារីក​សាច់​ដុំ​ ជំងឺ​រុំារ៉ៃ​ និង​ទារក​ក្នុង​ផ្ទៃ​ ព្រម​ទាំង​សង្គ្រោះ​បន្ទាន់​ និង​វះ​កាត់​ជា​ដើម។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ មន្ទីរ​ពេទ្យ​ក៏​ផ្តល់​ប្រាក់​សម្រាប់​ធ្វើ​ដំណើរ​ដល់​គ្រួសារ​ក្រីក្រ​ រួម​ទាំង​ការ​ស្នាក់​នៅ​ អាហារ​ និង​សម្ភារៈ​ចំអិន​ថែម​ទៀត៕