ធនាគារ ស្ថាបនា ប្រកាសបេក្ខភាពប្រធាននាយកប្រតិបត្តិថ្មីរបស់ខ្លួន

ធនាគារ ស្ថាបនា មានសេចក្តីសោមនស្សសូមប្រកាសថាលោក លីម អូន គឺជាប្រធាននាយកប្រតិបត្តិថ្មីរបស់ធនាគារចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីបន្តតំណែងលោក KATO Norihiko ដែលបានបញ្ចប់អាណត្តិការងាររបស់ខ្លួន។

លោក លឹម អូន ត្រូវបានជ្រើសរើស និងតែងតាំងជាប្រធាននាយកប្រតិបត្តិរបស់ធនាគារ ស្ថាបនា នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ ។

លោក លឹម អូន មានបទពិសោធន៍ជាង ២០ ឆ្នាំជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ និងក្រុមហ៊ុនសាវនកម្ម អន្តរជាតិ។ មុនពេល លោក ចូលបំរើការងារនៅក្នុងធនាគារ ស្ថាបនា។ លោក លឹម អូន ធ្លាប់បម្រើ ការងារជាសាវនករជាន់ខ្ពស់នៅក្រុមហ៊ុន ខេភីអឹមជី ខេមបូឌៀ (KPMG Cambodia) ចាប់ពីឆ្នាំ ១៩៩៧ រហូតដល់ ឆ្នាំ២០០២ ដោយទទួលបាននូវបទពិសោធន៏ផ្នែកសាវនកម្មយ៉ាង ទូលំទូលាយ និងបានបំពេញការងារនៅប្រទេសម៉ាឡេស៊ីអស់រយៈពេលមួយឆ្នាំផងដែរ។ ក្នុងឆ្នាំ២០០២ លោក បានចាប់ផ្តើមបម្រើការងារនៅធនាគារ វឌ្ឍនៈ ក្នុងប្រទេសកម្ពុជា ដោយត្រូវបានតែងតាំងក្នុងមុខតំណែងជាច្រើនដូចជាអ្នកគ្រប់គ្រងជាន់ខ្ពស់របស់សាខាកណ្តាលជានាយកនាយកដ្ឋានហិរញ្ញវត្ថុ និងរតនាគារ ជានាយកនាយកដ្ឋានប្រតិបត្តិការ ហើយចុងក្រោយ លោក បានកាន់ដំណែងជាអគ្គនា យករងរបស់ធនាគារ វឌ្ឍនៈ រហូតពេលលោកសុំលាលែងចេញពីធនាគារនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១២ ។ លោក លឹម អូន បានចូលបម្រើការងារនៅក្នុងធនាគារ ស្ថាបនា ជាអគ្គនាយកប្រតិបត្តិការចាប់ក្នុង ខែធ្នូ ឆ្នាំ២០១២ និងត្រូវបានតំឡើងជាអនុប្រធាននាយកប្រតិបត្តិក្នុងខែធ្នូ ឆ្នាំ២០១៤ បន្ថែមលើមុខតំណែងបច្ចុប្បន្នរបស់លោក។ 

អាស្រ័យលើបទពិសោធន៍យ៉ាងទូលំទូលាយរបស់លោក លីម អូន នៅក្នុងវិស័យធនាគារ យើងទាំងអស់គ្នាជឿជាក់ថា លោក នឹងដឹកនាំធនាគារ ស្ថាបនា ដើម្បីបន្តភាពចម្រើន និងសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀត ជាពិសេសគឺដើម្បីរក្សាបាននូវការជឿទុកចិត្តយ៉ាងរឹងមាំពីសំណាក់បុគ្គលិក អតិថិជន និងដៃគូនានារបស់យើង។