ធនាគារ ស្ថាបនា បង្កើនដើមទុនចុះបញ្ជីរហូតដល់ ១៥០ លានដុល្លារសហរដ្ឋអាមេរិក

ភ្នំពេញ ថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០១៩ - ធនាគារ ស្ថាបនា ភីអិលស៊ី មានសេចក្ដីរីករាយដោយសូមធ្វើការប្រកាសអំពីការបង្កើនដើម ទុនចុះបញ្ជីរបស់ខ្លួនបន្ថែមទៀត ចំនួន USD ៣០ លាន (សាមសិបលានដុល្លារសហរដ្ឋ អាមរិក) បន្ទាប់ពីទទួលបានការអនុញ្ញាតជាផ្លូវការពី ធនាគារជាតិ នៃកម្ពុជា នាថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១៩។ 

ជាមួយនឹងការតាំងចិត្តយ៉ាងមោះមុត និងការបង្ហាញពីចំណាប់អារម្មណ៍ពីសំណាក់ក្រុមហ៊ុន MARUHAN Investment Asia Pte. Ltd. (“MIA”) ដែលជាភាគទុនិករបស់ធនាគារក្នុងការរក្សា នូវ កំរិតដើមទុនចុះបញ្ជីឲ្យបានគ្រប់គ្រាន់ និងក្រោយពីការទទួលបានជោគជ័យនូវការបំពេញ រាល់នីតិវិធីបន្ថែមដើមទុនចុះបញ្ជីចំនួន USD ៣០លាន (សាមសិបលានដុល្លារសហរដ្ឋ អាមេរិក)នេះ ដើមទុនចុះបញ្ជីសរុបរបស់ធនាគារបានកើនឡើងដល់ USD ១៥០លាន (មួយរយហាសិបលានដុល្លារសហរដ្ឋអាមេរិក) គិតចាប់ពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១៩ ដែលដើមទុននេះនឹងប្រើប្រាស់សម្រាប់ការអភិវឌ្ឍន៍បន្ថែមនូវអាជីវកម្មរបស់ធនាគារ ។ 

ការពង្រីកដើមទុនចុះបញ្ជី  នឹងធ្វើអោយធនាគារ ស្ថាបនា អាចបោះជំហានបន្តទៅមុខក្នុង ការពង្រឹងអាជីវកម្ម រួមទាំងការពង្រីកទំហំឥណទាន ក៏ដូចជាការធ្វើទំនើបកម្មប្រព័ន្ធធនាគារ  ដើម្បីបំពេញតម្រូវការ និងស្របតាមបែបបទជីវិតរស់នៅរបស់អតិថិជន ដែលអតិថិជនទាំង នេះ បាននិងកំពុងប្រើប្រាស់ប្រកបដោយការជឿទុកចិត្តនូវសេវាកម្មរបស់ធនាគារ ស្ថាបនា តាមរយៈបណ្ដាញដ៏ច្រើន និងរឹងមាំនៅទូទាំងប្រទេស ដោយរួមមានសាខាធនាគារចំនួន ១៧២ ទូរអេធីអឹម(ATMs)ចំនួន១៤៧ ដែលភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយបំផុតនៃ ម៉ាស៊ីនបង្វិលសាច់ប្រាក់(Cash Recycling ATMs) ក៏ដូចជាធនាគារអេឡិចត្រូនិចតាមរយៈ ប្រព័ន្ធអ៊ិនធើណេត និងតាមរយៈទូរស័ព្ទដៃ (internet/mobile banking) ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទានប្រភេទវីសា (Visa Card) និងសេវាផ្សេងៗទៀត។ 

ឆ្លើយតបទៅនឹងការដាក់បន្ថែមដើមទុនចុះបញ្ជីថ្មីនេះ លោក លឹម អូន ដែលជាប្រធាននាយក ប្រតិបត្តិធនាគារ ស្ថាបនា  មានប្រសាសន៍ថា៖ ឆ្លងកាត់បទពិសោធន៍ធ្វើការក្នុងវិស័យធនាគារ ជាង២០ឆ្នាំកន្លងមក ប្រព័ន្ធហិរញ្ញវត្ថុនៅប្រទេសកម្ពុជា គឺពោរពេញទៅដោយសក្ដានុពល និងបន្តអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរ។ ខ្ញុំពិតជាមានមោទនភាពដែលបានក្លាយ ជាចំណែកមួយរបស់ធនាគារ ស្ថាបនា ដែលជាធនាគារមួយក្នុងចំណោមធនាគារឈានមុខគេ និងដែលអាចផ្ដល់នូវសេវាកម្មពេញបរិបូរណ៍ជូនដល់អតិថិជនគ្រប់ស្រទាប់វណ្ណៈ ទាំងនៅតាម ទីជនបទ ឬទីក្រុង និងជាពិសេសក៏អាចតភា្ជប់ទៅនឹងពិភពលោកតាមរយៈផលិតផលដ៏ទំនើប នានារបស់ធនាគារ ដែលបានឆ្លុះបញ្ចាំងទៅនឹងពាក្យស្លោករបស់យើង “ស្ថាបនា ធ្វើអោយ ជីវិតលោកអ្នកកាន់តែប្រសើរ”។ បន្ថែមពីនេះ លោក លឹម អូន ក៏សូមសំដែងនូវការដឹងគុណ ចំពោះ ធនាគារជាតិ នៃកម្ពុជាសម្រាប់ការសហការ និងការអនុញ្ញាតចំពោះការបន្ថែមដើមទុន ចុះបញ្ជីនេះផងដែរ។ 

ជាទីបញ្ចប់ ការបន្ថែមដើមទុនចុះបញ្ជីនេះ គឺបានបង្ហាញពីទំនុកចិត្ត និងការតាំងចិត្តចូលរួម របស់ក្រុមហ៊ុន MARUHAN Investment Asia Pte. Ltd. (“MIA”) ដែលជាភាគទុនិករបស់ ធនាគារ ចំពោះការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច និងទទួលស្គាល់នូវស្ថេរភាពរបស់ប្រទេសកម្ពុជា ក៏ដូចជាសញ្ញាណដ៏ល្អបញ្ជាក់អំពីជំហានលូតលាស់ និងការអភិវឌ្ឍន៍របស់ធនាគារ ស្ថាបនា ផងដែរ។