ធនាគារ ស្ថាបនា បើកសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការប័ណ្ណឥណពន្ធ​ និងប័ណ្ណឥណទានវីសា

ភ្នំពេញ ទី១៥ ខែមករា ឆ្នាំ២០១៩ - នាថ្ងៃនេះ ធនាគារ ស្ថាបនា បានបើកសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការប័ណ្ណឥណពន្ធវិសា និងប័ណ្ណឥណទានវីសា ក្នុងកម្មវិធីសម្ភោធនាពេល ល្ងាចនៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ ជាព្រឹត្តិការណ៍សំខាន់មួយសម្រាប់ ធនាគារ ស្ថាបនា និងក្រុមហ៊ុនវីសាដែលបានរួមសហការគ្នាបង្កើតនិងផ្តល់ជូននូវផលិតផលហិរញ្ញវត្ថុងាយស្រួលថ្មីមួយកម្រិតទៀតដល់អតិថិជនរបស់ធនាគារ ស្ថាបនា។  ប័ណ្ណឥណពន្ធវិសា និងប័ណ្ណឥណទានវីសារបស់ធនាគារ ស្ថាបនា រួមមាន Classic Gold និង Platinum ដែលត្រូវបានដាក់ឲ្យប្រើប្រាស់នៅសាខាទាំង ១៦៩ សាខាទូទាំងប្រទេសកម្ពុជាផ្តល់ជូននូវជម្រើសផ្សេងៗគ្នាតម្រូវតាមបែបបទជីវិត និងតម្រូវការរបស់អតិថិជន។  

អតិថិជន នឹងទទួលបាននូវការជូនដំណឹងតាមរយៈសារអេឡិចត្រូនិកដើម្បីបញ្ជាក់ពីចំនួនទឹកប្រាក់ដែលអតិថិជនបានចំណាយចំនួនទឹកប្រាក់ដែលកាត់ចេញពីគណនី ឈ្មោះអ្នកលក់ ឬ អ្នកផ្តល់សេវា ជូនអតិថិជន ឈ្មោះទីក្រុង និងប្រទេស។ សេវាស្ថាបនា Mobile បានផ្តល់ជូននូវទម្រង់ដែលអនុញ្ញាតឲ្យអតិថិជនមានភាពងាយ ស្រួលក្នុងការពិនិត្យមើលទំហំទឹកប្រាក់ដែលអាចប្រើប្រាស់ជាមួយប័ណ្ណ ចំនួនទឹកប្រាក់ដែលត្រូវបង់ និងការអនុញ្ញាតអោយអតិថិជនអាចទូទាត់ចំនួនទឹកប្រាក់ដែលខ្លូនត្រូវបង់ ឬ ទូទាត់ជំនួសឲ្យប័ណ្ណឥណទានផ្សេងទៀតតាមរយៈគណនី CASAs របស់ អតិថិជនដោយផ្ទាល់។ យើងខ្ញុំក៏នឹងកំពុងធ្វើការអភិវឌ្ឍន៍បន្ថែមនូវទម្រង់ផ្សេងទៀតលើសេវា Sathapana Mobile ដោយបញ្ចូលនូវការស្វែងរកការធ្វើប្រតិបត្តិការតាមរយៈកាលបរិច្ឆេទដែលអតិថិជនប្រើប្រាស់ ឬ តម្លៃទឹកប្រាក់ទូទាត់។

ចូលរួមជាអធិបតីភាពក្នុងកម្មវិធីសម្ភោធនេះរួមមាន ឯកឧត្តម រ័ត្ន សុវណ្ណនរៈ  ឧបការីទេសាភិបាល និងអគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា លោក លឹស អូន អនុប្រធាននាយកប្រតិបត្តិធនាគារ ស្ថាបនា លោកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុនវីសាប្រចាំប្រទេសកម្ពុជា រួមជាមួយអតិថិជន ដៃគូអាជីវកម្ម ភ្ញៀវកិត្តិយស  អ្នកគ្រប់គ្រងនិងបុគ្គលិកធនាគារ ស្ថាបនា និងអ្នកសារព័ត៌មានទាំងអស់។ 

ឯកឧត្តម រ័ត្ន សុវណ្ណនរៈ  ឧបការីទេសាភិបាល និងអគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា "ខ្ញុំសូមចូលរួមអបអរសាទរចំពោះធនាគារ ស្ថាបនា និងក្រុមហ៊ុនវីសា ដែលបានសហការដៃគូក្នុងការធ្វើប្រតិបត្តិការផ្តល់សេវាទូទាត់ជាប័ណ្ណឥណពន្ធ និងឥណទាន ដែលជាសេវាធនាគារកំពុងមានភាពរីកចម្រើន និងប្រកួតប្រជែងខ្លាំងក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក៏បានចូលរួមចំណែកគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ជាពិសេសការជំរុញបរិយាប័ន្នហិរញ្ញវត្ថុតាមរយៈការពង្រីកសេវាទូទាត់សងប្រាក់សំដៅជួយពង្រឹងកំណើនសេដ្ឋកិច្ចរបស់ប្រទេសទាំងមូល។"

ការផ្លាស់ប្តូរពីប្រព័ន្ធធនាគារបែបប្រពៃណីទៅជាប្រព័ន្ធធនាគារបែបឌីជីថល គឺជាផ្នែកមួយនៃបេសកកម្មចំបងរបស់ធនាគារ ស្ថាបនា។ អតិថិជនរបស់យើងនឹងទទួលបាននូវភាពងាយស្រួល និងអត្ថប្រយោជន៍ជាច្រើនពីការប្រើប្រាស់ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទានប្រភេទវីសាថ្មីរបស់ធនាគារ ស្ថាបនា ដែលស្របទៅនឹងពាក្យស្លោករបស់ធនាគារយើងថា “ស្ថាបនា ធ្វើឲ្យជីវិតប្រសើរឡើង” ។

លោក លឹម អូន អនុប្រធាននាយកប្រតិបត្តិធនាគារ ស្ថាបនា បានមានប្រសាសន៍ថា “ប័ណ្ណវីសាមិនមែនជាផលិតផលថ្មីនៅកម្ពុជាទេ។ នៅធនាគារ ស្ថាបនា ប័ណ្ណវីសាគឺជាផ្នែកមួយនៃការអភិវឌ្ឍផលិតផលយុទ្ធសាស្ត្រស្នូលរបស់ធនាគារ។ ប្រព័ន្ធធនាគារឌីជីថលរបស់យើងនឹងផ្តល់ជូននូវចំណាត់ថ្នាក់ល្អបំផុតសម្រាប់អតិថិជនរបស់យើងក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ គ្រប់ទីកន្លែង និងគ្រប់ ពេលវេលានៅលើឧបករណ៍ផ្សេងៗ។ តាមរយៈការរួមសហការជាមួយក្រុមហ៊ុនវីសា ដែលជាដំណោះស្រាយលើការទូទាត់ជាសកលឈានមុខគេ យើងខិតខំប្រឹងប្រែងធ្វើយ៉ាងណាដើម្បីឲ្យអតិថិជនរបស់យើងអាចធ្វើការទូទាត់ការចំណាយផ្សេងៗដោយមិនចាំបាច់ដាក់ប្រាក់តាមខ្លួន។”

អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុនវីសា ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “នៅវីសា តួនាទីរបស់យើង គឺត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូសំខាន់ៗរបស់យើង ក្នុងនោះរួមមានធនាគារ ស្ថាបនា ដើម្បីរៀបចំនិងផ្តល់នូវដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតដែលជួយបង្កើនការទូទាត់តាមរយៈអេឡិចត្រូនិកនៅក្នុងប្រទេស។ ជាមួយនឹងភាពជាដៃគូនេះ យើងអាចផ្តល់ជូនប្រជាជនកម្ពុជាកាន់តែច្រើននូវជម្រើសក្នុងការប្រើប័ណ្ណឥណទាន (Credit Card) ឬ ប័ណ្ណឥណពន្ធ (Debit Card) របស់ពួកគេ គ្រប់ទីកន្លែងដែល Visa ទទួលយក។”

លក្ខណៈពិសេសសំខាន់ៗរបស់ប័ណ្ណឥណពន្ធវីសា និងប័ណ្ណឥណទានវីសារួមមាន៖

  • ធ្វើប្រតិបត្តិការជាមួយម៉ាស៊ីនអេធីអឹមដែលមានស្លាកសញ្ញា “Plus”
  • ធ្វើប្រតិបត្តិការជាមួយម៉ាស៊ីនអេធីអឹម និងម៉ាស៊ីនឆូតកាត “POS” របស់ធនាគារ ស្ថាបនា
  • ធ្វើប្រតិបត្តិការជាមួយម៉ាស៊ីនអេធីអឹម និងម៉ាស៊ីនឆូតកាត “POS”  នៅទូទាំងពិភពលោកដែលមានស្លាកសញ្ញា “VISA”
  • ការបញ្ជារទិញតាមអនឡាញ 
  • ទូទាត់ការចំណាយប័ណ្ណឥណទានតាមរយៈម៉ាស៊ីនឆូតកាត “POS”  របស់ធនាគារ ស្ថាបនា 
  • បញ្ចូលកាតទូរស័ព្ទតាមរយៈម៉ាស៊ីនអេធីអឹម និងម៉ាស៊ីនឆូតកាត “POS”របស់ធនាគារ ស្ថាបនា
  • ផ្លាស់ប្តូរលេខសម្ងាត់តាមរយៈម៉ាស៊ីនអេធីអឹម និងម៉ាស៊ីនឆូតកាត “POS” របស់ធនាគារ ស្ថាបនា

សម្រាប់ព័ត៌មានបន្ថែមអំពីប័ណ្ណវីសា ស្ថាបនា សូមចុច ទីនេះ