ធនាគារ​ ស្ថាបនា​ បើក​សម្ពោធ​ជា​ផ្លូវ​ការ​​សាខា​ Aeon Mall​ សែនសុខ

រាជធានីភ្នំពេញ​ ថ្ងៃ​ទី​០១​ ខែ​កក្កដា​ ឆ្នាំ​២០១៨​ - ធនាគារ​ ស្ថាបនា​ ប្រារព្ធ​ពិធី​កាត់​ខ្សែបូរ​សម្ពោធ​ជា​ផ្លូវការ​​សាខា​ថ្មី​របស់​ខ្លួន​ដែល​មាន​ទីតាំង​នៅ​​ផ្សារ​ទំនើប​ Aeon​ Mall​ សែន​សុខ។ ជា​មួយ​សាខា​ថ្​មីនេះ​ ចំនួន​សាខា​សរុប​របស់​ធនាគារ​ ស្ថាបនា​ កើន​ដល់​ ១៦៩​ នៅ​ទូទាំង​ប្រទេស។ 

លោក​ Norihiko​ Kato​ ប្រធាន​នាយក​ប្រតិ​បត្តិធនាគារ​ ស្ថាបនា​ បាន​មាន​ប្រសាសន៍​ថា​ “នេះ​គឺ​ជា​ព្រឹត្តិការណ៍​សំខាន់​មួយ​ទៀត​សម្រាប់​ធនាគារ​ ស្ថាបនា។

សាខា​នេះ​គឺ​សាខា​ដំបូង​របស់​យើង​ដែល​ស្ថិត​នៅ​ក្នុង​ផ្សារ​ទំនើប​ក្នុង​ប្រទេស​កម្ពុជា។ យើង​មាន​សេចក្តី​ សោមនស្ស​រីករាយ​ក្នុង​ការ​ណែនាំ​នូវ​អត្តសញ្ញាណ​ស្ថាបនា​ និង​ផលិត​ផល​ និង​សេវា​ធនាគារ​សំបូរ​បែប​របស់​យើង​ដល់​អតិថិ​ជន​ទាំង​អស់​ដែល​អញ្ញើញ​មក​ទស្សនា​ និង​ទិញទំនិញ​នៅ​ផ្សារ​ទំនើប​ Aeon​ Mall​ សែន​សុខ​ ក៏​ដូច​ជា​អ្នក​រស់​នៅ​ជុំវិញ​ទីតាំង​នោះ​ផង​ដែរ”។

សាខា​ Aeon​ Mall​ សែន​សុខ​នេះ​នឹង​ផ្តល់​ជូន​នូវ​សេវា​ធនាគារ​ពាណិជ្ជ​ពេញ​លេញ​មាន​ដូច​ ជា​ប្រាក់​កម្ចី​ ប្រាក់​បញ្ញើ​ សេវា​ផ្ទេរ​ប្រាក់​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​ និង​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម។ អតិថិ​ជន​ក៏​នឹង​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ពី​បុគ្គលិក​ជំនាញ​របស់​សាខា​ ក្នុង​ការ​ជួយ​ជ្រោម​ជ្រែង​លើ​តម្រូវ​ការ​ហិរញ្ញ​វត្ថុ​របស់​ពួក​គេ​ផង​ដែរ។ 

លោក​ Kato​ ក៍​បាន​បញ្ជាក់​ផង​ដែរ​ថា​ “យើង​នឹង​ខិត​ខំប្រឹង​ប្រែង​បន្ថែម​ទៀត​ដើម្បី​ឱ្យ​សេវា​ ធនាគារ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ ភាព​បត់បែន​ និង​កាន់​តែ​ខិត​ជិត​អតិថិ​ជន​របស់​យើង។ សាខា​ Aeon​ Mal​l សែន​សុខ​នេះ​ ក៏​មិន​ខុស​ពី​សាខា​ផ្សេង​ៗ​ទៀត​របស់​ធនាគារ​ ស្ថាបនា​ ដែរ​គឺ​នឹង​ផ្តល់​ជូន​អតិថិ​ជន​នូវ​សេវា​ធនាគារ​​ដ៏​ល្អ​បំផុត”។

ព័ត៌មាន​លម្អិត​អំពី​សាខា​ Aeon​ Mall​ សែន​សុខ៖​
អាសយដ្ឋាន៖​ ជាន់ទី២​ផ្សារទំនើប​ Aeon Mall សែនសុខ​ ឃុំបាយ៉ាប​ សង្កាត់ភ្នំពេញថ្មី​ ខណ្ឌសែនសុខ​
ម៉ោងធ្វើការ៖ ថ្ងៃច័ន្ទ ដល់ ថ្ងៃអាទិត្យ / ម៉ោង០៩:០០ព្រឹក ដល់ ម៉ោង០៨:០០ល្ងាច
នាយកសាខា៖ អ្នកស្រី គិត សិរីរ័ត្ន
លេខទូរស័ព្ទ៖ ០១៦ ៦៦ ៨៨ ៩២