ធនាគារ ស្ថាបនា បើកសម្ពោធជាផ្លូវការសាខាថ្មីបន្ថែមទៀតចំនួន៣ទីតាំងក្នុងពេលតែមួយ

រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ - ធនាគារ ស្ថាបនា ប្រារព្ធពិធីកាត់ខ្សែបូ សម្ពោធជាផ្លូវការសាខាថ្មីចំនួន៣សាខាបន្ថែមទៀតរួមមានសាខា ភ្នំពេញថ្មី សាខាមាត់ទន្លេ និងសាខា ច្បារអំពៅ ក្នុង ពេលតែមួយ។ ជាមួយសាខាថ្មីទាំង៣ទីតាំងនេះ បានធ្វើអោយចំនួនសាខា សរុបរបស់ ធនាគារ ស្ថាបនា កើនឡើងច្រើនជាង ១៧0 សាខា  ១៥០ ម៉ាស៊ីនអេធីអឹម  និងបុគ្គលិកបម្រើការងារជាង ៤០០០ នាក់នៅទូទាំងប្រទេស។ ធនាគារ ស្ថាបនា ជាធនាគារ ពាណិជ្ជឈានមុខគេ នៅក្នុងប្រទេសកម្ពុជាដែលមានទ្រព្យសកម្មសរុប ១,៣ ពាន់លាន ដុល្លារ អាមេរិក គិតត្រឹមថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ។ ក្នុងវិស័យ ធនាគារ និង ហិរញ្ញវត្ថុ ធនាគារ ស្ថាបនា ផ្តល់ជូននូវផលិតផល និង សេវាកម្មធនាគារ ពេញលេញមានដូចជា ប្រាក់កម្ចី ប្រាក់បញ្ញើ សេវា iBanking Mobile Banking ប័ណ្ណឥណពន្ធនិងឥណទាន ផ្ទេរប្រាក់ក្នុងនិងក្រៅប្រទេស Western Union ហិរញ្ញប្បទានពាណិជ្ជកម្ម ព្រមទាំងសេវាកម្មផ្សេងៗជាច្រើនទៀត។ ធនាគារក៏បានសហការណ៏ជាមួយដៃគូមួយចំនួនដូចជា Pi Pay & Wing ដើម្បីបន្ថែមភាពងាយស្រួលជូនដល់អតិថិជន។

លោក លឹម អូន ប្រធាននាយកប្រតិបត្តិធនាគារ ស្ថាបនា បានមានប្រសាសន៍ថា "ធនាគារជាតិនៃកម្ពុជា ដែលជាអាណាព្យាបាលតែងតែជួយគាំទ្រផ្តល់ ដំបូន្មាន និងយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រង វិស័យធនាគារនិងហិរញ្ញវត្ថុ ទាំងមូលតាមរយៈការដាក់នូវគោលការណ៍ និងបទបញ្ញាតិ្តប្រុងប្រយ័ត្ន នានា ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ហេតុដូចនេះ ទើបអតិថិជនបានផ្តល់នូវការជឿទុកចិត្តមកលើ វិស័យធនាគារ ជាពិសេសធនាគារ ស្ថាបនា ដែលតែងតែយក ចិត្តទុកដាក់ខ្ពស់ពីតំរូវការអតិថិជនតាមរយៈការផ្តល់ផលិតផល និងសេវាកម្មដ៏ល្អឥតខ្ចោះរួមជាមួយការពង្រីកសាខាឲ្យកាន់តែជិតលោកអ្នកជានិច្ច។"

លោក ក៏មានប្រសាសន៍បន្តទៀតថា "ដើម្បីឆ្លើយតបទៅនឹងលទ្ធផលដ៏ថ្លៃថ្លានេះ តាងនាមធនាគារ ស្ថាបនា ខ្ញុំសូមសន្យាថានឹងបន្តការខិតខំប្រឹងប្រែង ពង្រីកបណ្តាញសាខា ព្រមទាំងបង្កើនផលិតផល និងសេវាកម្មថ្មីៗបន្ថែមទៀត ដើម្បីរួមចំណែកក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ និងការផ្តល់ឱកាស ការងារ សំដៅលើកកម្ពស់ចំណេះដឹង និងជំនាញផ្នែកធនាគារ ហិរញ្ញវត្ថុនាយុគសម័យឌីជីថលដែលពោរពេញដោយការរីកចម្រើននេះ។"