ធនាគារ​​ ស្ថាបនា​​ ព្រមាន​​ចំពោះ​​គេហ​ទំព័រ​​ និង​​សារ​​អេឡិចត្រូនិក​​ក្លែង​បន្លំ

រាជធានីភ្នំពេញ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ - ធនាគារ​​ ស្ថាបនា​​ ភីអិលស៊ី​​ (“ធនាគារ​ ស្ថាបនា”)​​ សូម​​ជម្រាប​ជូន​​សាធារណៈ​​ជន​មេត្តា​​ជ្រាប​ថា ធនាគារ​ ស្ថាបនា​ បាន​​រក​​ឃើញ​​ថា​ មាន​ជន​អនាមិក​ បាន​បង្កើត​ និង​កំពុង​ប្រើប្រាស់​​​នូវ​គេ​ហ​​ទំព័រ​ (Web​site)​ និង​សារអេឡិចត្រូនិក​ (E-mail)​ ក្លែង​បន្លំ​ ក្នុង​នាម​ ម៉ារ៉ូហាន់​ ធនាគារ​ជប៉ុន​ភីអិលស៊ី​ (“ធនាគារ​ ម៉ារ៉ូហាន់”)​ ដែល​ធនាគារ​ ម៉ារ៉ូហាន់​ រួម​ទាំង​គេហទំព័រ​ផ្លូវ​ការ​ ត្រូវ​បាន​រំលាយ​នីតិ​បុគ្គលិក​លក្ខណៈ​របស់​ខ្លួន​ តាម​រយៈ​ការ​រួម​បញ្ចូល​ទៅ​ជា​ធនាគារ​ ស្ថាបនា​ ដោយ​គោរព​តាម​នីតិ​វិធី​ច្បាប់​ តាំង​ពី​ខែមេសា​ ឆ្នាំ​២០១៦​​ មក​ម៉្លេះ។

តាម​រយៈ​ការ​ស៊ើប​អង្កេត​ជា​បឋម ជន​អនាមិក​ បាន​លួច​យក​នូវ​អត្ថបទ​ស្ទើរ​តែ​ទាំង​ស្រុង​នៃ​គេហទំព័រ​​ (“Website”)​របស់​ធនាគារ​ម៉ារូហាន់ និង​បាន​តាំង​ខ្លួន​ជា​អ្នក​តំណាង​ជាន់​ខ្ពស់​ម្នាក់​ក្នុង​ចំណោម​អតីត​គណៈ​នាយក​ប្រតិបត្តិ​ជាន់​ខ្ពស់​ផ្សេង​ទៀត​របស់​ធនាគារ​ម៉ារូហាន់។ តាម​រយៈ​អង្គ​ហេតុ​នេះ​ អាច​បង្ហាញ​អំពើ​ចេតនា​ទុច្ចរិត​របស់​ជន​អនាមិក​ ដែល​បាន​ និងកំពុង​រៀប​ចំ​គម្រោង​ប្រព្រឹត្ត​សកម្មភាព​ទុច្ចរិត​ណា​មួយ​ចំពោះ​វិនិយោគិន​ និង​/​ឬ​អតិថិជន។ សេចក្ដី​ជូន​ដំណឹង​នេះ​គឺ​ជា​ការ​ជូន​ដំណឹង​ផ្លូវ​ការ​ ដើម្បី​ក្រើន​រំលឹក​ជូន​សាធារណៈ​ជន​ក្នុង​ការ​បដិសេធ​នូវ​ទំនាក់ទំនង និង​ប្រុង​ប្រយ័ត្ន​ចំពោះ​គេហទំព័រ​ (Website)​ ឬ​សារ​អេឡិចត្រូនិក​ (E-mail)​ ដែល​អះ​អាង និង​តាំង​ខ្លួន​ជា​គណៈ​នាយក​ប្រតិបត្តិ​ជាន់​ខ្ពស់ ឬ​ក៏​ជា​បុគ្គលិក​របស់​ធនាគារ​ម៉ារ៉ូហាន់។ ដូច​នេះ​ធនាគារ ស្ថាបនា​ ដែល​ជា​ក្រុម​ហ៊ុន​ទទួល​បន្ទុក​ធ្វើ​អាជីវ​កម្ម​បន្ត​នា​ពេល​បច្ចុប្បន្ន​នឹង​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​សកម្មភាព ឬ​ការ​ខូច​ខាត​ណា​មួយ​ដែល​អាច​នឹង​កើត​ឡើង​ពី​សកម្មភាព​ទុច្ចរិត​ដូច​ដែល​បាន​រៀបរាប់​ខាង​លើ។​

ជា​ចុង​ក្រោយ​​ ធនាគារ​ ស្ថាបនា​ កំពុង​ចាត់​វិធាន​ការ​តឹង​រ៉ឹង​តាម​នីតិ​វិធី​ច្បាប់​ ដោយ​ធ្វើ​ការ​សហការ​ជា​មួយ​នឹង​អាជ្ញាធរ​ពាក់​ព័ន្ធ​ ក្នុង​ការ​កំណត់​អត្តសញ្ញាណ​ជន​អនាមិក​ដែល​កំពុង​​ប្រព្រឹត្ត​នូវ​សកម្មភាព​ទុច្ចរិត​​ខាង​លើ​​ ដើម្បី​ប្រាកដ​​ថា​ កេរ្តិ៍ឈ្មោះ​ដ៏​ល្អ​របស់​ធនាគារ​ ម៉ារ៉ូហាន់​​ ដែល​បច្ចុប្បន្ន​ហៅ​ថា​ ធនាគារ​ ស្ថាបនា​ ត្រូវ​បាន​ការពារ​ដោយ​ច្បាប់​ជា​ធរមាន៕​