ធនាគារ ស្ថាបនា ប្រកាស​ជា​ផ្លូវ​ការ​សេវា​ទូទាត់​វិក្កយបត្រ​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​តាម​រយៈ​កម្មវិធី​លើ​ទូរស័ព្ទ​ដៃ​ និង​បណ្តា​សាខា​របស់​ខ្លួន​ដោយ​មិន​គិត​កម្រៃ​សេវា​រហូត​ដល់​ថ្ងៃ​ទី​៣១​ ខែ​ធ្នូ​ ឆ្នាំ​២០១៩​

រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​១៧​ ខែ​មិថុនា​ ឆ្នាំ២០១៩​ - ការ​ប្រកាស​ភាព​ជា​ដៃ​គូ​រវាង​ធនាគារ​ ស្ថាបនា​ ជា​មួយ​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ ភ្នំពេញ​ នឹង​ធ្វើ​ឲ្យ​ដំណើរ​ការ​ទូទាត់​វិក្កយបត្រ​ទឹក​មាន​ភាព​ងាយ​ស្រួល​សម្រាប់​អ្នក​រស់​នៅ​ក្នុង​រាជ​ធានីភ្នំពេញ​ និង ​ក្រុង​តាខ្មៅ។ កិច្ច​សហប្រតិបត្តិការ​ថ្មី​នេះ​ នឹង​ផ្តល់​ជូន​អតិថិជន​របស់​ខ្លួន​នូវ​បណ្តាញ​ថ្មី​បន្ថែម​ទៀត​សម្រាប់​ដំណើរ​ការ​ ទូទាត់​វិក្កយប័ត្រ​ទឹក​ ប្រកប​ដោយ​ភាព​ងាយស្រួល​ និង​ទាន់​ពេល​វេលា​តាម​រយៈ​កម្មវិធី​ Sathapana​ Mobile​ និង​សាខា​ ទាំង​ ១៨​ ក្នុង​រាជធានី​ភ្នំពេញ​ និង​សាខា​នៅ​ក្រុង​តាខ្មៅ។

ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​អតិថិ​ជន​របស់​ខ្លួន​ ធនាគារ​ ស្ថាបនា​ ផ្តល់​ជូន​នូវ​ការ​ទទួល​ទូទាត់​​វិក្កយប័ត្រ​​ទឹក​ដោយ​ មិន​គិត​កម្រៃ​សេវា​ចាប់​ពី​ថ្ងៃ​ទី​១២​ ខែ​មិថុនា រហូត​ដល់​ថ្ងៃ​ទី​៣១​ ខែ​ធ្នូ​ ឆ្នាំ​២០១៩ ។

លោក​ លឹម​ អូន​ ប្រធាន​​នាយក​ប្រតិបត្តិធនាគារ​ ស្ថាបនា​ បាន​មាន​ប្រសាសន៍​ថា​ "ការ​ប្រកាស​ភាព​ជា​ដៃ​គូ​ជា​មួយ​រដ្ឋាករ​ ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​នេះ​ ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ដ៏​មុត​មាំ​របស់​ធនាគារ ស្ថាបនា ដើម្បី​បំពេញ​តម្រូវ​ការ​ និង​ការ​រំពឹង​ទុក​របស់​អតិថិជន​របស់​ខ្លួន។ តាម​រយៈ​ការ​បើក​ឲ្យ​ដំណើរ​ការ​ទទួល​ទូទាត់​វិក្កយប័ត្រ​ទឹក​តាម​រយៈ​កម្មវិធី​លើ​ ទូរស័ព្ទ​ដៃ​នេះ​ ក៏​បាន​បង្ហាញ​យ៉ាង​ច្បាស់​ផង​ដែរ​ថា​ យើង​ពិត​ជា​កំពុង​ផ្តល់​ភាព​ងាយ​ស្រួល​ ក្នុង​ការ​ទូទាត់​វិក្កយប័ត្រ​ នា​យុគ​សម័យ​សេដ្ឋកិច្ច​ឌីជីថល​ដែល​អាច​អនុញ្ញា​ឲ្យ​ដំណើរ​ការ​ទូទាត់​សេវា​ផ្សេង​ៗ​បាន​គ្រប់​ទី​កន្លែង​ និង​គ្រប់​ពេល​វេលា"។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Sathapana​ Mobile​ ទើប​តែ​ទទួល​បាន​ពាន​រង្វាន់ និង​ទទួល​ស្គាល់​ជា​កម្មវិធី​ចល័ត​តាម​ទូរស័ព្ទដៃ​ ដ៏​ឆ្នើម​ប្រចាំ​ឆ្នាំ​ពី​ Global Banking​ &​ Finance​ Review​ ដែល​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​ទទួល​ស្គាល់​ថា ជា​ កម្មវិធី​ធនាគារ​លើ​ទូរស័ព្ទ​ល្អ​បំផុត​នៅ​កម្ពុជា៕