រាជធានីភ្នំពេញ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩_ ធនាគារ ស្ថាបនា ភីអិលស៊ី (“ធនាគារ ស្ថាបនា”) សូមគាំទ្រចំពោះការលើកឡើងរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) ទាក់ទងនឹងរបាយការណ៍របស់អង្គការ LICADHO និងសមាគមធាងត្នោត (STT) ស្ដីអំពី “ការធ្វើឲ្យខូចខាតទ្រព្យបញ្ចាំ(Collateral Damage)” ដែលបានចេញផ្សាយនៅថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០១៩ (“របាយការណ៍”) ដែលរបាយការណ៍នេះ មិនបានឆ្លុះបញ្ចាំងឲ្យឃើញពីស្ថានភាពហិរញ្ញវត្ថុនាពេលបច្ចុប្បន្នរបស់ប្រទេសកម្ពុជា និងព្រមទាំងមានចេតនាលាបពណ៌ និងបង្ហាញនូវរូបភាពអវិជ្ជមាន ដែលមិនមានភាពប្រាកដនិយមចំពោះការផ្តល់កម្ចីពីសំណាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងខណៈដែលប្រភពទិន្នន័យទាំងនោះ បានដកស្រង់ចេញពីករណីសិក្សានៃកម្ចីចំនួន២៨ ក្នុងចំណោមអ្នកខ្ចីប្រាក់ ច្រើនជាង២លាននាក់ យោងលើសេចក្ដីប្រកាសព័ត៌មានរបស់ CMA ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩។
ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជដែលទទួលបានអាជ្ញាប័ណ្ណត្រឹមត្រូវតាមច្បាប់ និងតែងតែយកចិត្តទុកដាក់ចំពោះការអនុវត្តវិធាន និងបទបញ្ញត្តិជាធរមានដែលជាត្រីវិស័យ រួមនឹងការគោរពយ៉ាងម៉ឺងម៉ាត់នូវគោលជំហរការការពារអតិថិជនរបស់ខ្លួន ដែលជាគោលការណ៍មួយក្នុងចំណោមគោលការណ៍ស្នូល របស់ធនាគារ ស្ថាបនា។
ធនាគារ ស្ថាបនា បានកសាងកិត្តិនាមរបស់ខ្លួនចាប់តាំងពីឆ្នាំ១៩៩៥ តាមរយៈការផ្តល់សេវាកម្មដ៏ល្អ និងការទទួលបានទំនុកចិត្តពីអតិថិជន ដែលរួមមានទាំងវិនិយោគិនក្នុងស្រុក និងក្រៅស្រុក ដែលជាអ្នកផ្តល់ហិរញ្ញប្បទានរបស់ពួកយើង ក៏ដូចជាអតិថិជនដាក់ប្រាក់បញ្ញើ និង/ឬទទួលប្រាក់កម្ចី។
ធនាគារ ស្ថាបនា មានការសោកស្ដាយចំពោះព័ត៌មាននេះ និងច្រានចោលរាល់ការចោទប្រកាន់ដូចដែលបានរៀបរាប់ក្នុងរបាយការណ៍របស់អង្គការ LICADHO និងសមាគមធាងត្នោត (STT) ដែលបានដាក់ បញ្ចូលធនាគារ ស្ថាបនា ជាផ្នែកមួយនៃការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលកើតចេញពី បំណុលវ័ណ្ឌករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។
ឆ្លៀតឱកាសនេះ ធនាគារ ស្ថាបនា សូមជម្រាបជូន សាធារណៈមេត្តាជ្រាបថា គណៈគ្រប់គ្រងរបស់ធនាគារ ស្ថាបនា តែងតែកើនរំលឹក និងផ្ញើសារដល់ និយោជិករបស់ខ្លួន ជាពិសេសចំពោះមន្រ្តីឥណទាន ត្រូវបំពេញការងារប្រកបដោយវិជ្ជាជីវៈ និងការ ទទួលខុសត្រូវខ្ពស់ ហើយធនាគារ ស្ថាបនា នឹងអនុវត្តបទវិន័យដោយគ្មានការយោគយល់ចំពោះការ ប្រព្រឹត្តកំហុសធ្ងន់ធ្ងរ និងឥរិយាបទខុសឆ្គងណាមួយ ដែលបានប្រព្រឹត្តដោយបុគ្គលិកណាមួយរបស់ ធនាគារ ស្ថាបនា។ ក្នុងបរិបទនេះ ធនាគារ ស្ថាបនា នឹងចាត់វិធានការតឹងរ៉ឹង និងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយដៃគូពាក់ព័ន្ធ ដើម្បីពិនិត្យទៅលើករណីសិក្សាដែលបានលើកឡើងនៅក្នុងរបាយការណ៍នេះ។
ជាចុងក្រោយ បើទោះបីជាធនាគារ ស្ថាបនា មានការសោកស្តាយជុំវិញរបាយការណ៍នេះក៏ដោយក្តី ក៏របាយការណ៍នេះនឹងមិនមានឥទ្ធិពលណាមួយចំពោះធនាគារ ស្ថាបនា ដែលជាធនាគារមួយក្នុងចំណោម ធនាគារដែលទទួលបានការគាំទ្រពីសំណាក់អតិថិជន ដើម្បីបន្ដចូលរួម និងធ្វើវិភាគទានកាត់បន្ថយភាព ក្រីក្រ ក៏ដូចជាលើកតម្កើនបរិយាប័ន្នហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា៕