ការវិវឌ្ឍន៍ប្រកបដោយនិរន្តរភាពក្នុងរយៈពេល ២៥ឆ្នាំ របស់ធនាគារ ស្ថាបនា

ថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០២០ 

ធនាគារ ស្ថាបនា ប្រារព្ធខួប២៥ឆ្នាំនៃប្រតិបត្តិការរបស់ខ្លួនក្នុងប្រទេសកម្ពុជា។ ក្នុងរយៈពេល២៥ឆ្នាំនេះ ធនាគារ ស្ថាបនា បានគាំទ្រនិងជួយដល់ប្រជាជនកម្ពុជាទូទាំងប្រទេសដើម្បីសម្រេចបាននូវគោលដៅហិរញ្ញវត្ថុរបស់ខ្លួន តាមរយៈការផ្តល់ឥណទាន គណនីបញ្ញើ និងប្រឹក្សាហិរញ្ញវត្ថុ ក៏ដូចជាបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
    
ធនាគារ ស្ថាបនា ជាបុត្រសម្ព័ន្ធនៃសាជីវកម្មម៉ារ៉ូហាន់របស់ជប៉ុន ដែលបានរួមបញ្ចូលគ្នាជាមួយម៉ារ៉ូហាន់ធនាគារជប៉ុនចាប់តាំងពីឆ្នាំ២០១៦។  ធនាគារ ស្ថាបនា បានចាប់ផ្តើមយកចិត្តទុកដាក់លើការអភិវឌ្ឍន៍បច្ចេកវិទ្យាធនាគារឌីជីថលរបស់ខ្លួន ជាមួយនិងការដាក់ឲ្យដំណើរការនូវ Sathapana Mobile នៅឆ្នាំ២០១៨ ដែលជាធនាគារតាមទូរសព្ទដៃមួយឈានមុខគេ និងប្រកបដោយភាពច្នៃប្រឌិត ក្នុងចំណោមធនាគារទូរសព្ទដៃផ្សេងទៀតនៅកម្ពុជា។ ក្នុងឆ្នាំដដែលនេះ ធនាគារ ស្ថាបនា ក៏បានដាក់ឱ្យដំណើរការប័ណ្ណវីសាស្ថាបនា និងម៉ាស៊ីនដាក់ប្រាក់ដកប្រាក់ ដើម្បីផ្ដល់នូវភាពងាយស្រួល និងបទពិសោធធនាគារដ៏ទំនើបទាន់សម័យជូនអតិថិជន។

ក្នុងឆ្នាំ២០១៩​ ធនាគារ ស្ថាបនា បានដាក់ដំណើរការប័ណ្ណឥណទាន និងឥណពន្ធវីសា និងការទូទាត់ វិក្កយបត្ររដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ព្រមទាំងសម្ពោធសាខាថ្មីជាច្រើន និងធ្វើទំនើបកម្មសាខាចំនួន៥ ដើម្បីផ្តល់នូវសេវាធនាគារពេញលេញ និងប្រកបដោយទំនុកចិត្ត។

គិតត្រឹមខែកញ្ញា ឆ្នាំ២០២០ ធនាគារ ស្ថាបនា បានបន្តពង្រីកវិសាលភាពរបស់ខ្លួនតាមរយៈដាក់ដំណើរការ ស្ថាបនា ផេ (ប្រព័ន្ធទូទាត់ឌីជីថលលើ Sathapana Mobile) សេវាបើកគណនីអនឡាញ សេវាបើកគណនីដល់ទីកន្លែង និងសេវាដកសាច់ប្រាក់ដោយប្រើលេខកូដ ក៏ដូចជាបានសម្ពោធអគារស្តង់ដាថ្មីចំនួន៨ ដើម្បីបង្កើនសមត្ថភាពប្រតិបត្តិការនៅតាមសាខារបស់ខ្លួន។

លោក លឹម អូន ប្រធាននាយកប្រតិបត្តិនៃធនាគារស្ថាបនា បានមានប្រសាសន៍ថា “តាងនាមឱ្យធនាគារ ស្ថាបនា ខ្ញុំសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីពាក់ព័ន្ធ និងអតិថិជនដែលតែងតែរក្សាជំហរគាំទ្រដ៏រឹងមាំ និងចូលរួមក្នុងដំណើរជោគជ័យរបស់ធនាគារ។ បើគ្មានការគាំទ្រពីអ្នកទាំងអស់គ្នា ធនាគារស្ថាបនាក៏នឹងមិនអាចសម្រេចបាននូវភាពត្រចះត្រចង់ នាពេលបច្ចុប្បន្នក្នុងការផ្តល់សេវាហិរញ្ញវត្ថុល្អបំផុតជូនដល់ប្រជាជនកម្ពុជាបានផងដែរ។”

លោកបានបន្ថែមទៀតថា “គិតត្រឹមបច្ចុប្បន្ន ទ្រព្យសកម្មសរុបរបស់ធនាគារ បានកើនលើស US$១,៨ ពាន់លាន ចំណែកប្រាក់បញ្ញើសរុបមានលើស US$១,១ពាន់លាន។ ធនាគារមានសាខាច្រើនជាង១៧០ទីតាំង បាននឹងកំពុងប្រតិបត្តិការនៅទូទាំងប្រទេស និងមានបុគ្គលិកជាង៤.០០០នាក់កំពុងបម្រើការងារ។”

ដើម្បីអបអរសាទរគម្រប់ខួប២៥ឆ្នាំ ធនាគារ ស្ថាបនា ប្រកាសជាផ្លូវការនៅថ្ងៃនេះ “ជាកម្មវិធីគម្រប់ខួប២៥ឆ្នាំរបស់ខ្លួន” ដើម្បីថ្លែងអំណរគុណចំពោះអតិថិជនសម្រាប់ការគាំទ្រ។ កម្មវិធីនេះនឹងចែកចេញជាកម្មវិធីប្រូម៉ូសិនចំនួន២សំខាន់ៗ រួមមានដូចជា “ដាក់ប្រាក់បញ្ញើឈ្នះរង្វាន់” និង “ទូទាត់តាមស្ថាបនាផេបានទឹកប្រាក់ត្រឡប់មកវិញ” ដែលនឹងបញ្ចប់នៅថ្ងៃទី៣១ខែធ្នូឆ្នាំ២០២០។

ស្របតាមកម្មវិធីគម្រប់ខួប២៥ឆ្នាំនេះ ធនាគារ ស្ថាបនា បានរៀបចំ២៥រង្វាន់សម្រាប់ការ “ដាក់ប្រាក់បញ្ញើឈ្នះរង្វាន់” ដោយក្នុងនោះរួមមានរថយន្ត Mazda 6 ដ៏ថ្មីទំនើបចំនួន១រង្វាន់ គណនីសន្សំឆ្លាតវៃដែលមានទឹកប្រាក់ US$២.៥០០ចំនួន២រង្វាន់ និងគណនីសន្សំឆ្លាតវៃដែលមានទឹកប្រាក់ US$២៥០ចំនួន២២រង្វាន់។ កម្មវិធីនេះ នឹងផ្ដល់ជូនជាពិសេសដល់អតិថិជនចាស់ និងអតិថិជនថ្មីនៃ ធនាគារ ស្ថាបនា ដែលអញ្ជើញមកដាក់ប្រាក់បញ្ញើតាមបញ្ញត្តិ និងលក្ខខណ្ឌនៃកម្មវិធីនេះ។

ដោយឡែក “ការទូទាត់តាមស្ថាបនាផេបានទឹកប្រាក់ត្រឡប់មកវិញ” អតិថិជនអាចចូលរួមបានដោយគ្រាន់តែផ្លាស់ប្តូរទម្លាប់ចាយក្រដាសប្រាក់មកជាការទូទាត់គ្មានសាច់ប្រាក់ជាមួយស្ថាបនាផេ ដើម្បីទទួលបានទឹកប្រាក់ត្រឡប់វិញរហូតដល់ US$ ២,៥។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពី Sathapana Mobile បានដាក់ឱ្យដំណើរការ ធនាគារ ស្ថាបនា បានឈ្នះពានរង្វាន់ចំនួន៣ ដែលសបញ្ជាក់ពីភាពច្នៃប្រឌិត និងជឿនលឿនលើធនាគារឌីជីថលរបស់ខ្លួន រួមមានដូចជា “ពានរង្វាន់កម្មវិធីធនាគារលើទូរស័ព្ទដៃល្អបំផុតនៅកម្ពុជាប្រចាំឆ្នាំ២០១៩” “ពានរង្វាន់ធនាគារឌីជីថលឈានមុខនៅកម្ពុជាប្រចាំឆ្នាំ២០២០” និង “ពានរង្វាន់កម្មវិធីធនាគារលើទូរស័ព្ទដៃឈានមុខនៅកម្ពុជាប្រចាំឆ្នាំ២០២០”។

ជាមួយនឹងបេសកកម្ម និងចក្ខុវិស័យដើម្បីក្លាយជាធនាគារដ៏គួរឱ្យទុក្ខចិត្តបំផុតក្នុងកម្ពុជា  ធនាគារ ស្ថាបនា ប្តេជ្ញាផ្ដល់ជូនអតិថិជននូវបច្ចេកវិទ្យាធនាគារចុងក្រោយទំនើបបំផុត។ ធនាគារ ស្ថាបនា តែងតែចាត់ទុកឌីជីថលុបនីយកម្ម ដែលជាចំណុចស្នូលក្នុង ការប្រកួតប្រជែងដោយស្មោះត្រង់ក្នុងទីផ្សារធនាគារកម្ពុជា។


អំពីធនាគារស្ថាបនា
ធនាគារស្ថាបនា ជាធនាគារពាណិជ្ជឈានមុខគេមួយក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានទ្រព្យសកម្មសរុបលើស ១,៨ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកច្រើនជាង ៤.០០០នាក់។ ធនាគារមានបណ្តាញសាខាច្រើនបំផុតទី២ ជាមួយនឹងចំនួនសាខាច្រើនជាង ១៧០ទីតាំង និងអេធីអឹមជាង២២០កន្លែង ដែលមានសមត្ថភាពពេញលេញដូចជាដាក់ប្រាក់ដកប្រាក់ និងធ្វើការទូទាត់ប្រាក់។ធនាគារ ផ្តល់ជូនអតិថិជននូវសេវាកម្មធនាគារពេញលេញ និងប្រកបដោយទំនុកចិត្ត មានដូចជាសេវាឥណទាន សេវាបញ្ញើ iBanking ប្រព័ន្ធធនាគារតាមទូរស័ព្ទដៃ ប័ណ្ណឥណពន្ធ និងឥណទាន សេវាផ្ទេរប្រាក់ក្នុងនិងក្រៅប្រទេស Western Union ហិរញ្ញវត្ថុពាណិជ្ជកម្ម និងសេវាផ្សេងៗទៀតជាច្រើន។ លើសពីនេះទៀត ធនាគារក៏បានធ្វើការសហការជាមួយក្រុមហ៊ុនផ្ទេរនិងទូទាត់ប្រាក់ តាមរយៈទូរស័ព្ទ រួមមានដូចជា វីង ផាយផេ ទ្រូម៉ាន់នី លីហួរវេរលុយ អ៊ី-ម៉ាន់នី និងបាគង ដើម្បីផ្តល់នូវភាពងាយស្រួល និងឆាប់រហ័សដល់អតិថិជន។
 

Makes Your Life Better