រាជធានីភ្នំពេញ, ថ្ងៃទី ៣០ ខែមករា ឆ្នាំ 2019 – ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិដំបូងបំផុតនៅក្នុងកម្ពុជា និងធនាគារ ស្ថាបនា ដែលជាធនាគារឈានមុខគេមួយ ធ្វើការប្រកាសជាផ្លូវការពីភាពជា ដៃគូក្នុងការបង់បុព្វលាភរ៉ាប់រងតាមទូរស័ព្ទដែលអនុញ្ញាតឱ្យអតិថិជនរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ បង់បុព្វលាភរ៉ាប់រងរបស់ពួកគាត់ គ្រប់ពេលដោយឥតគិតថ្លៃតាមរយៈកម្មវិធីទូរស័ព្ទ Sathapana Mobile។
ក្រុមហ៊ុន មេនូឡាយហ្វ៍ និងធនាគារ ស្ថាបនា បានចាប់ជាដៃគូក្នុងការចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិត កាលពីឆ្នាំ ២០១៨ ហើយកិច្ចសហការដែលប្រកាសថ្ងៃនេះនឹងអនុញ្ញាតឱ្យអតិថិជនធ្វើការទូទាត់បុព្វលាភរ៉ាប់រងបានកាន់តែឆាប់រហ័ស ងាយស្រួល និងមានសុវត្ថិភាពដោយធ្វើតាមជំហានងាយៗដូចខាងក្រោម៖
1. បើកដំណើរការកម្មវិធី Sathapana Mobile
2. ចុចយកប៊ូតុង «ទូទាត់វិក្កយបត្រ»
3. ជ្រើសរើសយកពាក្យ «ធានារ៉ាប់រង»
4. ជ្រើសរើសយក «Manulife Cambodia»
5. វាយបញ្ចូល «លេខស្នើសុំប័ណ្ណសន្យារ៉ាប់រង ឬលេខប័ណ្ណសន្យារ៉ាប់រង» របស់លោកអ្នក
6. ជ្រើសរើសគណនី ដែលលោកអ្នកត្រូវបង់
7. ចុចយកពាក្យ «បន្ទាប់» ហើយបញ្ចូលលេខសម្ងាត់ Sathapana Mobile របស់លោក រួចចុចលើប៊ូតុង «ទូទាត់» អ្នកជាការស្រេច។
លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានប្រសាសន៍ថា៖ «ចំណុចជាអាទិភាពមួយរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ គឺការធ្វើឲ្យបទពិសោធន៍អតិថិជនកាន់តែល្អប្រសើរតាមរយៈបច្ចេកវិជ្ជាឌីជីថល ហើយសមិទ្ធផលដែលយើងកំពុងប្រកាសជាមួយធនាគារ ស្ថាបនា ថ្ងៃនេះដើរស្របគ្នាយ៉ាងល្អឥតខ្ចោះទៅនឹងចក្ខុវិស័យរបស់យើង។ ខ្ញុំពិតជាមានមោទនភាពណាស់ដែលយើងអាចអភិវឌ្ឍន៍លើភាពជាដៃគូចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិតជាមួយធនាគារ ស្ថាបនា ដោយផ្តល់នូវបទពិសោធន៍នៃការទូទាត់បុព្វលាភរ៉ាប់រងដោយមិនប្រើសាច់ប្រាក់ដល់ អតិថិជនរបស់យើងទូទាំងប្រទេសដែលចង់បង់ ឬបន្តបង់បុព្វលាភរ៉ាប់រងរបស់ពួកគាត់»។
លោក លីម អូន ប្រធាននាយកប្រតិបត្តិរបស់ធនាគារ ស្ថាបនា ក៏បានមានប្រសាសន៍ដែរថា៖ «ធនាគារ ស្ថាបនា ផ្តោតសំខាន់លើ ការលើកកម្ពស់ផ្នែកឌីជីថលរបស់អតិថិជនដោយផ្តល់ជូនពួកគាត់នូវជម្រើសដែលមាន ភាពងាយស្រួល រហ័ស និងសុវត្ថិភាព។ កិច្ចសហការបន្ថែម ជាមួយ ក្រុមហ៊ុន មេនូឡាយហ្វ៍ បង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការពង្រីកសេវាកម្មទូទាត់តាមប្រព័ន្ធ ឌីជីថលរបស់យើងតាមរយៈកម្មវិធីទូរស័ព្ទ Sathapana Mobile ដែលផ្តល់នូវបទពិសោធន៍កាន់តែសម្បូរបែបនិងកាន់តែប្រសើរជូនអតិថិជនរបស់យើង»។
សម្រាប់ព័ត៌មានបន្ថែមអំពីសេវាកម្មបង់បុព្វលាភរ៉ាប់រងនេះ លោកអ្នកអាចទាក់ទងមកកាន់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា តាមរយៈលេខទូរស័ព្ទ 1800-211-211 (ឥតគិតថ្លៃ) ឬធនាគារ សា្ថបនា តាមរយៈលេខទូរស័ព្ទ 023/081 999 010។
អំពីធនាគារ ស្ថាបនា
ធនាគារ ស្ថាបនា គឺជាធនាគាររពាណិជ្ជឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជាដែលមានទ្រព្យសកម្មសរុបលើស ១.៦ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកបម្រើការងារច្រើនជាង ៤០០០នាក់។ យើងមានបណ្តាញសាខាធំជាងគេទីពីរនៅក្នុងប្រទេសកម្ពុជាដែលមានសាខាច្រើនជាង ១៧០សាខា និង ម៉ាស៊ីន អេធីអឹម ច្រើនជាង២០០គ្រឿង ដែលមានសមត្ថភាពពេញលេញដូចជាដាក់ប្រាក់ ដកប្រាក់ និងធ្វើការទូទាត់ប្រាក់។ យើងផ្ដល់សេវាកម្មធនាគារពេញលេញដូចជាសេវាប្រាក់កម្ចី សេវាប្រាក់បញ្ញើ សេវា iBanking សេវាធនាគារតាមទូរស័ព្ទដៃ សេវាប័ណ្ណឥណពន្ធ និងប័ណ្ណឥណទានប្រភេទវីសា សេវាផ្ទេរប្រាក់ក្នុងស្រុកនិងក្រៅប្រទេស សេវាផ្ទេរប្រាក់ជុំវិញពិភពលោក Western Union ហិរញ្ញវត្ថុពាណិជ្ជកម្ម និងសេវាកម្មផ្សេងៗទៀតជាច្រើន។ ជាមួយគ្នានោះផងដែរ យើងបានសហការជាមួយក្រុមហ៊ុនទូទាត់តាមទូរស័ព្ទដៃជាច្រើនដូចជា វីង ផាយផេ ទ្រូម៉ាន់នី និង លី ហួរ វេរលុយ ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន។
អំពីក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅថ្ងៃទី 28 ខែមិថុនា ឆ្នាំ 2012 ។ ក្នុងនាមជាក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិតបរទេសដំបូងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានប្តេជ្ញាចិត្តក្នុងការផ្តល់ជូនអតិថិជនរបស់ខ្លួននូវផលិតផល និងសេវាកម្មការពារហិរញ្ញវត្ថុដែលជាតម្រូវការចាំបាច់របស់ពួកគាត់។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅគេហទំព័រ www.manulife.com.kh ឬទំព័រ Facebook៖ ManulifeKh។
ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល គឺជាក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុឈានមុខគេមួយលំដាប់ថ្នាក់អន្តរជាតិដែលជួយប្រជាជនក្នុងការសម្រចចិត្តឲ្យកាន់តែមានភាពងាយស្រួល និងធ្វើឲ្យជីវិតកាន់តែប្រសើរឡើង។ យើងបានដំណើរការជា ក្រុមហ៊ុន John Hancock នៅសហរដ្ឋអាមេរិក និងជាក្រុមហ៊ុន មេនូឡាយហ្វ៍ នៅបណ្តាទីផ្សារផ្សេងៗទៀតក្នុងពិភពលោក។ យើងផ្តល់ការប្រឹក្សាហិរញ្ញវត្ថុ ដំណោះស្រាយធានារ៉ាប់រង ព្រមទាំងផលិតផល និងសេវាកម្មគ្រប់គ្រងទ្រព្យសម្បត្តិជូនដល់អតិថិជនជាលក្ខណៈបុគ្គល ជាក្រុម និងជាស្ថាប័ន។ គិតត្រឹមចុងឆ្នាំ 2018 យើងមានបុគ្គលិកបម្រើការងាជាង 34,000 នាក់ ភ្នាក់ងារធានារ៉ាប់រងប្រមាណ 82,000 នាក់ និងដៃគូចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិតរាប់ពាន់ដៃគូផ្សេងទៀត ដែលកំពុងបម្រើសេវាកម្មជូនអតិថិជនប្រមាណ 28 លាននាក់។ គិតត្រឹមថ្ងៃទី 31 ខែកញ្ញា ឆ្នាំ 2019 យើងមានសាច់ប្រាក់ប្រតិបត្តិការចំនួន 1.2 ទ្រីលានដុល្លារកាណាដា ឬ 881 ពាន់លានដុល្លារអាមេរិកដែលជាទ្រព្យសកម្ម។ គិតត្រឹមរយៈពេល 12 ខែចុងក្រោយ យើងបានបង់ជូនជាអត្ថប្រយោជន៍ ការប្រាក់ និងការចំណាយផ្សេងៗជូនដល់អតិថិជនរបស់យើងដែលមានតម្លៃជាសាច់ប្រាក់ចំនួន 29.8 ពាន់លានដុល្លារ។ យើងមានប្រតិបត្តិការធំៗនៅអាស៊ី កាណាដា និងសហរដ្ឋអាមេរិក ហើយយើងបានបម្រើអតិថិជនរបស់យើងអស់រយៈពេលច្រើនជាង 100 ឆ្នាំ មកហើយ។ យើងមានស្នាក់ការកណ្តាលជាសកលរបស់យើងនៅទីក្រុង Toronto ប្រទេស កាណាដា ហើយក្រុមហ៊ុន មេនូឡាយហ្វ៍ Manulife Financial Corporation បានធ្វើប្រតិបត្តិការអាជីវកម្មជា MFC នៅទីផ្សារមូលប័ត្រ តូរ៉ុនតូ (TSX)ញូវយ៉ក(NYSE) និងទីផ្សារមូលប័ត្រហ្វីលីពីន ហើយនៅលើទីផ្សារមូលប័ត្រហុងកុង(SEHK) ក្រោមឈ្មោះ 945។