ក្រុមហ៊ុន​មេនូ​​ឡា​យ​​ហ្វ៍​​ខេ​ម​​បូ​ឌា​​ចុះ​​កិ​ច្ច​ព្រម​​ព្រៀង​​​លើ ​​​​កិច្ច​​​​​​សហ​​​ការ​​​​​​ជា​​​​​ដៃ​​​គូ​​​​រយៈ​​ពេល​​១៥​​ឆ្នាំ​​​​​​​​ជា​​មួយ​​ធនា​គារ ស្ថាបនា

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា -ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា និងធនាគារ ស្ថាបនា បានចុះកិច្ចព្រមព្រៀងលើកិច្ចសហការជាដៃគូចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិត ដែលតាមរយៈកិច្ចសហការរយៈពេល ១៥ ឆ្នាំនេះ ផលិតផលធានារ៉ាប់រងអាយុជីវិតរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍នឹងមាននៅតាមបណ្តាសាខាធនាគារ ស្ថាបនា នៅទូទាំងប្រទេស។

កិច្ចសហការជាដៃគូថ្មីនេះរួមបញ្ចូលគ្នានូវបណ្តាញសាខា និងចំនួនអតិថិជនដ៏ទូលំទូលាយរបស់ធនាគារ ស្ថាបនា ជាមួយនឹងមន្ត្រីជំនាញប្រឹក្សាធានារ៉ាប់រងរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ដើម្បីផ្ដល់ជូនអតិថិជន ទាំងសេវាកម្មធនាគារ និងដំណោះស្រាយធានារ៉ាប់រង។

លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានប្រសាសន៍ថា៖ «កិច្ចសហការរយៈពេលវែងនេះឆ្លុះបញ្ចាំងឲ្យឃើញពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការជួយការពារអនាគតហិរញ្ញវត្ថុរបស់ប្រជាជនកម្ពុជាឱ្យបានកាន់តែច្រើនឡើងតាមរយៈការផ្តល់ជូននូវដំណោះស្រាយលំដាប់ថ្នាក់ពិភពលោកក្នុងការការពារប្រាក់ចំណូល ការសន្សំសម្រាប់ការសិក្សារបស់បុត្រធីតា និងការសន្សំសម្រាប់ការចូលនិវត្តន៍ជាដើម។»

លោក Norihiko Kato ប្រធាននាយកប្រតិបត្តិធនាគារ ស្ថាបនា បានមានប្រសាសន៍ឱ្យដឹងដែរថា៖ «ក្រុមហ៊ុន មេនូឡាយហ្វ៍ ជាក្រុមហ៊ុនដ៏ធំមួយក្នុងបណ្តាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅលើសកលលោកនិងជាក្រុមហ៊ុនអន្តរជាតិដំបូងគេដែលបាននាំយកដំណោះស្រាយធានារ៉ាប់រងអាយុជីវិតមកកាន់ប្រទេសកម្ពុជា។  អតិថិជននឹងមានភាពងាយស្រួលក្នុងការទទួលបាននូវដំណោះស្រាយធានារ៉ាប់រងលំដាប់ថ្នាក់ពិភពលោករបស់ក្រុមហ៊ុនមេនូឡាយហ្វ៍ បន្ថែមពីលើសេវាកម្មធនាគារដ៏សម្បូរបែបរបស់យើង។ ខ្ញុំជឿជាក់ថាការចាប់ជាដៃគូនេះនឹងនាំមកនូវអត្ថប្រយោជន៍កាន់តែប្រសើរឡើង និងធ្វើឲ្យអតិថិជនរបស់យើងអស់ក្តីបារម្ភចំពោះអនាគតហិរញ្ញវត្ថុរបស់ពួកគាត់។»

ក្រុមហ៊ុនមេនូឡាយហ្វ៍ និងធនាគារស្ថាបនានឹងសហការគ្នាដើម្បីផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុដែលអាចឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាជនកម្ពុជាដោយយើងនឹងផ្តោតសំខាន់លើការការពារអនាគតហិរញ្ញវត្ថុរបស់ក្រុមគ្រួសារពួកគាត់។