ក្រុម​បាល់​ទាត់​ស្ថាបនា​ដណ្តើម​តំណែង​ជើង​ឯក​រដូវ​កាល​ថ្មី

ការប្រកួតបាល់ទាត់​​ដណ្ដើម​ពានរង្វាន់ Khmer Real Estate ឆ្នាំ២០១៦ ក្នុងជំនួប​​វគ្គផ្ដាច់​ព្រ័ត្រ លើ​ទីលាន​កីឡា​ដ្ឋាន​វេស្ទើន បានបញ្ចប់​ហើយកាល​ពីថ្ងៃទី១០​ ខែកក្កដា ឆ្នាំ២០១៦ ដោយ​ក្រុម​ខ្លាំង​ស្ថាបនា បានយក​​ឈ្នះ​ក្រុម Khmer United ជាមួយ​បាល់​​ប៉េណាល់ទី ៣-០ ខណៈ​ដែល​ការ​ប្រ​កួត​​ពេញ​​ម៉ោង ៩០នាទី​ទទួល​បាន​លទ្ធផល​ស្មើគ្នា ២-២ ។

នៅក្នុងតង់ទី១ ក្រុមខ្លាំង​ស្ថាបនា អាចរក្សា​ទំរង់លេង​បានយ៉ាងល្អ និងបានដាក់​គំនៀប​ផ្ទួនៗ​ទៅ​លើក្រុម Khmer Real Estate ប៉ុន្តែអាចរកគ្រាប់​បាល់បាន​តែមួយ​គ្រាប់ ខណៈដែល​ក្រុម Khmer United អាចរកបាន​រហូត​ដល់​ពីរ​គ្រាប់។
ចូលមក​ដល់តង់ទីពីរ ក្រុមខ្លាំង​ស្ថាបនា អាចគ្រប់គ្រង​ស្ថានការណ៍​យ៉ាងល្អ និងបន្តដាក់​​គំនៀប​​លើក្រុម Khmer United ដោយបានលេង​បាល់​​មុខអ្នក​ចាំទីគូ​ប្រកួត​រហូតខ្សែ​ការពារ Khmer United បានធ្វើអោយ​មានកំហុស​ក្នុង​តំបន់​​គ្រោះថ្នាក់ និងបានផ្តល់​បាល់​​ពិន័យ១១ម៉ែត ដែលធ្វើ​អោយ​ក្រុមស្ថាបនា អាចតាមស្មើ ២-២។

ការស៊ុត​បាល់ប៉េ​ណាល់ទី១១ម៉ែតដើម្បីកាត់​សេចក្តីត្រូវ​បានកំណត់ឡើង ដើម្បី​រកម្ចាស់​​ជើងឯករដូវកាលថ្មី ឆ្នាំ២០១៦។ ក្នុងការស៊ុតបាល់​១១ម៉ែតនេះ ​ក្រុមខ្លាំងស្ថាបនា អាច​ធ្វើ​បានយ៉ាង​ល្អបន្ទាប់ពីបាន​ស៊ុត​បាល់​​ចូល​ទាំងបីគ្រាប់ ខណៈដែលក្រុម Khmer United មិនអាចស៊ុតបាល់​ឆ្លងកាត់​អ្នកចាំទី​​ដៃស្អិត​របស់​​ស្ថាបនា បានមួយ​គ្រាប់​ណា​នោះ​ឡើយ​។ ចប់ការប្រកួត ក្រុមខ្លាំងស្ថាបនា បានគ្រប់គ្រង​ជើង​ឯក​ពានរង្វាន់ Khmer Real Estate ឆ្នាំ២០១៦ និងបាន​ទទួល​ពានធំមួយ អបដោយ​ទឹកប្រាក់​​លើកទឹកចិត្ត​ចំនួន ៤លានរៀល។