ភ្នំពេញ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ - ធនាគារ ស្ថាបនា បានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការសេវាបង្កើតគណនីធនាគារអនឡាញ តាមរយៈកម្មវិធីធនាគារតាមទូរស័ព្ទរបស់ខ្លួន ហើយកម្មវិធីនេះនឹងធ្វើឲ្យការបង្កើតគណនីធនាគារ ជាមួយធនាគារ ស្ថាបនា កាន់តែមានភាពងាយស្រួលជាងមុនមួយកម្រិតទៀត។
ការមានគណនីជាមួយធនាគារដែលមានអាជ្ញាប័ណ្ណ និងកេរ្តិ៍ឈ្មោះ ដូចជា ធនាគារ ស្ថាបនា គឺមានសារៈសំខាន់ណាស់ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនប្រកបដោយភាពប្រុងប្រយ័ត្ន និងអនុញ្ញាតឱ្យម្ចាស់គណនីទទួលបានសេវាកម្មធនាគារដ៏សម្បូរបែប ព្រមទាំងទំនុកចិត្តខ្ពស់ផងដែរ ដោយពួកគាត់អាចដឹងថាទ្រព្យសម្បត្តិរបស់ខ្លួនត្រូវបានការពារយ៉ាងមានសុវត្ថិភាព។
ជាមួយនឹងមុខងារថ្មីដែលមាននៅក្នុងកម្មវិធីធនាគារតាមទូរស័ព្ទដៃរបស់ខ្លួន (Sathapana Mobile) ធនាគារ ស្ថាបនា បានធ្វើឲ្យការបង្កើតគណនីធនាគារកាន់តែសាមញ្ញ និងងាយស្រួល ដោយចំណាយពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។
ដើម្បីទទួលបានអត្ថប្រយោជន៍ពីគណនីធនាគារ ស្ថាបនា អតិថិជនគ្រាន់តែទាញយកកម្មវិធីធនាគារតាមទូរស័ព្ទដែលមានឈ្មោះថា Sathapana Mobile ទៅក្នុងទូរស័ព្ទដៃរបស់ពួកគេ ដែលមាននៅក្នុងកម្មវិធី App Store ឬ Play Store ហើយអនុវត្តតាមការណែនាំងាយៗក្នុងការបង្កើតគណនីធនាគារដោយគ្រាន់តែប្រើលេខទូរស័ព្ទឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសម្រាប់ពលរដ្ឋកម្ពុជា ឬលិខិតឆ្លងដែនសម្រាប់ជនបរទេស។
ដោយចំណាយពេលតែប៉ុន្មាននាទីប៉ុណ្ណោះ អតិថិជនក៏អាចបើកគណនីធនាគារមួយបាន និងអាចចាប់ផ្ដើមប្រើសេវាកម្មធនាគាររបស់ ធនាគារ ស្ថាបនា បាន ដែលមានដូចជា ការទូទាត់វិក្កយបត្រចំណាយ សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស ការផ្ទេរប្រាក់ទៅដៃគូសហការដូចជា វីង ផាយផេ ទ្រូម៉ាន់នី លីហួរវេរលុយ អ៊ីម៉ាន់នី និងបាគង និងសេវាកម្មផ្សេងៗទៀតជាច្រើនទៀត។
លោក លឹម អូន ប្រធាននាយកប្រតិបត្តិនៃធនាគារ ស្ថាបនា បានមានប្រសាសន៍ថា៖ «ដោយសារចំនួនអ្នកចូលរួមក្នុងប្រព័ន្ធហិរញ្ញវត្ថុផ្លូវការមានការកើនឡើងជាលំដាប់ ធនាគារ ស្ថាបនា បាននឹងកំពុងខិតខំជម្រុញការអភិវឌ្ឍន៍ដើម្បីធានាថាដំណើរឆ្ពោះទៅរកការដាក់បញ្ចូលហិរញ្ញវត្ថុ និងការអភិវឌ្ឍប្រទេសជាតិ កាន់តែមានភាពងាយស្រួលបំផុតតាមដែលអាចធ្វើទៅបាន។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលទំនើបចុងក្រោយនេះ បានធ្វើឲ្យការបង្កើតគណនីធនាគារនៅប្រទេសកម្ពុជា ជាពិសេសមួយធនាគារ ស្ថាបនា កាន់តែសាមញ្ញ ងាយស្រួល និងចំណេញពេលវេលា។»
លោក លឹម អូន បានបន្ថែមទៀតថា៖ «លោកអ្នកអាចបើកគណនីធនាគារបានយ៉ាងងាយស្រួល ពីគ្រប់ទីកន្លែង ប្រកបដោយសុវត្ថិភាពខ្ពស់ តាមរយៈកម្មវិធីធនាគារតាមទូរស័ព្ទដៃ (Sathapana Mobile) របស់ ធនាគារ ស្ថាបនា ដែលមាននៅលើទូរស័ព្ទដៃ ដោយមិនចាំបាច់ធ្វើដំណើរទៅសាខាធនាគារនោះឡើយ។»
ជាមួយគណនីធនាគារអនឡាញ អតិថិជនអាចធ្វើប្រតិបត្តិការបាន២៥០ដុល្លារអាមេរិកក្នុងមួយប្រតិបត្តិការ ប៉ុន្តែអតិថិជនអាចប្ដូរគណនីប្រភេទនេះ ឱ្យទៅជាគណនីដែលអាចធ្វើប្រតិបត្តិការជាមួយទំហំទឹកប្រាក់ធំជាងមុនបានយ៉ាងងាយស្រួល ដោយគ្រាន់តែធ្វើដំណើរទៅកាន់សាខាធនាគារ ស្ថាបនា ណាមួយក៏បាន ក្នុងចំណោមសាខាច្រើនជាង ១៧០ទីតាំង នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ហើយភ្ជាប់មកជាមួយនូវទូរស័ព្ទដៃ ដែលបានប្រើពេលបើកគណនី អនឡាញ នោះ ព្រមទាំងអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ឬលិខិតឆ្លងដែនជាការស្រេច។
បន្ថែមពីនេះទៀត ចាប់ពីថ្ងៃទី១៣ ខែឧសភា តទៅ ធនាគារ ស្ថាបនា នឹងផ្តល់ជូនអតិថិជននូវជម្រើសថ្មីមួយទៀត នោះគឺការបើកគណនីធនាគារ តាមរយៈការជួបផ្ទាល់ជាមួយបុគ្គលិកធនាគារ ស្ថាបនា ដែលនឹងចុះទៅដល់គេហដ្ឋាន ឫកន្លែងធ្វើការរបស់អតិថិជន ដើម្បីបើកគណនីធនាគារជូនពួកគាត់នឹងអាចដំនើរការបានភ្លាមៗតែម្តង។
អំពីធនាគារស្ថាបនា
ធនាគារ ស្ថាបនា ជាធនាគារពាណិជ្ជឈានមុខគេមួយក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានទ្រព្យសកម្មសរុបលើស ១.៧ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកច្រើនជាង ៤.០០០នាក់។ ធនាគារយើងខ្ញុំជាធនាគារដែលមានបណ្តាញសាខាច្រើនបំផុតទី២ ជាមួយនឹងចំនួនសាខាច្រើនជាង ១៧០ទីតាំង និងអេធីអឹមជាង ២២០គ្រឿង ដែលមានសមត្ថភាពពេញលេញដូចជាដាក់ប្រាក់ ដកប្រាក់ និងធ្វើការទូទាត់ប្រាក់។ យើងខ្ញុំផ្តល់ជូនអតិថិជននូវសេវាកម្មធនាគារពេញលេញ រួមមាន សេវាឥណទាន, សេវាបញ្ញើ សេវាiBanking សេវាធនាគារតាមទូរស័ព្ទដៃ, ប័ណ្ណឥណពន្ធនិងឥណទាន, សេវាផ្ទេរប្រាក់ក្នុងនិងក្រៅប្រទេស Western Union ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាផ្សេងៗទៀតជាច្រើន។ លើសពីនេះ ធនាគារក៏បានធ្វើការសហការជាមួយក្រុមហ៊ុនផ្ទេរនិងទូទាត់ប្រាក់មួយចំនួនទៀតដូចជា វីង ផាយផេ ទ្រូម៉ាន់នី លីហួរវេលុយ អ៊ីម៉ាន់នី និងបាគង ដើម្បីផ្តល់នូវភាពងាយស្រួលដល់អតិថិជន។