ការ​ចូល​រួម​របស់​ធនាគារ ស្ថាបនា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​រីក​រាល​ដាល​នៃ​វីរុស COVID-19

ធនាគារ ស្ថាបនា ជា​ធនាគារ​ពាណិជ្ជ​ឈាន​មុខ​គេ​មួយ​ក្នុង​ប្រទេស​កម្ពុជា​ សូម​ជម្រាប​ទៅ​កាន់​សាធារណៈ​ជន​ឲ្យ​បាន​ជ្រាប​ថា​​ ធនាគារយើង​ខ្ញុំ​នឹង​ចូល​រួម​គាំ​ទ្រ​នូវ​វិធាន​ការ​ដាក់​ចេញ​និង​អនុសាសន៍​របស់​ រាជ​រដ្ឋាភិបាល​កម្ពុជា និង​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ដើម្បី​ឆ្លើយ​តប​នឹង​បញ្ហា​ប្រឈម​នា​ពេល​បច្ចុប្បន្ន​នេះ និង​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​ជា​អវិជ្ជមាន​​​ ដោយ​សារ​ការ​រីករាល​ដាល​នៃវីរុស​ COVID-19​​។
ធនាគារ ស្ថាបនា​​ នឹង​បន្ត​ចូល​រួម​ក្នុង​ការ​ធានា​នូវ​និរន្តរ​ភាព​អាជីវ​កម្ម​ក្នុង​ប្រទេស​កម្ពុជា ដោយ​បន្ត​ ផ្តល់​ឥណ​ទាន​ដល់​វិស័យ​អាទិភាព​ដែល​រង​ផល​ប៉ះ​ពាល់​​ ជា​ពិសេស​ចំពោះ​អាជីវកម្ម​​ធុន​តូច​និង​មធ្យម​ ក្នុង​វិស័យ​ទេសចរណ៍​​ សណ្ឋាគារ​ ផ្ទះ​សំណាក់​​​ ភោជនីយដ្ឋាន សំណង់​ វាយន​ភណ្ឌ​កាត់​ដេរ និង​ផលិត​ស្បែក​ជើង​ តាម​លទ្ធភាព​ជាក់​ស្តែង។ លើស​ពី​នេះ​ធនាគារ​យើង​ខ្ញុំ​នឹង​រក្សា​ឥរិយាបថ​ទន់​ភ្លន់​ ​និង​ពិនិត្យ​តាម​លទ្ធភាព​ជាក់​ស្តែង​ក្នុង​ការ​ដោះ​ស្រាយ​បំណុល​យឺត​យ៉ាវ​ ដែល​បណ្តាល​មក​ពី​ផល​ប៉ះ​ពាល់​អវិជ្ជមាន​នៃ​វីរុស​ COVID-19​​។
ដើម្បី​ធានា​នូវ​និរន្តរ​ភាព​នៃ​ប្រត្តិបត្តិ​ការ​របស់​ធនាគារ ស្ថាបនា ​យើង​ខ្ញុំ​បាន​ដាក់​ចេញ​នូវ​វិធាន​ការ​ ការ​ពារ​យ៉ាង​តឹង​រឹង ចំពោះ​​បុគ្គលិក និង​អតិថិជន សំរាប់​ការ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​វីរុស COVID-19​​ ដោយ​មាន​ការ​ត្រួត​ពិនិត្យ​សីតុណ្ហភាព​មុន​ពេល​ចូល​ធនាគារ​​​ ការ​លាង​សម្អាត​ដៃ​ជា​មួយ​ទឹក​អាកុល​ ឬ​សាប៊ូ​ជា​ប្រចាំ ព្រម​ទាំង​វិធាន​ការ​អនាម័យ​និង​ការ​ពារ​ផ្សេងៗ​ទៀត​ដែល​ដាក់​ចេញ​ដោយ​ក្រសួង​សុខាភិបាល។