អតីតបុគ្គលិករបស់ធនាគារ ស្ថាបនា ឈ្មោះ អ៊ូ ចំរើន ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទរំលោភលើទំនុក ចិត្តពីសំណាក់លោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ ហើយបច្ចុប្បន្នកំពុងត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន ដោយយោងតាមសារព័ត៌មានក្នុងស្រុកដែលចុះនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ ។
តាមរយៈការស៊ើបអង្កេតផ្ទៃក្នុងរបស់ធនាគារ លោក អ៊ូ ចំរើន បានសារភាពដោយស្ម័គ្រចិត្តថា ខ្លួនពិតជាបាន ប្រមូលនូវប្រាក់សងត្រលប់របស់អតិថិជនចំនួន ០៧ នាក់ ដែលសរុបជាទឹកប្រាក់ចំនួនប្រមាណ ១២ លានរៀល និង ដែលលោកមិនបានប្រគល់ប្រាក់នោះទៅឱ្យធនាគារឡើយ ដោយលោកយកទៅលេងល្បែងស៊ីសង។ ធនាគារ ស្ថាបនា បានសម្រេចធ្វើការបញ្ចប់កិច្ចសន្យាការងាររបស់លោក អ៊ូ ចំរើន ដែលជាអតីតជំនួយការគ្រប់គ្រងអតិថិជន ដោយមូលហេតុកំហុសធ្ងន់ធ្ងរ និងបានដាក់ពាក្យបណ្តឹងផ្លូវការទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការផ្លូវច្បាប់បន្ត។
ស្របពេលជាមួយគ្នានេះដែរ ធនាគារ ស្ថាបនា ក៏បានជួប និងពន្យល់ជូនអតិថិជនដែលរងគ្រោះ ដោយសារទង្វើរបស់អតីតបុគ្គលិករូបនេះ នូវអង្គហេតុពិតប្រាកដ និងវិធានការដែលធនាគារ ស្ថាបនា បាន និងកំពុងចំណាត់ការ ភ្លាមៗផងដែរ។
ជាចុងក្រោយ ធនាគារ ស្ថាបនា សូមជម្រាបជូនអតិថិជនទាំងអស់មេត្តាជ្រាបថា ធនាគារយើងខ្ញុំ តែងតែចាត់ វិធានការតឹងរ៉ឹងបំផុតក្នុងការពិនិត្យ និងស្រាវជ្រាវនូវទង្វើមិនប្រក្រតី ក៏ដូចជាការពង្រឹងនូវវិន័យរបស់បុគ្គលិក ដោយ ធនាគារមិនមានការលើកលែង និងយោគយល់ជាដាច់ខាតចំពោះបុគ្គលិកណាមួយដែលប្រព្រឹត្តកំហុស។
ដូច្នេះ ធនាគារ ស្ថាបនា សូមធ្វើការចែករំលែកនូវព័ត៌មាននេះជូនសាធារណៈជនមេត្តាជ្រាប ក្នុងការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដើម្បីចៀសវាងការធ្វើជាឈ្នាន់របស់បុគ្គលទុច្ចរិតណាម្នាក់ ដែលអាចនឹងប្រើប្រាស់មុខតំណែងជាបុគ្គលិកធនាគារក្នុងការធ្វើទង្វើ មិនប្រក្រតីណាមួយ។
ប្រសិនបើអតិថិជនបានរកឃើញ ឬ ដឹងអំពីការប្រព្រឹត្តខុសពីសំណាក់បុគ្គលិកណាមួយ ធនាគារ ស្ថាបនា ស្នើសុំនូវការចូលរួមពីអតិថិជន និងលើកទឹកចិត្តក្នុងការផ្តល់ព័ត៌មានទាំងនោះមកកាន់ធនាគារ តាមរយៈប្រព័ន្ធ ទូរស័ព្ទ +855 (0) 23/81 999 010 ៕