កម្ម​វិធី​សិក្ខា​សាលា​របស់​ធនាគារ​ ស្ថាបនា​ ភីអិលស៊ី

កាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦​ ធនាគារ ស្ថាបនា ភីអិលស៊ី បានប្រារព្ធ​កម្មវិធីសិក្ខា​សាលា​ស្តីពី “យុទ្ធសាស្ត្រ​នៃការ​គ្រប់គ្រង​ទីផ្សារ និងឱកាសការងារ ក្នុងធនាគារ ស្ថាបនា ភីអិលស៊ី” នៅសាកល​វិទ្យាល័យ​គ្រប់គ្រង និង សេដ្ឋកិច្ច ដែលមាននិស្សិត​ចូលរួមចំនួន​២០០នាក់។ ហើយនៅព្រឹក​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០១៦ ធនាគារ​ ស្ថាបនា បានបន្តកម្មវិធីសិក្ខា​សាលា​មួយផ្សេងទៀត​លើ ប្រធានបទ​ដូចគ្នា​នៅសាកល​វិទ្យាល័យ​បាត់ដំបង ដែលមាននិស្សិត​ចូលរួម ចំនួន​២៥០ នាក់។

សិក្ខាសាលានេះត្រូវបានប្រារព្ធឡើង​ក្រោម​អធិបតីភាព​របស់​លោក គី រដ្ឋា នាយក​​ នាយកដ្ឋាន​ទីផ្សារ​ធនាគារ ស្ថាបនា ភីអិលស៊ី ​លោក ព្រុំ វិបុល នាយក​សា​ខា​បាត់​ដំបង លោក ប៊ិន ឆុំ សាកលវិទ្យាធិការរង នៃសាកល​វិទ្យាល័យ​​​​បាត់ដំបង និង​លោកបណ្ឌិត យុទ្ធ ចេតនា សាកលវិទ្យាធិការរង នៃសាកល​វិទ្យាល័យ គ្រប់គ្រង និង សេដ្ឋកិច្ច។

សិក្ខាសាលានេះ​មានបំណង​ផ្តល់​ចំណេះដឹង​​ពិតប្រាកដ ព្រមទាំងសមត្ថភាព ស្នូលដល់និស្សិត ដើម្បីឱ្យពួក​គេ​មាន​សមត្ថភាព​​ពេញលេញ​សម្រាប់ ចាប់យក​ឱកាស​ការងារនៅក្នុងគ្រឹះស្ថាន ហិរញ្ញវត្ថុនានា ឬក្នុងវិស័យ​ធនាគារ​ក្នុងប្រទេស​​កម្ពុជា​​ក្រោយពេល​បញ្ចប់​ការសិក្សា។

លោក ប៊ិន ឆុំ សាកលវិទ្យាធិការរង នៃសាកល​វិទ្យាល័យ​​​បាត់ដំបង បានមាន ប្រសាសន៍ថា “ខ្ញុំសប្បាយ​ចិត្តខ្លាំង​ណាស់​ជាមួយនឹងវត្ត​មានរបស់​ធនាគារ ស្ថាបនា ភីអិលស៊ី នៅសាកលវិទ្យាល័យរបស់យើងខ្ញុំ។ ខ្ញុំសូមថ្លែង​អំណរ​គុណ ចំពោះធនាគារ ស្ថាបនា ដែលផ្តល់​សិក្ខា​សាលានេះ​ដល់យើងខ្ញុំ​នៅ​ថ្ងៃនេះ។ យើងខ្ញុំចង់ឱ្យ​វិស័យរដ្ឋ និងឯកជន​ទាំងអស់​ចូលរួម​ចំណែកក្នុង​ប្រព័ន្ធអប់រំ​ដូច អ្វីដែលពួកយើង​កំពុងធ្វើនៅ​ថ្ងៃនេះ។ ដូច្នេះ និសិ្សត​របស់យើង​នឹង​មាន​សម្ថភាព បន្ថែមទៀត​សម្រាប់​ឱកាសការងារ​នាពេល​អនាគត។ លើសពីនេះ ថ្ងៃនេះអាច​ឱ្យនិសិ្សត​ទាំងអស់មាន​ឱកាសធ្វើការសាកសួរ​ទៅកាន់ វាគ្មិន ដែលជា ប្រតិបត្តិករ​ផ្ទាល់ដ៏សំខាន់​ម្នាក់ខាង​ផ្នែកហិរញ្ញវត្ថុ។”

នេះគឺជាកម្មវិធី​សិក្ខា​សាលាលើកទី៨​ក្នុងឆ្នាំ២០១៦ ដែលត្រូវបានរៀប​ចំដោយ​​ធនាគារ ស្ថាបនា ភីអិលស៊ី សម្រាប់សាកល​វិទ្យាល័យរដ្ឋ និងឯកជននានា ដែល​មាននិសិ្សត​​ចូលរួម​សរុបចំនួន​២៣០៥នាក់។