កម្ម​វិធី​សិក្ខា​សាលា​ប្រចាំ​ឆ្នាំ​ ២០១​៦​ របស់​ធនាគារ​ ស្ថាបនា​ ភីអិលស៊ី

បន្ទាប់ពីការរួមបញ្ចូលគ្នាដោយជោគជ័យរវាងធនាគារ ម៉ារ៉ូហាន់ជប៉ុន និងគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ស្ថាបនា លីមីតធីត ដើម្បី​កំលាយខ្លួនជាធនាគារ​ពាណិជ្ជ​ដែលមានតំបន់ប្រតិបត្តិការ​ច្រើនជាងគេ​លំដាប់ទីពីរ​ក្នុងព្រះរាជា​ណាចក្រ​កម្ពុជា ធនាគារថ្មីដែលមានឈ្មោះ ស្ថាបនា ភីអិលស៊ី បានទទួល​ការគាំទ្រយ៉ាងខ្លាំងពីសំណាក់សាធារណៈជននៅគ្រប់ ២៥ខេត្ត រាជធានី ជាពិសេសទទួលបាន​កំណើនឡើងនៃ​​ផលបត្រ​​ឥណទាន និងប្រាក់បញ្ញើយ៉ាងឆាប់រហ័ស។  ការកើនឡើងបន្តបន្ទាប់​គ្នា​ផ្ទួនៗ​នេះ អាស្រ័យដោយធនាគារ ស្ថាបនា ភីអិលស៊ី អាចរក្សាគុណភាពប្រតិបត្តិការ និងតែង​បានធ្វើ​បច្ចុប្បន្នភាពទីផ្សារជាប្រចាំដើម្បី​ធ្វើយ៉ាងណា​តម្រូវ​តាមសេចក្តីត្រូវការរបស់អតិថិជន​ក្នុងទីផ្សារ​ប្រកួត​ប្រជែង​។ ជាក់ស្តែង នាថ្ងៃទី០៦ ខែវិច្ឆិកា​ ឆ្នាំ២០១៦ កន្លងទៅ នាសណ្ឋាគារឯករាជ ក្រុងព្រះសីហនុ ថ្នាក់ដឹកនាំរបស់ ធនាគារ ស្ថាបនា ភីអិលស៊ី បានប្រារព្ធកម្មវិធីសិក្ខាសាលាប្រចាំឆ្នាំរបស់ខ្លួន ដើម្បីបូក​សរុប​លទ្ធផលសម្រេចបាន ក៏ដូចជា​ស្វែង​រក​យុទ្ធសាស្រ្តថ្មីៗឈាន​ទៅសម្រេច​ផែនការអាជីវកម្ម​នាឆ្នាំ​បន្ទាប់។ កម្មវិធីសិក្ខាសាលានេះមានការអញ្ជើញចូលរួមដោយលោកឧកញ៉ា បណ្ឌិត ប៊ុន មុនី ប្រធាននាយក​ប្រតិបត្តិ និងថ្នាក់ដឹកនាំសំខាន់ៗរបស់ធនាគារ ស្ថាបនា ភីអិលស៊ី សរុបជាង ៣០០នាក់ ដែល​បាន​អញ្ជើញ​មក​ពីគ្រប់​១៦២សាខា នៅទូទាំង២៥ខេត្ត រាជធានី ក្នុងព្រះរាជាណាចក្រកម្ពុជា ។

ថ្លែងក្នុងកម្មវិធីសិក្ខាសាលា លោកឧកញ្ញាបណ្ឌិត ប៊ុន មុន្នី ប្រធាននាយកប្រតិបត្តិបានមានប្រសាសន៍​ថា “ ស្ថា​បនា បានកសាងស្នាដៃល្អក្នុងប្រតិបត្តិការតាមរយៈការផ្តល់ប្រាក់កម្ចីរហ័សទាន់ចិត្ត និងមានភាពងាយស្រួលប្រកបដោយតម្លាភាព និងមានការគោរពអតិថិជនរបស់ខ្លួនប្រកបដោយវិជ្ជា​ជីវៈខ្ពស់ ដែលបង្កឱ្យមានការជឿជាក់ទុកចិត្តពីគ្រប់មជ្ឈដ្ឋានទាំង អតិថិជន អ្នកវិនិយោគទុនជាតិ និង​អន្តរជាតិ។ បើយើងពិនិត្យមើលលទ្ធផលរយៈពេល៤ឆ្នាំចុងក្រោយ បន្ទាប់ពីពេលដែល ម៉ារ៉ូហាន់ ធនាគារ ជប៉ុន បានក្លាយជាភាគទុនិករបស់ស្ថាបនា លីមីតធីត នាចុងឆ្នាំ២០១២កន្លងមក ពេលនោះ​គ្រឹះស្ថានមានសម្ពៀតឥណទានសរុបត្រឹមតែ ១២០លានដុល្លារ និងទ្រព្យសម្បត្តិ​សរុបមាន​ចំនួន១៥០​លានដុល្លារតែប៉ុណ្ណោះ តែមកដល់ត្រឹមដំណាច់ខែតុលា ឆ្នាំ២០១៦នេះ គឺមានសម្ពៀតឥណទាន ៥៩៥​លានដុល្លារ និងមានទ្រព្យសម្បត្តិសរុបចំនួន៩១៩លានដុល្លារ ពោលគឺមានកំណើន៤២១% និង៥៧០% រៀងគ្នា។”  លោកឧកញ៉ាបណ្ឌិត បានបន្ថែមទៀតថា “ស្ថាបនា បានព្យាករណ៍ឃើញថា សេវាកម្មហិរញ្ញវត្ថុ នៅតែមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេល​យូរអង្វែង​ពោលគឺជា កូនសោរចាក់ទំលាយភាពក្រីក្រ របស់ប្រជាពលរដ្ឋខ្មែរ។ ដូចនេះមន្ត្រីគ្រប់គ្រង និងបុគ្គលិកទាំងអស់​ បានប្តេជ្ញាចិត្ត​គាំទ្ររក្សាការពារ​ធានាថាបច្ចេកវិជ្ជានេះ នឹងមានវត្តមាន​បន្តប្រកបដោយ​ស្ថេរភាពក្នុងប្រទេសកម្ពុជា និងបន្តរីកចំរើនថែមទៀតនាពេលអនាគត។”

ឆ្លើយតប ចំពោះគោលបំណងនេះ ស្ថាបនា បានកំណត់យុទ្ធសាស្ត្រសំខាន់បួនគឺ ១). ការស្វែង​រក​ប្រភព​​ទុនដែលមានស្ថេរភាព ២). ការបន្តពង្រឹងសមត្ថភាពទាំងថ្នាក់គ្រប់គ្រង និងបុគ្គលិក ៣). ការ​អភិវឌ្ឍ​ផលិត​ផលថ្មី​ដើម្បីបំពេញរាល់តម្រូវការអតិថិជន ដើម្បីធ្វើយ៉ាងណាជួយអោយពួកគាត់​បន្ត​រីកចំរើនក្នុងអាជីវកម្ម និងសកម្មភាពសេដ្ឋកិច្ចផ្សេងៗ ៤). ការគ្រប់គ្រងហានិភ័យប្រតិបត្តិការ​ ការ​គោរព​ច្បាប់ ការយកចិត្តទុកដាក់ថែទាំសង្គម និងបរិស្ថាន និងការអនុវត្តតាមគោលការណ៍​នៃការ​ការពារ​អតិថិជន។

គួរបញ្ជាក់ថា ការខិតខំរបស់ស្ថាបនាក្នុងដំណើរប្រតិបត្តិការ​ហិរញ្ញវត្ថុក្នុងឆ្នាំ២០១៦នេះ បានធ្វើ​អោយ​មជ្ឈដ្ឋានជាតិ និងអន្តរជាតិ​ទទួលស្គាល់​​នូវ​ស្នា​ដៃដ៏អស្ចារ្យដែលស្ថាបនា បាននិងកំពុងបំពេញ​ហើយបានផ្តល់ជាលិខិតសរសើរ និងពានរង្វាន់​ជាច្រើន​បន្តបន្ទាប់ ដែលមានដូចជាThe Smart Campaign Award, The Outstanding Retail MFI Award, គ្រឿងឥស្សរិយយស​ពីព្រះ​មហា​ក្សត្រ​​​នៃព្រះរាជាណាចក្រកម្ពុជា និងលិខិតសរសើរពីក្រសួង និងស្ថាប័នរដ្ឋជាច្រើនផ្សេង​ទៀត។