គោលការណ៍ឯកជនភាពរបស់ ធនាគារ ស្ថាបនា ភីអិលស៊ី
សេចក្តីណែនាំ
គោលការណ៍ឯកជនភាពរបស់ធនាគារ ស្ថាបនា (ហៅកាត់ថា “គោលការណ៍ឯកជន”) មានគោលបំណងផ្តល់នូវព័ត៌មានទាក់ទងនឹងការប្រមូល ការបង្ហាញ ការប្រើប្រាស់ និងការចែករំលែក (ហៅជារួមថា “ដំណើរការ” )_ព័ត៌មានបុគ្គលដោយធនាគារ ស្ថាបនា និងបុត្រសម្ព័ន្ធរបស់ខ្លួន (តទៅនេះហៅថា “ធនាគារស្ថាបនា” “យើង” ឬ “យើងខ្ញុំ”) តាមរយៈការប្រើប្រាស់របស់លោកអ្នកនៅលើគេហទំព័ររបស់ធនាគារ ស្ថាបនា កម្មវិធីទូរសព្ទដៃ (Mobile Applications) និងទំព័របណ្ដាញសង្គម ដែលភ្ជាប់ទៅនឹងគោលការណ៍ឯកជនដោយអនុលោមតាមច្បាប់ជាធរមាន។ គោលការណ៍ឯកជននេះ ក៏ពន្យល់ផងដែរអំពីសិទ្ធិឯកជនរបស់លោកអ្នកទាក់ទងនឹងការដំណើរការព័ត៌មាននេះ។
ដូចដែលមានចែងក្នុងគោលការណ៍ឯកជននេះ ព័ត៌មាននិងទិន្នន័យផ្ទាល់ខ្លួន មានន័យថាព័ត៌មាន ទោះបីជាពិត ឬមិនពិតក៏ដោយ ដែលទាក់ទងនឹងការកំណត់អត្តសញ្ញាណឯកត្តបុគ្គល និងនីតិបុគ្គល។ សម្រាប់ព័ត៌មានជាអប្បរមាត្រូវរួមបញ្ចូលដោយមិនកំណត់តែទៅលើ ឈ្មោះក្រុមហ៊ុន និងឯកសារក្រុមហ៊ុន ឬ ឈ្មោះ អាសយដ្ឋាន ភេទ ថ្ងៃខែឆ្នាំកំណើត អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ លិខិតឆ្លងដែន អ៊ីម៉ែល មុខរបរ ព័ត៌មានលំអិតទាក់ទងនឹងអាជីវកម្ម លេខទូរស័ព្ទ ឬ ព័ត៌មានដែលប្រមូលបានតាមរយៈការទំនាក់ទំនងជាមួយពួកយើងនៅលើគេហទំព័រ ឬ ព្រឹត្តិការណ៍ផ្សេងៗ។ ព័ត៌មាននិងទិន្នន័យផ្ទាល់ខ្លួន សំដៅលើ (“ព័ត៌មានអំពីលោកអ្នក”)។
យើងស្នើលោកអ្នកអានគោលការណ៍ឯកជននេះដោយប្រុងប្រយ័ត្ន ដើម្បីដឹងច្បាស់អំពីដំណើរការនៃការអនុវត្តទិន្នន័យរបស់យើង មុនពេលចុះឈ្មោះ និង/ឬ ប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ធនាគារស្ថាបនា។ ប្រសិនបើលោកអ្នកមានកង្វល់ទាក់ទងនឹងការប្រើប្រាស់នូវព័ត៌មាន និងទិន្នន័យផ្ទាល់ខ្លួន លោកអ្នកអាចពិចារណាមិនប្រើប្រាស់គេហទំព័រនេះបាន។
តាមរយៈការប្រើប្រាស់គេហទំព័ររបស់យើង មានន័យថាលោកអ្នកបានផ្តល់នូវការយល់ព្រមជាលាយលក្ខណ៍អក្សរដល់យើង ដើម្បីរក្សាទុកព័ត៌មាន និងទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក។ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានរបស់លោកអ្នកនឹងមិនត្រូវបានចែករំលែក ឬលក់ទៅឱ្យភាគីទីបីណាមួយឡើយ លុះត្រាតែមានការទាមទារពីច្បាប់ ឬបទបញ្ញត្តិណាមួយ។ គោលការណ៍ឯកជននេះ អាចមានការផ្លាស់ប្តូរនៅពេលណាមួយ ឧទាហរណ៍ដូចជាការប្រតិបត្តិតាមច្បាប់ ឬស្របតាមតម្រូវការនៃការផ្លាស់ប្ដូរអាជីវកម្ម។
ការបដិសេធ
ព័ត៌មាននិងទិន្នន័យផ្ទាល់ខ្លួនដែលប្រមូលបានទាំងអស់ អាចស្វែងរកបាននៅលើគេហទំព័ររបស់យើង ហើយវាអាចត្រូវបានស៊ើបអង្កេត និងត្រួតពិនិត្យដោយធនាគារស្ថាបនា ឬដៃគូពាណិជ្ជកម្មរបស់យើង ឬភាគីទីបី។ ទោះបីជាយ៉ាងណា ធនាគារស្ថាបនា ឬដៃគូពាណិជ្ជកម្មរបស់យើង ឬភាគីទីបី មិនអះអាង ឬធានានូវភាពត្រឹមត្រូវ ភាពគ្រប់គ្រាន់ ភាពពេញលេញ និងបច្ចុប្បន្នភាពនៃព័ត៌មានដែលទទួលបាននោះឡើយ។
វិសាលភាពនៃគោលការណ៍ឯកជន
រាល់ព័ត៌មាននិងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ដែលប្រមូលនៅលើគេហទំព័ររបស់យើង ឬតាមរយៈទំនាក់ទំនងរបស់លោកអ្នកដែលមានជាមួយយើង ដូចបានចែងខាងលើ នឹងត្រូវបានប្រើប្រាស់សម្រាប់គោលបំណងដូចខាងក្រោម៖
• ការផ្ដល់ជូនសេវាកម្ម និងផលិតផលរបស់ធនាគារ ស្ថាបនា រួមទាំងគេហទំព័ររបស់ខ្លួន។
• ចុះឈ្មោះដើម្បីទទួលបានផលិតផល និងសេវាកម្មរបស់ធនាគារ ស្ថាបនា។
• ការជ្រើសរើសបុគ្គលិក និងគ្រឹះស្ថានសិក្សារបស់ស្ថាបនា។
• ឆ្លើយតបទៅនឹងសំនួរ និងការបញ្ចេញមតិកែលម្អ ក្នុងករណីដែលលោកអ្នកមានសំណើ និងកង្វល់ជាក់លាក់ណាមួយ។
• ស្រាវជ្រាវទីផ្សារ និងផ្សព្វផ្សាយពាណិជ្ជកម្ម។
• ការវាយតម្លៃពាណិជ្ជកម្ម ការទំនាក់ទំនង ព្រឹត្តិបត្រព័ត៌មាន និងការទំនាក់ទំនងអតិថិជនផ្សេងទៀត ដូចជាការស្ទង់មតិជាដើម។
• ការគ្រប់គ្រងកិច្ចសន្យា និងទំនាក់ទំនងជាមួយអ្នកផ្គត់ផ្គង់ និងអតិថិជនរបស់យើង។
• ប្រតិបត្តិការនៃគេហទំព័ររបស់យើង (អាសយដ្ឋាន IP, Cookies, ការបង្កើនល្បឿនគេហទំព័រ សុវត្ថិភាពទិន្នន័យ ទិន្នន័យអនាមិកសម្រាប់រាយការណ៍ និងស្ថិតិ និងសម្រាប់រក្សាទុកជូនអតិថិជន)។
• ការកែលម្អ និងការថែរក្សាគេហទំព័រ និងហេដ្ឋារចនាសម្ព័ន្ធរបស់យើង។
• វិភាគ អភិវឌ្ឍ កែលម្អ និងបង្កើនប្រសិទ្ធភាពការប្រើប្រាស់ មុខងារ និងដំណើរការគេហទំព័រ សេវាកម្ម និងផលិតផលរបស់យើង។
• អនុលោមតាមកាតព្វកិច្ចផ្លូវច្បាប់ និងបទបញ្ញត្តិជាធរមាន ឬ ធ្វើជាជំនួយផ្នែកច្បាប់សម្រាប់ការអនុវត្តន៍ និងស៊ើបអង្កេតដែលអនុវត្តដោយសមត្ថកិច្ចពាក់ព័ន្ធ និង/ឬ ប្រតិបត្តិការសម្រាប់តម្រូវការអាជីវកម្មរបស់យើង។
សិទ្ធិរបស់លោកអ្នក
ព័ត៌មាននិងទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក នឹងមិនត្រូវបានរក្សាទុកនៅធនាគារស្ថាបនាលើសពីភាពចាំបាច់នោះឡើយ។ បន្ទាប់ពីនេះ ព័ត៌មាននិងទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក នឹងត្រូវបានលុបចោល លើកលែងតែតម្រូវដោយច្បាប់ ឬបទបញ្ញត្តិផ្សេងៗ។
លោកអ្នកមានសិទ្ធិស្នើសុំយើងខ្ញុំដើម្បីចូលប្រើប្រាស់ កែតម្រូវ រឹតបន្តឹង ទទួលច្បាប់ថតចម្លង និងស្នើសុំលុបព័ត៌មាននិងទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកតាមច្បាប់ និងបទបញ្ញត្តិជាធរមាន។ ដូចគ្នាផងដែរ លោកអ្នកក៏អាចស្នើសុំធ្វើបច្ចុប្បន្នភាពព័ត៌មានឯកជនរបស់លោកអ្នកបានគ្រប់ពេលវេលា ប្រសិនបើវាមិនត្រឹមត្រូវ ឬមិនពេញលេញ។ នៅក្នុងស្ថានភាពមួយចំនួន លោកអ្នកមានសិទ្ធិស្នើសុំឲ្យយើងលុប ឬរឹតបន្តឹងព័ត៌មានរបស់លោកអ្នក ប៉ុន្តែយើងមានសិទ្ធិក្នុងការបន្តរក្សាទុក ឬបន្តដំណើរការព័ត៌មានរបស់លោកអ្នក ឬបដិសេធការស្នើសុំរបស់អ្នក។
ប្រសិនបើលោកអ្នកមានចម្ងល់ ឬការតវ៉ាទាក់ទងនឹងគោលការណ៍ឯកជននេះ សូមទាក់ទងមកយើងខ្ញុំតាមរយៈផ្នែកបម្រើអតិថិជន (+៨៥៥ (០) ២៣/៨១ ៩៩៩០១០ និងតាមរយៈអ៊ីម៉ែល customercare@sathapana.com.kh ឬតាមរយៈសាខាដែលនៅជិតលោកអ្នកបំផុត។ យើងនឹងធ្វើការស៊ើបអង្កេត និងព្យាយាមដោះស្រាយរាល់បញ្ហា និង/ឬ ការតវ៉ាទាក់ទងទៅនឹងការប្រើប្រាស់ និងការបង្ហាញនូវព័ត៌មាន និងទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក ដោយអនុលោមតាមគោលការណ៍ឯកជននេះ និងច្បាប់ជាធរមាន។
សុវត្ថិភាពទិន្នន័យ
យើងប្តេជ្ញាការពារនូវព័ត៌មាន និងទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក ប្រឆាំងនឹងការបំផ្លិចបំផ្លាញដោយចៃដន្យ ឬដោយខុសច្បាប់ ការបាត់បង់ដោយចៃដន្យ ការរិចរឹល និងការលាតត្រដាង ឬ ការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាត។ យើងត្រួតពិនិត្យ និងកត់ត្រានូវការផ្លាស់ប្តូរទិន្នន័យដើម្បីរក្សានូវការសម្ងាត់ ភាពត្រឹមត្រូវ និងហេដ្ឋារចនាសម្ព័ន្ធ និងព័ត៌មានទិន្នន័យរបស់យើង។ លើសពីនេះទៀត ក្នុងករណីមានសកម្មភាពសង្ស័យ ធនាគារស្ថាបនា អាចប្រមូលទិន្នន័យ (រួមទាំងទិន្នន័យផ្ទាល់ខ្លួន) ពីប្រភពផ្សេងៗដើម្បីចាប់ផ្តើម និងគ្រប់គ្រងទៅលើការស៊ើបអង្កេតរបស់ខ្លួន។
រាល់ព័ត៌មាននិងទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកដែលប្រមូលបាន នឹងត្រូវយកមកប្រើប្រាស់ដើម្បីអនុវត្តកាតព្វកិច្ចទាក់ទងនឹងផលិតផល និងសេវាកម្មរបស់ធនាគារស្ថាបនា ហើយអាចត្រូវបានចែករំលែកផងដែរទៅកាន់ភ្នាក់ងារ អ្នកផ្តល់សេវាដែលជាភាគីទីបី និងអាជ្ញាធរពាក់ព័ន្ធ។ ធនាគារស្ថាបនា និងភាគីទីបី ឬ ភ្នាក់ងារដែលទទួលបានការអនុញ្ញាត ដែលអាចចូលទៅកាន់ព័ត៌មានរបស់អ្នក ឬ អនុវត្តការងារណាមួយក្នុងនាមយើងខ្ញុំ ត្រូវគោរពតាមស្តង់ដារប្រតិបត្តិតាមដើម្បីការពារព័ត៌មាន ដោយអនុវត្តតាមយន្តការការពារសុវត្ថិភាពឱ្យបានសមស្របសម្រាប់រាល់ទិន្នន័យទាំងអស់។
លក្ខខណ្ឌប្រើប្រាស់
គេហទំព័រនេះ ត្រូវបានបង្កើតឡើងដោយធនាគារស្ថាបនា ហើយវាត្រូវបានដាក់ឱ្យដំណើរការក្រោមឈ្មោះ www.sathapana.com.kh។ លោកអ្នកមានកាតព្វកិច្ចគោរពរាល់លក្ខខណ្ឌប្រើប្រាស់ និងគោលការណ៍ឯកជននៅក្នុងគេហទំព័រនេះ។
អំឡុងពេលប្រើប្រាស់គេហទំព័រនេះ លោកអ្នកទទួលស្គាល់និងព្រមព្រៀងថា គេហទំព័រធនាគារស្ថាបនា អាចមានតំណភ្ជាប់ទៅគេហទំព័រផ្សេងទៀតដែលដំណើរការ និងគ្រប់គ្រងដោយភាគីទីបី ហើយលោកអ្នកយល់ព្រមថានឹងទទួលខុសត្រូវទៅលើការខូចខាត ការបាត់បង់ដោយចៃដន្យ ការរិចរឹល និងការចូលប្រើដោយគ្មានការអនុញ្ញាត ដែលអាចកើតមានឡើងពីគេហទំព័រភាគីទីបីនេះ។ រាល់សំណើទាក់ទងនឹងការលក់ និងព័ត៌មានទាក់ទងនឹងទំនិញ ឬសេវាកម្មដែលមានលើគេហទំព័រភាគីទីបី គឺជាការទទួលខុសត្រូវរបស់គេហទំព័រភាគីទីបីនេះ។
កម្មសិទ្ធិបញ្ញា៖ កម្មសិទ្ធិទាំងអស់ដែលមាននៅលើគេហទំព័រនេះ គឺជាកម្មសិទ្ធិ ឬទទួលបានអាជ្ញាប័ណ្ណដោយធនាគារស្ថាបនា។ លោកអ្នកមិនមានសិទ្ធិផលិតឡើងវិញ បោះពុម្ពឡើងវិញ ចែកចាយ ឬកែសម្រួល ឬផ្លាស់ប្តូរព័ត៌មានមួយផ្នែក ឬទាំងស្រុង ទោះបីជាក្នុងទម្រង់ណាមួយក៏ដោយ។
ស័្វយភាពនៃបញ្ញត្តិ៖ ភាពមិនត្រឹមត្រូវ ភាពខុសច្បាប់ ឬភាពមិនអាចអនុវត្តបាននៃលក្ខខណ្ឌណាមួយដែលមានក្នុងគេហទំព័រនេះ នឹងមិនប៉ះពាល់ដល់លក្ខខណ្ឌផ្សេងទៀតដែលនៅមាន សុពលភាព ស្របច្បាប់ និងភាពអាចអនុវត្តបាននោះឡើយ។
Cookies៖ Cookies គឺជាចំណែកតូចនៃព័ត៌មានដែលបានរក្សាទុក និងបានចែករំលែកដោយកម្មវិធីរុករកតាមអ៊ីនធឺណែតនៅលើទូរសព្ទដៃ ឬ អង្គផ្ទុកទិន្នន័យ (Computer’s hard drive) ឬនៅក្នុងអង្គចងចាំតំណភ្ជាប់ (browser memory)។ យើងប្រើ Cookies នៅលើគេហទំព័ររបស់យើង ដើម្បីធានាបាននូវបទពិសោធន៍ល្អបំផុត និងមានសុវត្ថិភាពខ្ពស់នៅលើគេហទំព័ររបស់យើង ដើម្បី ផ្តល់ជូនលោកអ្នកនូវព័ត៌មានដែលសមស្របទាក់ទងនឹងផលិតផល និងសេវាកម្ម។
ធនាគារស្ថាបនា ប្រើ Cookies ឬកបច្ចេកវិទ្យាស្រដៀងគ្នានៅលើគេហទំព័ររបស់ខ្លួន ដើម្បីប្រមូលព័ត៌មានតាមអនឡាញ ដូចជាលេខសម្គាល់ទូរសព្ទចល័តរបស់លោកអ្នក អាសយដ្ឋាន IP និងព័ត៌មានផ្សេងទៀតពីឧបករណ៍របស់លោកអ្នក ក៏ដូចជាលក្ខណៈទិន្នន័យនៃការប្រើប្រាស់ឧបករណ៍របស់លោកអ្នកនៅលើគេហទំព័ររបស់យើង។