សារពីប្រធានក្រុមប្រឹក្សាភិបាល
នៅឆ្នាំ ២០២១ ជំងឺរាតត្បាតកូវីដ១៩ បានបន្តកើតមានឡើងបានធ្វើឱ្យប៉ះពាល់ ដល់សេដ្ឋកិច្ចពិភពលោក។ ហើយដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ ពិភពលោកទាំងមូលបានខិតខំប្រឹងប្រែងលើការបង្កើនអត្រាចាក់វ៉ាក់សាំង។ ការខិតខំប្រឹងប្រែងនេះ បានធ្វើឱ្យ មានការថយចុះនូវផលប៉ះពាល់សុខភាព និងអត្រាអ្នកស្លាប់ ដែលអនុញ្ញាតឱ្យប្រទេសផ្សេងទៀតរួមទាំងប្រទេសកម្ពុជាអាចឆ្លងផុតដំណាក់កាលដ៏លំបាកមួយនេះបានយ៉ាងល្អប្រសើរ។ នៅក្នុងប្រទេសកម្ពុជា គិតត្រឹមខែឧសភា ឆ្នាំ២០២២ ប្រជាជនកម្ពុជាប្រហែល ៩៣% បានទទួលការចាក់វ៉ាក់សាំងពេញលេញ។ ជាលទ្ធផល បានជំរុញឱ្យប្រទេសកម្ពុជាចាប់ផ្តើមបើកប្រទេសឡើងវិញក្នុងការធ្វើពាណិជ្ជកម្ម និងទេសចរណ៍ ដែលធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចចាប់ផ្តើមរីកចម្រើនឡើងវិញក្នុងឆ្នាំ ២០២២ និង២០២៣។
កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជាបានស្ទុះងើបឡើងវិញប្រមាណ ៣,០% ក្នុងឆ្នាំ ២០២១ បន្ទាប់ពីបានធ្លាក់ចុះរហូតដល់ ៣,១% ក្នុងឆ្នាំ២០២០ ដោយសារតែរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបាន ដាក់នូវគោលនយោបាយ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃជំងឺកូវីដ១៩ និងស្តារសេដ្ឋកិច្ចជាតិឡើងវិញ។ ទន្ទឹមនឹងនោះផងដែរ ធនាគារជាតិ នៃកម្ពុជា ក៏បានចេញនូវវិធានការបន្ថយដើមទុន និងបានបន្ធូរបន្ថយតម្រូវការអភិរក្សមូលធន និងសាច់ប្រាក់ក៏ដូចជាសារាចរណែនាំ ស្តីពីឥណទានរៀបចំឡើងវិញ មានសុពលភាព ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីធ្វើការសម្រួលបន្ទុក និងគាំទ្រអតិថិជនដែលរងផលប៉ះពាល់ក្នុងវិស័យអាទិភាពដូចជា វិស័យទេសចរណ៍ សំណង់ កាត់ដេរ និងវិស័យដឹកជញ្ជូន។
ធនាគារ ស្ថាបនា ទទួលបានប្រាក់ចំណេញសុទ្ធចំនួន ៥៤ លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២១ ដោយកើនឡើង ៣១% បើធៀបនឹងលទ្ធផលប្រចាំឆ្នាំ២០២០ ដែលទទួលបានប្រាក់ចំណេញសុទ្ធចំនួន ៤១ លានដុល្លារអាមេរិក។ ដូចគ្នានេះផងដែរ ទ្រព្យសកម្មសរុបរបស់យើងបានកើនឡើងរហូតដល់ ២,៤៤ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២១ បើធៀបនឹងឆ្នាំ ២០២០ មានទ្រព្យសកម្មសរុបចំនួន ២,១ ពាន់លានដុល្លាអាមេរិក ដោយកើនឡើងរហូត ដល់ ១៦,២%។ មូលធន មូលនិធិ សន្ទនីយភាព និងដើមទុននៅតែរឹងមាំ ដែលអាចបញ្ជាក់យ៉ាងច្បាស់ពីការរីកចម្រើនរបស់ធនាគារ ស្ថាបនា ទោះស្ថិតក្នុងអំឡុងពេលវិបត្តិកូវីដ១៩។ ក្នុងឆ្នាំ ២០២១ គឺជាឆ្នាំមួយដែលយើងបានធ្វើការវិនិយោគយ៉ាងច្រើនទៅ
លើឌីជីថលនីយកម្ម និងបានដាក់ឱ្យដំណើរការបានដោយជោគជ័យនូវផលិតផល និងសេវាកម្មធនាគារថ្មីៗដូចជា គណនីសន្សំឆ្លាតវៃ សេវាផ្ទេរប្រាក់បានភ្លាមៗ (Retail Pay) សេវាបើកប្រាក់បៀវត្សរ៍ និងសេវាផ្ទេរប្រាក់ភ្លាមៗតាមរយៈបាគង។ ហើយនេះ គឺជាការឆ្លើយតបបាន យ៉ាងរហ័សទៅតាមតម្រូវការ និងការពេញចិត្តរបស់អតិថិជនចំពោះសេវាធនាគារឌីជីថលក្នុងប្រទេសកម្ពុជាក្នុងអំឡុង ពេលជំងឺរាតត្បាត។ ជាឧទាហរណ៍ Sathapana Pay អនុញ្ញាតឱ្យអតិថិជនមានភាពងាយស្រួលក្នុងការធ្វើដំណើរដោយមិនចាំបាច់ដាក់សាច់ប្រាក់តាមខ្លួន ដោយគ្រាន់តែធ្វើការទូទាត់តាមរយៈ QR កូដ។ សម្រាប់ឆ្នាំខាងមុខ យើងនឹងមានការបង្កើនការវិនិយោគដើម្បីបង្កើនប្រព័ន្ធបច្ចេកវិទ្យា និងឌីជីថលបន្ថែមទៀតប្រកបដោយប្រសិទ្ធភាព និងស្តង់ដារខ្ពស់ ក្នុងការផ្តល់បទពិសោធន៍អតិថិជនកាន់តែប្រសើរឡើង។
ស្របពេលជាមួយគ្នានេះផងដែរ ខ្ញុំពិតជាមានសេចក្តីត្រេកអរយ៉ាងក្រៃលែងដែលធនាគារ ស្ថាបនា បានផ្តល់សារៈសំខាន់នៃការចូលរួមរបស់សហគ្រិនស្រ្តីក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម ដែលជាផ្នែកមួយក្នុងការអភិវឌ្ឍកំណើនសេដ្ឋកិច្ចកម្ពុជា។ ជាក់ស្តែងណាស់ កម្មវិធីស្រ្តីក្នុងវិស័យអាជីវកម្ម គឺត្រូវបានបង្កើតឡើងសម្រាប់ គាំទ្រដល់ស្រ្តីជាពិសេសក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម ក្នុងការទទួលបាននូវសេវាហិរញ្ញវត្ថុ និងមិនមែនសេវាហិរញ្ញវត្ថុដែលមានភាពសមស្របមួយ។ បន្ថែមពីនេះផងដែរ កម្មវិធីនេះ គឺស្របតាមបេសកកម្មរបស់យើងដែលផ្តោតសំខាន់លើ Finance the Future of Cambodia ក្នុងការពង្រីកលទ្ធភាពរបស់យើងទៅកាន់អ្នកដែលមិនមាន ឬមានកម្រិតក្នុងការចូលទៅប្រើ ប្រាស់វិស័យធនាគារផ្លូវការ។
នៅកម្រិតក្រុមប្រឹក្សាភិបាល យើងប្តេជ្ញាចិត្តខ្ពស់ចំពោះតម្លៃស្នូលរបស់យើងនៃ 'ការកសាងនិរន្តរភាព' ហើយនឹងប្រកាន់ខ្ជាប់នូវគោលការណ៍ហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពកម្ពុជា (CSFP) ដើម្បីយកចិត្តទុកដាក់លើបញ្ហាបរិស្ថាន និងសង្គមក្នុងការអភិវឌ្ឍន៍យុទ្ធសាស្ត្ររបស់ធនាគាររបស់យើង។ ដូច្នេះហើយ កាលពីខែធ្នូ ឆ្នាំ២០២១ ធនាគារ ស្ថាបនា បានឧបត្ថម្ភសកម្មភាពការងារសង្គម 'ដាំដើមឈើ និងទីក្រុងស្អាត' ក្នុងគោលបំណងបង្កើតបរិយាកាសស្រស់បំព្រង និងពណ៌បៃតងតាមរយៈការដាំដើមឈើ។
ខ្ញុំសូមធ្វើការទទួលស្គាល់ នូវសមិទ្ធផលយ៉ាងល្អប្រពៃដែលយើងទទួលបាននូវពានរង្វាន់ "ក្រុមហ៊ុនល្អបំផុតសម្រាប់ធ្វើការនៅអាស៊ី ប្រចាំឆ្នាំ២០២១" និងពានរង្វាន់ "និយោជកល្អជាងគេនៅកម្ពុជា ប្រចាំឆ្នាំ២០២១" ដែលចេញដោយ the 16th Employer Branding Institute of India។ ការទទួលស្គាល់នេះបានបង្ហាញយ៉ាងច្បាស់ពីការពេញចិត្ត និងការចូលរួមយ៉ាងសកម្មពីសំណាក់បុគ្គលិករបស់ ធនាគារ ស្ថាបនា។
យោងតាមធនាគារអភិវឌ្ឍន៍អាស៊ីកម្ពុជា (ADB) បានព្យាករណ៍ថា សេដ្ឋកិច្ចរបស់កម្ពុជានឹងកើនឡើង ៥.៣% នៅឆ្នាំ ២០២២ និង ៦.៥% នៅឆ្នាំ ២០២៣ ដោយសារការនាំចេញទំនិញខ្លាំង និងលំហូរវិនិយោគផ្ទាល់ពីបរទេសមានការកើនឡើង និងជះឥទ្ធិពលជាវិជ្ជមានដល់វិស័យធនាគារ និងបន្ថយឥទ្ធិពលនៃសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន លើកំណើនសេដ្ឋកិច្ចពិភពលោក និងកាត់បន្ថយប្រាក់ចំណូលដែលអាចប្រើប្រាស់បានដោយសារអតិផរណាពិភពលោកនៅឆ្នាំនេះ។ ទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរទីផ្សារ និងបញ្ហាប្រឈមនៅតែត្រូវបានចងភ្ជាប់នឹងកើតមានឡើង នៅពេលដែលសេដ្ឋកិច្ចឆ្លងកាត់ការងើបឡើងវិញពីសម្ពាធផ្នែកហិរញ្ញវត្ថុដែលកើតឡើងដោយសារតែវិបត្តិកូវីដ១៩។
ខ្ញុំជឿជាក់ថាធនាគារ ស្ថាបនា មានគោលជំហររឹងមាំក្នុងការជម្នះបញ្ហាប្រឈមតាមរយៈការចាប់យកគំនិតច្នៃប្រឌិតថ្មីៗស្របពេលដែលយើងបន្តពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ដំណើរការ និងធនធានមនុស្ស។ សំខាន់ជាងនេះទៅទៀត យើងប្រកាន់ខ្ជាប់គុណតម្លៃស្នូលរបស់យើងរួមមាន៖ សេវាកម្មល្អឥតខ្ចោះ ធនធានជាចម្បង គំនិតថ្មី និងការកសាងនិរន្តភាព ដើម្បីបង្កើតតម្លៃរយៈពេលវែងសម្រាប់ម្ចាស់ភាគហ៊ុន និងភាគីពាក់ព័ន្ធរបស់យើង។
ក្នុងនាមជាក្រុមប្រឹក្សាភិបាលនៃធនាគារ ស្ថាបនា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបុគ្គលិករបស់ ធនាគារ ស្ថាបនា និងក្រុមការងារជាង ៤.០០០នាក់ ក្នុងការប្តេជ្ញាចិត្ត ភក្តីភាព និងភាពប៉ិនប្រសប់។ ទន្ទឹមនឹងនេះផងដែរ សូមថ្លែងអំណរគុណចំពោះអតិថិជន ដៃគូអាជីវកម្ម រាជរដ្ឋាភិបាល និងធនាគារជាតិ នៃកម្ពុជា ដែលតែងតែគាំទ្រ និងមានទំនុកចិត្តលើការដឹកនាំរបស់ធនាគារ ស្ថាបនា។
ដោយក្តីគោរពអំពីខ្ញុំ
បណ្ឌិត HAN Chang-Woo
ប្រធានក្រុមប្រឹក្សាភិបាល