
បណ្ឌិត HAN CHANG-WOO
ប្រធានក្រុមប្រឹក្សាភិបាល
លោកបណ្ឌិត HAN Chang-Woo ជាស្ថាបនិកនិងជាប្រធានក្រុមហ៊ុន MARUHAN Corporation ក្នុងប្រទេសជប៉ុនដែលកំពុងធ្វើការផ្គត់ផ្គង់ និងរៀបចំសម្ភារៈកំសាន្តជាច្រើនប្រភេទ។ លោកបានបង្កើតក្រុមហ៊ុន MARUHAN Corporation ក្នុងឆ្នាំ១៩៥៧ និងបានធ្វើអោយអាជីវកម្មមួយនេះមានការវិវឌ្ឍយ៉ាងលឿនដែលបានទទួលចំណូលសាច់ប្រាក់ក្នុងការលក់សរុបជាង ២៥ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ក្រុមហ៊ុន MARUHAN Corporation ត្រូវបានស្គាល់ថា ជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យឧស្សាហកម្មក្នុងប្រទេសជប៉ុន។ អាជីវកម្មនៃក្រុមហ៊ុនរបស់លោកមានការរីកចំរើនលូតលាស់ និងទទួលបានជោគជ័យជាបន្តបន្ទាប់គឺបានមកពីការខិតខំអស់ពីកម្លាំងកាយចិត្តរបស់លោកក្នុងការបំពេញតាមតម្រូវការរបស់អតិថិជន និងស្មារតីប្រកួតប្រជែងខ្ពស់របស់លោក។ បច្ចុប្បន្ន លោកកំពុងចូលរួមក្នុងសមាគមន៍មួយចំនួន និងកំពុងបម្រើការជាប្រធានរដ្ឋបាលរបស់ក្រុមហ៊ុន Han Chang-Woo Tetsu Cultural Foundation និងជាប្រធានសមាគមន៍ Kyoto UNESCO Association ជាមន្ត្រីរដ្ឋបាលរបស់សមាគមន៍ Kyoto Chapter United Nations Association of Japan និងជាប្រធាន Tokyo Philharmonic។ លោកបានទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចនយោបាយពីសាកលវិទ្យាល័យ HOSEI University ក្នុងឆ្នាំ១៩៥៣។

លោក HAN YU
អភិបាល
លោក HAN Yu ជាប្រធាន និងជាប្រធាននាយកប្រតិបត្តិផ្នែកប្រតិបត្តិការក្រុមហ៊ុន MARUHAN Corporation ដែលបានដឹកនាំបុគ្គលិក ១៥.០០០នាក់ និងរក្សារក្រុមហ៊ុន MARUHAN Corporation ជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យសេវាកម្មកំសាន្តលំដាប់ថ្នាក់ពិភពលោក។ លោកបានចូលបំរើការងារក្នុងក្រុមហ៊ុន MARUHAN Corporation ក្នុងឆ្នាំ១៩៩០ ដោយបានបំរើការងារក្នុងតួនាទីសំខាន់ៗមួយចំនួនដូចជានាយកប្រតិបត្តិផ្នែកជំនួញ និងជានាយកគ្រប់គ្រង។ លោកត្រូវបានតែងតាំងជានាយករងក្នុងឆ្នាំ ២០០៦ និងជានាយកក្នុងឆ្នាំ២០០៨។ លោកបានទទួលសញ្ញាបត្របរិញ្ញាបត្រផ្នែកសិល្បៈពីសាកលវិទ្យាល័យ HOSEI ក្នុងឆ្នាំ១៩៨៨។

លោក HAN KEN
អភិបាល
លោក HAN Ken បានចូលរួមជាមួយក្រុមហ៊ុន MARUHAN Corporation ក្នុងឆ្នាំ២០០០។ ចាប់តាំងពីលោកត្រូវបានតែងតាំងជាអភិបាលក្នុងក្រុមហ៊ុន MARUHAN Corporation ក្នុងឆ្នាំ២០០៧ និងជានាយកប្រតិបត្តិនៅឆ្នាំ២០១៤ កន្លងមកលោកទទួលបន្ទុកផ្នែកគណនេយ្យ និងហិរញ្ញវត្ថុរបស់ក្រុមហ៊ុន MARUHAN Corporation ដែលបានពង្រីកប្រតិបត្តិការរបស់ខ្លួននៅពាសពេញពិភពលោក។ លោកក៏បានបម្រើការក្នុងសកម្មភាពក្រុមអាជីវកម្ម នៅតាមបណ្តាប្រទេសអាស៊ានផងដែរ ក្នុងតួនាទីជា អភិបាល និង ជាប្រធាននាយកប្រតិបត្តិរបស់ក្រុមហ៊ុន MARUHAN INVESTMENT ASIA PTE. LTD., ដែលមានការិយាល័យកណ្តាលរបស់ MARUHAN Japan ASEAN Financial Group ស្ថិតនៅក្នុងប្រទេសសិង្ហបុរី និងជាអភិបាលរបស់ Sathapana Limited Myanmar និងជាអភិបាល Maruhan Japan Bank Lao។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកច្បាប់ពីសាកលវិទ្យាល័យ DOSHISHA ក្នុងឆ្នាំ១៩៩៧។

ឯកឧត្តម SHINOHARA KATSUHIRO
អភិបាលឯករាជ្យ
ឯកឧត្តម SHINOHARA Katsuhiro ធ្លាប់មានប្រវត្តិជាមួយប្រទេសកម្ពុជាជាង៤០ឆ្នាំកន្លងមកហើយ។ មុនពេលដែលលោកបានបម្រើការជាមន្ត្រីលេខាទូតប្រចាំស្ថានទូតជប៉ុននៅកម្ពុជា លោកបានមកដល់ប្រទេសកម្ពុជាមុនដំបូងនៅឆ្នាំ ១៩៦៧ ក្នុងនាមជាមន្ត្រីទូតរបស់ប្រទេសជប៉ុន និងបានចំណាយពេល២ឆ្នាំ ដំបូងក្នុងវត្តឧណ្ណាលោមក្នុងរាជធានីភ្នំពេញដែលក្នុងនោះលោកបានចំណាយពេល៧ខែ បួសជាព្រះសង្ឃដើម្បីសិក្សាភាសា និងវប្បធម៌ខ្មែរ។ បន្ទាប់ មកលោកបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាចំនួន២លើកទៀត ក្នុងនាមអគ្គទីប្រឹក្សាស្ថានទូតជប៉ុន ក្នុងរយៈពេល៣ឆ្នាំម្តងៗ (ពីឆ្នាំ ១៩៩១-១៩៩៤ និង ២០០១-២០០៤)។ លោកបានបង្កើតចំណងមិត្តភាពជាមួយប្រទេសកម្ពុជាយ៉ាងរឹងមាំ ដោយបានបម្រើការជាឯកអគ្គរាជទូតជប៉ុន ប្រចាំប្រទេសកម្ពុជាចាប់ពីឆ្នាំ ២០០៧ រហូតដល់ឆ្នាំ ២០០៩។ បច្ចុប្បន្ន លោកជាអភិបាលឯករាជ្យរបស់ ម៉ារ៉ូហាន់ ធនាគារជប៉ុន ហើយលោកក៏ជាអនុប្រធានអង្គការ NGO CIESF Japan (Cambodia International Education Support Foundation) ដែលមានតួនាទីជាប្រធានការិយាល័យតំណាងប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមានទីតាំងនៅរាជធានីភ្នំពេញ។

លោក ហ៊ុន មុន្នីវណ្ណ
អភិបាលឯករាជ្យ
លោក ហ៊ុន មុន្នីវណ្ណ បានបញ្ចប់បរិញ្ញាប័ត្រគ្រប់គ្រង ជំនាញគណនេយ្យ ពីសាកលវិទ្យាល័យ វេទមហាឬស្សី (MVU) នៅឆ្នាំ១៩៩៧។ បច្ចុប្បន្ន លោក មុន្នីវណ្ណ ជាប្រធានគណៈកម្មការសវនកម្ម និងជាអភិបាលឯករាជ្យ នៃ ធនាគារ ស្ថាបនា ភីអិលស៊ី (Sathapana Bank Plc.) និងជាសមាជិកនៃវិទ្យាស្ថានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអូស្ត្រាលី (AICD)។ លោក មុន្នីវណ្ណ មានបទពិសោធន៍វិជ្ជាជីវៈធុរកិច្ចជាង២០ឆ្នាំ ដែលក្នុងនោះជិត១៥ឆ្នាំកន្លងមកនេះ គាត់បានបំពេញការងារជាក្រុមប្រឹក្សាភិបាលសំរាប់ក្រុមហ៊ុនជាតិ និងអន្តរជាតិជាច្រើន។ លោក មុន្នីវណ្ណ បានចាប់ផ្តើមអាជីពការងាររបស់គាត់ជាសវនករ នៅ ក្រុមហ៊ុនសវនកម្ម អឺនអែនយ៉ាំងខេមបូឌា (E&Y Cambodia) អស់រយៈពេល៣ឆ្នាំ និង៨ឆ្នាំទៀត ជានាយកហិរញ្ញវត្ថុ និងជាក្រុមប្រឹក្សាភិបាលក្រុមហ៊ុនសិប្បករអង្គរ។ នៅឆ្នាំ២០០៦ លោក មុន្នីវណ្ណ បានចាប់ផ្តើមការងារជាអភិបាលឯករាជ្យ និងជាប្រធានគណៈកម្មការសវនកម្ម គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស្ថាបនា លីមីតធីត (Sathapana Limited) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រៅពីនេះ លោក ហ៊ុន មុន្នីវណ្ណ បច្ចុប្បន្ន ក៏ជាក្រុមប្រឹក្សាភិបាលឯករាជ្យ និងជាប្រធានគណៈកម្មការសវនកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ដែលជាក្រុមហ៊ុនបោះផ្សាយមូលប័ត្រ នៅលើទីផ្សារភាគហ៊ុនកម្ពុជា ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនភិតិសន្យាមេហ្គាលីស៊ីង ភីអិលស៊ី (Mega Leasing Plc.) ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអេផ្លឺសខនសាល់ធីង (APlus Consulting Co., Ltd.) ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អឹមវីយូ អិនវេសមេន ភីអិលស៊ី (MVU Investment Plc.) ជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនស៊ីអាយស៊ី អិនវេសមេន ភីអិលស៊ី (CIC Investment Plc.) និងជាអនុប្រធានសភាពាណិជ្ជកម្មមណ្ឌលសៀមរាប ឧត្តរមានជ័យ។

លោក គិម វ៉ាដា
អភិបាលឯករាជ្យ
លោក គិម វ៉ាដា មានបទពិសោធន៍ការងាររយៈពេលជាង៣៧ឆ្នាំនៅធនាគារជាតិនៃកម្ពុជាដោយចាប់ផ្តើមពីតំណែងជាប្រធានការិយាល័យនៅសាខាខេត្តកណ្តាលរបស់ធនាគារជាតិនៃកម្ពុជារហូតក្លាយជាអគ្គនាយកនៃអគ្គនាយកដ្ឋានត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជា។ ក្នុងអំឡុងពេលបំពេញការងារនៅធនាគារជាតិ លោកបានទទួលបន្ទុក និងមុខតំណែងជាថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនជាមួយនឹងបទពិសោធដ៏ទូលំទូលាយក្នុងវិស័យធនាគារដោយរួមបញ្ចូលទាំងផ្នែកគ្រប់គ្រងហានិភ័យ (ហានិភ័យទីផ្សារឥណទានសន្ទនីយភាព និងប្រតិបត្តិការជាដើម) អភិបាលកិច្ច និងយុទ្ធសាស្រ្តអាជីវកម្ម។ លោក បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំប្រព័ន្ធធនាគារនៅកម្ពុជាឡើងវិញយ៉ាងជោគជ័យ ក្នុងអំឡុងទសវត្សន៍ឆ្នាំ២០០០ក្នុងការបង្កើតឲ្យមានប្រព័ន្ធធនាគារមួយដែលមានលក្ខណៈប្រកួតប្រជែង និងប្រកបដោយសុវត្ថិភាពក្រោមការត្រួតពិនិត្យ និងគ្រប់គ្រងបានយ៉ាងល្អព្រមទាំងបានបង្កើតឲ្យមានការកេណ្ឌប្រមូលប្រាក់បញ្ញើយ៉ាងមានប្រសិទ្ធភាពសម្រាប់ផ្តល់ហិរញ្ញប្បទាន ដើម្បីជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជា។ លោក គិម វ៉ាដា ទទួលបានបរិញ្ញាបត្រច្បាប់ ក្នុងឆ្នាំ១៩៧៥បរិញ្ញាបត្រធនាគារក្នុងឆ្នាំ១៩៨៥ និងអនុបណ្ឌិតផ្នែកគ្រប់គ្រងធុរៈកិច្ចជំនាញហិរញ្ញវត្ថុពីសាកលវិទ្យាល័យឆាលស្ទឺតប្រទេសអូស្ត្រាលីក្នុងឆ្នាំ២០០៣។ លោក គិម វ៉ាដា ធ្លាប់ធ្វើជាសាស្រ្តាចារ្យ និងជាវាគ្មិន នៅសាកលវិទ្យាល័យល្បីៗមួយចំនួននៅប្រទេសកម្ពុជា។ លើសពីនេះ ក្នុងអំឡុងពេល១០ឆ្នាំ ចុងក្រោយនេះលោក បានចូលរួមយ៉ាងសកម្ម ក្នុងនាមជាវាគ្មិនក្នុងសន្និសីទ និងសិក្ខាសាលាជាតិ និងអន្តរជាតិជាច្រើនដែលទាក់ទងនឹង ក្របខណ្ឌបទប្បញ្ញត្តិត្រួតពិនិត្យនិងការត្រួតពិនិត្យគ្រឹះស្ថានធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រមទាំងសេវាធនាគារចល័ត ក៏ដូចជាបរិយាប័ន្នហិរញ្ញវត្ថុ។ ចំពោះការងារអន្តរជាតិ លោកបានទទួលបន្ទុកជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមឥណទានកសិកម្មនិងជនបទតំបន់អាស៊ីប៉ាស៊ីហ្វិក (APRACA) ពីខែកក្កដា ឆ្នាំ២០១២ ដល់ខែមិថុនា ឆ្នាំ២០១៤និងជាសមាជិកប្រតិបត្តិនៃសហព័ន្ធបរិយាប័ន្នហិរញ្ញវត្ថុ (AFI) ពីខែមករា ឆ្នាំ២០១៥ដល់ខែមិថុនា ឆ្នាំ២០១៧។