អំពីធនាគារ ស្ថាបនា

ម្ចាស់ក្រុមហ៊ុនផ្ទាល់របស់ ធនាគារ ស្ថាបនា ភីអិលស៊ី គឺជាសាជីវកម្ម ម៉ារ៉ូហាន់ របស់ជប៉ុន​ដែល​បាន​​បង្កើត​ឡើង​តាំង​ពីខែឧសភា ឆ្នាំ១៩៧៥ ដោយលោក បណ្ឌិត Han Chang-Woo ប្រធានក្រុមប្រឹក្សាភិបាល​ ហើយបច្ចុប្បន្នគឺ​ជាក្រុមហ៊ុន​ពហុ​កំសាន្ត​ឈានមុខគេក្នុង​​ប្រទេស​ជប៉ុន។ នាពាក់កណ្ដាលទស្សវត្សឆ្នាំ២០០០ លោក បណ្ឌិត  Han Chang-Woo បាន​ធ្វើកំណើរ​ទស្សន​កិច្ច​ នៅតាមបណ្ដា​ប្រទេស​មួយ​ចំនួនក្នុង​​តំបន់អាស៊ីអាគ្នេយ៍​​ដើម្បីសិក្សា​ស្វែងយល់​​ពីសក្ដានុពល​ និង​ឱ​កាស​​​​អាជីវកម្មថ្មីៗក្នុងគោលបំណង​​បង្កើន​​សេដ្ឋកិច្ច និងជួយប្រជា​​ពលរ​ដ្ឋរបស់​ប្រទេស​ទាំងនោះ​អោយ​​មាន​​ជីវភាព​ប្រសើរឡើង។ លោកបណ្ឌិត Han Chang-Woo មាន​​បទពិសោធន៍ក្នុងកំឡុងពេលដែលប្រទេសជប៉ុន ចាប់ផ្តើម​មាន​ភាពរីក​ចំរើន​ពីទស្សវត្សឆ្នាំ ១៩៥០ រហូតដល់បច្ចុប្បន្ន។ គាត់បាន​ជួប​ប្រាស័្រយ​​ទាក់ទងជាមួយ​មន្រ្តីរដ្ឋាភិបាល​ជាន់ខ្ពស់ និងពាណិជ្ជករដើម្បី​ទទួល​បាននូវ​យោបល់ និងការពិភាក្សា​ផ្សេងៗ។ លោកបណ្ឌិត​បានចាប់​អារម្មណ៍​ជាពិសេស​ចំពោះប្រទេសកម្ពុជា ហើយគាត់មានអារម្មណ៍ថា ប្រទេសកម្ពុជាមាន​សក្ដា​នុពល​ បន្ទាប់ពីបានឆ្លងកាត់​បទពិសោធន៍​ដ៏លំបាក​បំផុតក្នុង​សម័យ​សង្រ្គាម​ស៊ីវិល។ លោក បណ្ឌិត យល់ឃើញថា​ការបង្កើតធនាគារពាណិជ្ជ​ជាមួយ​នឹងការ​ធ្វើបដិ​សណ្ឋារកិច្ច​តាមបែបជប៉ុន ពិតជាអាចជួយ និងចូល​រួម​​ចំណែកក្នុងការ​អភិវឌ្ឍន៍​​ភាព​រីក​ចំ​រើន​​របស់ប្រទេស​កម្ពុជា។

ដោយហេតុនេះ លោកបណ្ឌិត  Han Chang-Woo បានបង្កើត ម៉ារ៉ូហាន់ ធនាគារ​ជប៉ុន ភីអិលស៊ី ក្នុងខែឧសភា ឆ្នាំ២០០៨  ដែលជាធនាគារ​ពាណិជ្ជ​ទីមួយ​ដែល​គ្រប់គ្រង​ដោយជនជាតិជប៉ុន ក្នុងគោលបំណង​ចូលរូមអភិវឌ្ឃន៍ និងលើក​ស្ទួយ​ប្រទេស​កម្ពុជា​តាមរយៈការផ្ដល់នូវសេវាធនាគារ​សម្បូបែប និងការវិ​និយោគ​ពីប្រទេសជប៉ុន។ ទស្សនៈ​​វិស័យ​របស់គាត់ គឺជួយគាំទ្រ​ប្រជាជន​កម្ពុជាដែល​ខិតខំ​ចូល​រួម​​ក្នុង​ការ​អភិវឌ្ឃ​ន៏សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ ក្នុង​ស្មារតីប្រកួត​ប្រជែង​ដោយមិន​ផ្ដេកផ្ដួល ឬទទួលយកនូវស្ថាន​ភាពបច្ចុប្បន្ន​នោះ​​ឡើយ។ ដើម្បី​ គាំទ្រ​អោយ​ពេញ​លេញ​ដល់ប្រជាជនកម្ពុជា ម៉ារ៉ូហាន់ ធនាគារជប៉ុន ជាធនា​គារ​ពា​ណិជ្ជ​ទីមួយ​​ដែល​ផ្ដល់កម្ចី​មិនមាន​​ទ្រព្យ​បញ្ចាំ​ដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។​

ឱកាសបានលេច​ឡើងក្នុងខែធ្នូ ឆ្នាំ២០១២ ដែលអាចអនុញ្ញាតិអោយ ម៉ារ៉ូហាន់ ធនាគារជប៉ុន ភីអិលស៊ី មានលទ្ធភាពទិញយកភាគហ៊ុនរបស់ ស្ថាបនា លីមីតធីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ឈានមុខ​គេក្នុង​ប្រទេសកម្ពុជា។ ស្ថាបនា លីមីតធីត ត្រូវបានបង្កើតឡើង​ដំបូង​ក្នុង​នាម​ជា អង្គការក្រៅរដ្ឋាភិបាល (NGO) ក្នុងឆ្នាំ១៩៩៥ ហើយក្នុងពេលដែល ម៉ារ៉ូហាន់ ធនាគារជប៉ុន ទិញយក​ភាគហ៊ុន​របស់ស្ថាបនា ដែលជាគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​​​ទទួល​ប្រាក់បញ្ញើ ដែលអាច​​​ផ្ដល់សេវាកម្ចីដល់ប្រជាជន​ដែលមានចំណូលទាបនៅ​ទូទាំងប្រទេស​ជាមួយ​នឹង​ការចូលរួមអភិវឌ្ឃន៏ និងលើកស្ទួយ​សេដ្ឋ​កិច្ច​ប្រទេស​កម្ពុជា​តាមរយៈ​សាខាចំនួន ១៤០ និងការិយាល័យ​ផ្ដល់សេវា​របស់​ខ្លួន​ជាច្រើន​ផ្សេងទៀត​នៅ​ទូទាំង​ប្រទេស។

ម៉ារ៉ូហាន់ ធនាគារជប៉ុន បានកំពុងផ្ដោតសំខាន់លើការផ្ដល់ផលិតផល និងសេវា​ធនាគារ​ពាណិជ្ជ ដែលមាន​គោល​បំណង​ពង្រឹកប្រតិបត្តិការ​របស់ខ្លូន​ទូទាំង​ប្រទេស។ ជាមួយគ្នានេះដែរ ស្ថាបនា លីមីតធីត បានកំពុងផ្ដោត​សំខាន់​លើសេវា និងផលិតផល​មីក្រូហិរញ្ញវត្ថុទៅប្រជាជន​ដែលមាន​ចំណូលទាប​នៅទូទាំង​ប្រទេស ដោយមានគោល​​បំណងក្លាយ​​​ជា​ធនា​គារពាណិជ្ជពេញលេញ។ លោកបណ្ឌិត  Han Chang-Woo ប្រធានក្រុមប្រឹក្សាភិបាល​បាន យល់ឃើញ​ពីភាព​ស្រដៀងគ្នា​នៃសក្តានុពល និងគោលដៅរួមរបស់ម៉ារ៉ូហាន់ ធនាគារជប៉ុន និងស្ថាបនា លីមីតធីត ដែលអាចបំពេញអោយគ្នាទៅវិញទៅមកបាន ក៏លោក​បាន​សម្រេចចិត្ត​ធ្វើការរួមបញ្ចូលគ្នា​រវាងស្ថាប័នទាំងពីរ​ដើម្បីកំលាយខ្លួនជា ធនាគារ​ពាណិជ្ជថ្មីមួយ។

អាស្រ័យដោយការរួមបញ្ជូល​គ្នារវាងគ្រឹះស្ថាន​ហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ពុំធ្លាប់​មាន​ប្រវត្តិពីមុនមក និងឆ្លងកាត់​ការពិគ្រោះ​​យោល​​​បល់​​ជា​ច្រើនជាមួយ ធនាគារជាតិ នៃកម្ពុជា និងស្ថាប័នរបស់រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ ធនាគារ ស្ថាបនា ភីអិលស៊ី ត្រូវបានបង្កើតឡើងដោយជោគជ័យក្នុងខែ មេសា ឆ្នាំ២០១៦ ជាមួយនឹង​ដើមទុនចុះបញ្ជី ១២០ លានដុល្លារសហរ​ដ្ឋ​​អាមេរិក មានសាខាចំនួន ១៦០ មានម៉ាស៊ីន អេធីអឹម ៧៣ និងបុគ្គលិកចំនួន ៣៤៥៨ នាក់។ ធនាគារ​ពាណិជ្ជ​ដែល​បានរួមបញ្ចូលគ្នាថ្មី បានបង្កើតឡើងដើម្បីផ្តល់​សេវាកម្មធនាគារ​ប្រកប​ដោយ​ភាពជឿជាក់ ក្នុងនាមជាធនាគាររបស់​ប្រជាជន​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា និងបំពាក់សក្ដានុពលដល់សហគ្រិន ព្រមទាំងបង្កើត​ឲ្យមាន​ឱកាសការងារ​ដើម្បីបង្កើត​អាជីវកម្ម និងលើកកំពស់ជីវភាពរស់នៅរបស់ពួកគេ​តាមរយៈការទទួលយក​បាន​នូវសេវា​កម្មហិរញ្ញវត្ថុ​ដែលមានស្ថេរភាព។

ទិសដៅរបស់លោកបណ្ឌិត  Han Chang-Woo ប្រធានក្រុមប្រឹក្សាភិបាល មានភាពច្បាស់លាស់គឺ “យើងនឹង​បន្ដ​លើកតម្កើនកម្រិតនៃការពេញចិត្ត​របស់​អតិថិជន និងពង្រីកអាជីវកម្ម​របស់ពួក​យើង​ជាមួយ​នឹងគំនិត​ឆ្នៃប្រឌិត និងស្មារតីជាអ្នកដឹកនាំ។ យើង​មាន​​គោល​បំណងក្លាយជា​ធានាគារពាណិជ្ជ​ឈានមុនគេ​ក្នុង​ប្រទេស​កម្ពុជា”។