អំពីធនាគារ ស្ថាបនា
ម្ចាស់ក្រុមហ៊ុនផ្ទាល់របស់ ធនាគារ ស្ថាបនា ភីអិលស៊ី គឺជាសាជីវកម្ម ម៉ារ៉ូហាន់ របស់ជប៉ុនដែលបានបង្កើតឡើងតាំងពីខែឧសភា ឆ្នាំ១៩៧៥ ដោយលោក បណ្ឌិត Han Chang-Woo ប្រធានក្រុមប្រឹក្សាភិបាល ហើយបច្ចុប្បន្នគឺជាក្រុមហ៊ុនពហុកំសាន្តឈានមុខគេក្នុងប្រទេសជប៉ុន។ នាពាក់កណ្ដាលទស្សវត្សឆ្នាំ២០០០ លោក បណ្ឌិត Han Chang-Woo បានធ្វើកំណើរទស្សនកិច្ច នៅតាមបណ្ដាប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីសិក្សាស្វែងយល់ពីសក្ដានុពល និងឱកាសអាជីវកម្មថ្មីៗក្នុងគោលបំណងបង្កើនសេដ្ឋកិច្ច និងជួយប្រជាពលរដ្ឋរបស់ប្រទេសទាំងនោះអោយមានជីវភាពប្រសើរឡើង។ លោកបណ្ឌិត Han Chang-Woo មានបទពិសោធន៍ក្នុងកំឡុងពេលដែលប្រទេសជប៉ុន ចាប់ផ្តើមមានភាពរីកចំរើនពីទស្សវត្សឆ្នាំ ១៩៥០ រហូតដល់បច្ចុប្បន្ន។ គាត់បានជួបប្រាស័្រយទាក់ទងជាមួយមន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់ និងពាណិជ្ជករដើម្បីទទួលបាននូវយោបល់ និងការពិភាក្សាផ្សេងៗ។ លោកបណ្ឌិតបានចាប់អារម្មណ៍ជាពិសេសចំពោះប្រទេសកម្ពុជា ហើយគាត់មានអារម្មណ៍ថា ប្រទេសកម្ពុជាមានសក្ដានុពល បន្ទាប់ពីបានឆ្លងកាត់បទពិសោធន៍ដ៏លំបាកបំផុតក្នុងសម័យសង្រ្គាមស៊ីវិល។ លោក បណ្ឌិត យល់ឃើញថាការបង្កើតធនាគារពាណិជ្ជជាមួយនឹងការធ្វើបដិសណ្ឋារកិច្ចតាមបែបជប៉ុន ពិតជាអាចជួយ និងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ភាពរីកចំរើនរបស់ប្រទេសកម្ពុជា។
ដោយហេតុនេះ លោកបណ្ឌិត Han Chang-Woo បានបង្កើត ម៉ារ៉ូហាន់ ធនាគារជប៉ុន ភីអិលស៊ី ក្នុងខែឧសភា ឆ្នាំ២០០៨ ដែលជាធនាគារពាណិជ្ជទីមួយដែលគ្រប់គ្រងដោយជនជាតិជប៉ុន ក្នុងគោលបំណងចូលរូមអភិវឌ្ឃន៍ និងលើកស្ទួយប្រទេសកម្ពុជាតាមរយៈការផ្ដល់នូវសេវាធនាគារសម្បូបែប និងការវិនិយោគពីប្រទេសជប៉ុន។ ទស្សនៈវិស័យរបស់គាត់ គឺជួយគាំទ្រប្រជាជនកម្ពុជាដែលខិតខំចូលរួមក្នុងការអភិវឌ្ឃន៏សេដ្ឋកិច្ចប្រទេសកម្ពុជា ក្នុងស្មារតីប្រកួតប្រជែងដោយមិនផ្ដេកផ្ដួល ឬទទួលយកនូវស្ថានភាពបច្ចុប្បន្ននោះឡើយ។ ដើម្បី គាំទ្រអោយពេញលេញដល់ប្រជាជនកម្ពុជា ម៉ារ៉ូហាន់ ធនាគារជប៉ុន ជាធនាគារពាណិជ្ជទីមួយដែលផ្ដល់កម្ចីមិនមានទ្រព្យបញ្ចាំដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។
ឱកាសបានលេចឡើងក្នុងខែធ្នូ ឆ្នាំ២០១២ ដែលអាចអនុញ្ញាតិអោយ ម៉ារ៉ូហាន់ ធនាគារជប៉ុន ភីអិលស៊ី មានលទ្ធភាពទិញយកភាគហ៊ុនរបស់ ស្ថាបនា លីមីតធីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា។ ស្ថាបនា លីមីតធីត ត្រូវបានបង្កើតឡើងដំបូងក្នុងនាមជា អង្គការក្រៅរដ្ឋាភិបាល (NGO) ក្នុងឆ្នាំ១៩៩៥ ហើយក្នុងពេលដែល ម៉ារ៉ូហាន់ ធនាគារជប៉ុន ទិញយកភាគហ៊ុនរបស់ស្ថាបនា ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ដែលអាចផ្ដល់សេវាកម្ចីដល់ប្រជាជនដែលមានចំណូលទាបនៅទូទាំងប្រទេសជាមួយនឹងការចូលរួមអភិវឌ្ឃន៏ និងលើកស្ទួយសេដ្ឋកិច្ចប្រទេសកម្ពុជាតាមរយៈសាខាចំនួន ១៤០ និងការិយាល័យផ្ដល់សេវារបស់ខ្លួនជាច្រើនផ្សេងទៀតនៅទូទាំងប្រទេស។
ម៉ារ៉ូហាន់ ធនាគារជប៉ុន បានកំពុងផ្ដោតសំខាន់លើការផ្ដល់ផលិតផល និងសេវាធនាគារពាណិជ្ជ ដែលមានគោលបំណងពង្រឹកប្រតិបត្តិការរបស់ខ្លូនទូទាំងប្រទេស។ ជាមួយគ្នានេះដែរ ស្ថាបនា លីមីតធីត បានកំពុងផ្ដោតសំខាន់លើសេវា និងផលិតផលមីក្រូហិរញ្ញវត្ថុទៅប្រជាជនដែលមានចំណូលទាបនៅទូទាំងប្រទេស ដោយមានគោលបំណងក្លាយជាធនាគារពាណិជ្ជពេញលេញ។ លោកបណ្ឌិត Han Chang-Woo ប្រធានក្រុមប្រឹក្សាភិបាលបាន យល់ឃើញពីភាពស្រដៀងគ្នានៃសក្តានុពល និងគោលដៅរួមរបស់ម៉ារ៉ូហាន់ ធនាគារជប៉ុន និងស្ថាបនា លីមីតធីត ដែលអាចបំពេញអោយគ្នាទៅវិញទៅមកបាន ក៏លោកបានសម្រេចចិត្តធ្វើការរួមបញ្ចូលគ្នារវាងស្ថាប័នទាំងពីរដើម្បីកំលាយខ្លួនជា ធនាគារពាណិជ្ជថ្មីមួយ។
អាស្រ័យដោយការរួមបញ្ជូលគ្នារវាងគ្រឹះស្ថានហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ពុំធ្លាប់មានប្រវត្តិពីមុនមក និងឆ្លងកាត់ការពិគ្រោះយោលបល់ជាច្រើនជាមួយ ធនាគារជាតិ នៃកម្ពុជា និងស្ថាប័នរបស់រដ្ឋាភិបាលដែលពាក់ព័ន្ធ ធនាគារ ស្ថាបនា ភីអិលស៊ី ត្រូវបានបង្កើតឡើងដោយជោគជ័យក្នុងខែ មេសា ឆ្នាំ២០១៦ ជាមួយនឹងដើមទុនចុះបញ្ជី ១២០ លានដុល្លារសហរដ្ឋអាមេរិក មានសាខាចំនួន ១៦០ មានម៉ាស៊ីន អេធីអឹម ៧៣ និងបុគ្គលិកចំនួន ៣៤៥៨ នាក់។ ធនាគារពាណិជ្ជដែលបានរួមបញ្ចូលគ្នាថ្មី បានបង្កើតឡើងដើម្បីផ្តល់សេវាកម្មធនាគារប្រកបដោយភាពជឿជាក់ ក្នុងនាមជាធនាគាររបស់ប្រជាជនក្នុងព្រះរាជាណាចក្រកម្ពុជា និងបំពាក់សក្ដានុពលដល់សហគ្រិន ព្រមទាំងបង្កើតឲ្យមានឱកាសការងារដើម្បីបង្កើតអាជីវកម្ម និងលើកកំពស់ជីវភាពរស់នៅរបស់ពួកគេតាមរយៈការទទួលយកបាននូវសេវាកម្មហិរញ្ញវត្ថុដែលមានស្ថេរភាព។
ទិសដៅរបស់លោកបណ្ឌិត Han Chang-Woo ប្រធានក្រុមប្រឹក្សាភិបាល មានភាពច្បាស់លាស់គឺ “យើងនឹងបន្ដលើកតម្កើនកម្រិតនៃការពេញចិត្តរបស់អតិថិជន និងពង្រីកអាជីវកម្មរបស់ពួកយើងជាមួយនឹងគំនិតឆ្នៃប្រឌិត និងស្មារតីជាអ្នកដឹកនាំ។ យើងមានគោលបំណងក្លាយជាធានាគារពាណិជ្ជឈានមុនគេក្នុងប្រទេសកម្ពុជា”។